Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ចាប់ផ្ដើមអំពល...

ចាប់ផ្ដើមអំពល់មុខ! ហ៊ួរ សុផល ប្រកាសបិទផលិតកម្ម

បន្ទាប់ពីបានទទួលជោគជ័យក្នុងរឿង«នរណា Comeback» ផលិតកររឿងលោក ហ៊ួរ សុផល ហៅ សិរី បែរជាប្រកាសចង់បិទផលិតកម្ម និងឈប់ផលិតរឿងទៅវិញ ដោយសារតែអះអាងថាវិស័យភាពយន្តមានភាពស្មុគស្មាញរឿងលុយរឿងកាក់ដោះស្រាយលែងចង់កើត។

លោកថាភាពយន្តរបស់លោកក្រោយការទម្លាក់ចេញពីរោងច្រើនថ្ងៃមកហើយ គឹមិនទាន់អាចប្រមូលលុយកាក់បាននោះទេ ដោយបណ្ដារោងទាំងអស់លើកហេតុផលនេះលើកហេតុផលនោះ ហើយធ្វើឲ្យប្រាក់ចំណូលដែលលោកត្រូវទទួលបាន ពិបាកប្រមូលយកមកប្រើទាន់ពេល។ ក្នុងនោះបញ្ហាកាត់ពន្ធ និងបញ្ហារាំងស្ទះផ្សេងៗ ដែលធ្វើឲ្យលោកស្មុគស្មាញរឿងលុយ ក៏ធ្វើឲ្យលោកលែងចង់ផលិតរឿងបន្តទៅទៀតដែរ។ មកទល់ពេលនេះ លោកថាភាពយន្តរឿង«នរណា Comeback » មិនទាន់ទទួលបានលុយកាក់ពីបណ្ដារោងកុននៅឡើយទេ ខណ:ដែលថវិកាទាំងនោះក៏មានសភាពកាត់ពន្ធនេះកាត់ពន្ធនោះ ធ្វើឲ្យលោកឈឺក្បាល។

លោកនិយាយថា«មកទល់ថ្ងៃនឹង រឿង«នរណា Comeback» ពិបាកប្រមូលលុយមែនទែន បើកុំតែជ្រុលផលិតរឿងទី២ហើយ កុំអីឈប់ផលិតរឿងហើយ សុខចិត្តយកលុយហ្នឹងទៅធ្វើអីផ្សេងហើយ មើលទៅផលិតកុនឥឡូវស្មុគស្មាញណាស់!»។

លោកថាភាពយន្តរឿង«នរណា Comeback» របស់លោកត្រូវបានដាក់បញ្ចាំងតាំងពីដើមខែ១១ ហើយភ្លាមៗបន្ទាប់ពីរឿងនេះបានដាក់បញ្ចាំង លោកក៏បានចេញផលិតរឿង«ម៉ាដាមអាប២០១៨»មួយទៀត ដោយរឿងទាំង២ បន្ទាប់ពីបើកផលិតកម្មក្លាស៊ិកជាថ្មីនេះ ដោយគម្រោងដាក់បញ្ចាំងនៅអំឡុងខែ៣ខាងមុខនេះ។ លោក ហ៊ួរ សុផល និយាយថា បើការប្រមូលលុយក្នុងការបញ្ចាំងរឿងមានភាពស្មុគស្មាញដល់ម្លឹងនោះលោកនឹងឈប់ផលិតរឿងបន្ទាប់ពីបញ្ចប់រឿង«ម៉ាដាមអាប២០១៨»ក៏ថាបាន ក្នុងពេលដែលលោកក៏សារភាពថាការផលិតរឿងរបស់លោកក៏ពិបាករកផលចំណេញ ហើយក្រោយការបញ្ចាំងរឿងបានលុយ ក៏ពិបាករឿងប្រមូលលុយ ហើយត្រូវប្រឈមកាត់ពន្ធចុះឡើងៗ ដែលកាន់តែធ្វើឲ្យលោកខើចផលចំណេញ។

ការប្រកាសរបស់លោកគឺជាការចាប់អារម្មណ៍មួយថ្មី បន្ទាប់ពីលោក រ៉ូណាន់ ផលិតកររឿង«កំណត់ហេតុនាងនាថ» ទើបតែប្រកាសឈប់ផលិតរឿងព្រោះតែភាពស្មុគស្មាញស្រដៀងគ្នានេះ។ លោកហ៊ួរ សុផល និយាយថាកម្លាំងចិត្តរបស់លោក នៅមិនច្រើនទៀតទេក្នុងការផលិតកុន តែលោកនឹងអាចកែប្រែជំហរបើការដាក់បញ្ចាំងរឿង«ម៉ាដាមអាប២០១៨» ទទួលបានលទ្ធផលខុសពីរឿង«នរណា Comeback» ដែលប្រមូលផលចំណេញបានមិនច្រើន ហើយស្មុគស្មាញហួសពីការស្មានក្នុងការប្រមូលពីរោងកុន៕

Loading...