Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ខណ:គេឈឺក្បាលរ...

ខណ:គេឈឺក្បាលរឿងបិទហាង គង់ ច័ន្ទស្រីមុំ បើកជំនួញទី៥

កាលពីថ្ងៃទី១៣ មករា មុននេះ តារាសម្ដែងអ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមី បានបង្ហាញខ្លួនបើកហាងទី៥របស់ខ្លួនយ៉ាងកាលីប នៅខេត្តកំពង់ចាម ក្នុងពេលដែលម្ចាស់មុខជំនួញច្រើននាក់ មានតែការបំព្រួញអាជីវកម្មរបស់ខ្លួន ព្រោះតែពិបាកប្រកួតប្រជែង។ អ្នកនាងថានេះជាការឈានឡើង សម្រាប់មុខជំនួញ បន្ទាប់ពីហាងយីហោ «ម៉ូម៉ូ» ដែលជាហាងនាំចូលផលិតផលផ្នែកសម្រស់ទ្រង់ទ្រាយធំរបស់នាង ទទួលបានជោគជ័យចំនួន៤សាខារួចហើយ នៅភ្នំពេញ និងសៀមរាប។

យ៉ាងណាមិញ មានការបញ្ជាក់ថាហាងម៉ូម៉ូ ដែលទើបបង្ហាញរូបរាងនៅខេត្តកំពង់ចាមនោះ គឺសាខាថ្មីដែលនាងផ្ទេសិទ្ធយីហោ ឲ្យតារាសម្ដែងលោក ពីន សុធន និងមិត្តភ័ក្រ្តប៉ុណ្ណោះ គឺមិនមែនជាហាងផ្ដាច់មុខរបស់នាងនោះទេ ។ គង់ ច័ន្ទស្រីមុំ ដែលជិតក្លាយជាម្ដាយរបស់ក្មេងក្នុងផ្ទៃ ក្នុងពេលឆាប់ៗនោះ បានអះអាងក្នុងពិធីសម្ពោធហាងម៉ូម៉ូ នៅខេត្តកំពង់ចាមថា អ្នកនាងនឹងបញ្ចប់ការចែកចាយយីហោទៅឲ្យភាគីទី២ ត្រឹមហាងម៉ូម៉ូនៅខេត្តកំពង់ចាមនេះហើយ ដើម្បីងាយស្រួលគ្រប់គ្រង និងដើម្បីកុំឲ្យខូចយីហោ នៅពេលម្ចាស់ហាងដែលទិញសិទ្ធិពីនាងលួចលក់ផលិតកម្មមិនសុទ្ធ។

អ្នកនាងថាសម្រេចប្រគល់សិទ្ធិចែកចាយឲ្យតារាសម្ដែង លោក ពីន សុធន គឺដោយសារតែលោកគឺជាមិត្តជិតស្និទ្ធិ និងទុកចិត្តបំផុតក្នុងការទំនាក់ទំនង ម្យ៉ាងដោយសារតែអ្នកនាងចង់ឲ្យលោក មានសិទ្ធិបើកហាងយីហោរបស់អ្នកនាងផង ទើបសម្រេចចិត្តប្រគល់សិទ្ធិចែកចាយឲ្យ។ អ្នកនាងថាផលិតផលម៉ូម៉ូរបស់អ្នកនាងអត់លក់ក្នុងហាងក្រៅពីហាងដែលមានយីហោម៉ូម៉ូនោះទេ ខណ:ដែលហាងមួយនេះ ក៏មិនងាយនឹងផ្ដល់សិទ្ធិឲ្យចែកចាយដូចគ្នា ដោយសារតែមានបទពិសោធន៍ រឿងម្ចាស់ហាងដែលបានទទួលសិទ្ធិចែកចាយ លួចបន្លំលក់ផលិតផលផ្សេងធ្វើឲ្យខូចអតិថិជនរបស់ម៉ូម៉ូរួចទៅហើយ។

អ្នកនាងផលិតផលម៉ូម៉ូរបស់អ្នកនាង គឺជាផលិតផលថែរក្សាសម្រស់នាំចូលផ្ដាច់មុខពីបរទេស ទើបអ្នកនាងប្រយ័ត្នបំផុត ជាពិសេសគឺការលួចបន្លំយីហោ និងលក់ក្លែងតម្លៃ ដែលធ្លាប់ធ្វើឲ្យអ្នកនាងឈឺក្បាលកន្លងមកទៅហើយ។ អ្នកនាងប្រកាសថា នឹងមិនធ្វើការផ្ដល់សិទ្ធិឲ្យចែកចាយផលិតផលរបស់ខ្លួនទៀតទេ ដោយក្រោយពីសម្រេចផ្ដល់សិទ្ធិឲ្យលោកពីន សុធន បើកហាងដើម្បីចែកចាយនៅខេត្តកំពង់ចាមហើយនោះ គឺអ្នកនាង និងស្វាមី នឹងបើកហាងថ្មីផ្ទាល់ខ្លួនតែម្ដង នៅខេត្តបាត់ដំបង ដើម្បីឲ្យហាងម៉ូម៉ូរបស់អ្នកនាងមានទីតាំងកាន់តែច្រើនកន្លែង តែជាហាងផ្ទាល់ខ្លួនតែម្ដង។ ជាមួយនឹងការដំណើរទីតាំងហាងម៉ូម៉ូទី៥ នេះ ធ្វើឲ្យគេយល់ថាអ្នកនាងពិតជាមានយីអ៊ុនមែនទែន ដោយសារតែក្រៅពីមានសុភមង្គលក្នុងគ្រួសារហើយ ក៏រកស៊ីកាក់កប និងមានទាំងដំណក់ឈាមជាមួយស្វាមី ធ្វើឲ្យគេមើលឃើញពីភាពរឹងមាំក្នុងចំណងស្នេហ៍ទៀត៕

Loading...