ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឹត្តិការណ៍សប្បុរសធម៌ទ្រង់ទ្រាយធំនៅភូមិន្ទភ្នំពេញ ចាប់ផ្ដើមថ្ងៃសៅរ៍នេះ

នៅថ្ងៃសៅរ៍ទី១៣ មករា នេះ សាកលវិទ្យាល័យនឹងបើកព្រឹត្តិការណ៍សប្បុរធម៌ប្រចាំរបស់ខ្លួន ដោយមានការការតាំងពិព័រណ៌ និងការប្រគំតន្ត្រីតាំងពីព្រឹកទល់ល្ងាចជាលក្ខណ:ទ្រង់ទ្រាយធំ ដោយមានតារាចម្រៀងចាស់ថ្មីល្បីៗច្រើនកុះករបង្ហាញខ្លួន។ នេះជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ប្រចាំរបស់ក្រុមនិស្សិតដ៏ធំមួយនេះ ប៉ុន្តែពិសេសត្រង់បរិយាកាសឆ្នាំនេះមានការចូលរួមដោយច្រើនភាគី។

ការប្រគំតន្ត្រីដែលនឹងចាប់ផ្ដើមឡើងតាំងពីរព្រឹកម៉ោង៩ រហូតដល់ល្ងាចម៉ោង៥ ថ្ងៃទី១៣ មករានេះ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រដោយសារតែវត្តមានតារាសិល្ប:យ៉ាងច្រើនកុះករត្រូវបានចូលរួម។ តារាចម្រៀងប្រចាំផលិតកម្មធំៗ ជាពិសេសតារាវ័យក្មេងដែលត្រូវគេស្គាល់ថាជាតារាចម្រៀង Original Song ដែលមានបទល្បីៗនៅលើយូធូប និងតារាៗមកពីកម្មវិធី Cambodian Idol ច្រើនកុះករ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។

តំណាងនិស្សិតដែលជាអ្នករៀបចំកម្មវិធីនេះបានអះអាងថានេះជាព្រឹត្តិការណ៍ដែលធ្លាប់ធ្វើឡើងការរៀបចំជារៀងរាល់ថ្ងៃឆ្នាំ ដោយការរៀបចំត្រូវបានជ្រើសចំខួបរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយមានបំណងតែមួយគត់គឺកៀរគរថវិកាជំនួយដើម្បីជាប្រយោជន៍ដល់និស្សិត។ តំណាងអ្នករៀបចំបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានការចូលរួមពីគណអធិបតីធំៗរួមមានអភិបាលរាជធានីភ្នំពេញ លោកហ៊ុន ម៉ានី និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាច្រើនទៀត ដោយការរៀបចំលើកនេះត្រូវបានចាត់ចែងម៉ត់ចត់ និងល្អជាងមុន។ ផ្អែកតាមកម្មវិធីដែលបានគ្រងទុក ក្រៅពីតាំងពិព័រណ៌ដែលមានការចូលរួមដោយនិស្សិតច្រើនផ្នែក អមដោយការចូលរួមទស្សនារបស់គណប្រតិភូជាមន្ត្រីជាន់ខ្ពស់ កម្មវិធីនឹងមានការប្រគំតន្ត្រីជាពីរហ្សូន ដោយហ្សូនពេលព្រឹករៀបចំដោយ«គ្រួសារតារាកម្ពុជា» និងហ្សូនពេលរសៀលជាការចូលរួមដោយតារាចម្រុះគ្នា ដើម្បីធ្វើការលក់សំបុត្រប្រមូលយកថវិកាជួយដល់មូលនិធិរបស់និស្សិតក្រីក្រ។

តំណាងគ្រួសារតារាកម្ពុជាដែលចូលរួមសហការនៅក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង បានអះអាងថា ការប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំនេះ នឹងមានការលក់សំបុត្រក្នុងតម្លៃ៥ពាន់រៀលសម្រាប់ការប្រគំតន្ត្រីពេលរសៀល ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីនៅអំឡុងតាំងពិព័រណ៌ពេលព្រឹក គឺដើម្បីស្វាគមន៍ព្រឹត្តិការណ៍តាំងពិព័រណ៌ និងស្វាគមន៍ចំពោះការបើកព្រឹត្តិការណ៍ ដោយមានវត្តមានតារាល្បីៗប្រមាណជាង១០រូបពីគ្រួសារតារាកម្ពុជាចូលរួម។ ការចូលរួមនេះ ដើម្បីបំផុសព្រឹត្តការណ៍លក់សំបុត្រ និងតាំងពិព័រណ៌របស់និស្សិតសាកលវិទ្យាល័យ ឲ្យកាន់តែមានភាពអឺកអធឹក ខណ:ដែលព្រឹត្តិការណ៍នេះនាពេលកន្លងមកគឺមានការចូលរួមពីនិស្សិតរហូតដល់រាប់ពាន់នាក់រួចទៅហើយ។

វត្តមានតារាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមាន កញ្ញា ប៉ុបពី លោកជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ លោកយក់ ដួងតារា តារាចម្រៀងសាន់ដេ អ្នកនាងសុខ ស្រីនាងតារាចម្រៀងហង្សមាស លោកដួង វិរ:សិទ្ធិ តារាចម្រៀងហង្សមាស លោកម៉ាដូណា អ្នកនាងទូច ស្រីលក្ខណ: លោកអ៊ាម វន្នី កញ្ញាប៊េប៊ី កញ្ញាសុខ សីឡាលីន និងតារាចម្រៀងមកពីកម្មវិធីCambodian Idol The Voice Kid និងម្ចាស់បទOriginal Song ផ្សេងសរុបប្រមាណជាង៤រូប។ ព្រឹត្តិការណ៍នេះនឹងប្រមូលយកថវិកាជួយដល់និស្សិតក្រីក្រនៅក្នុងសាកលវិទ្យាល័យ និងនិស្សិតក្រីក្រផ្សេងទៀត ដើម្បីជាប្រយោជន៍ជួយសម្រួលដល់ការសិក្សារបស់ពួកគេ៕

មតិយោបល់