Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ចរិយា ពេជ្រ រ...

ចរិយា ពេជ្រ រៀបការថ្ងៃនេះ

តាំងពីល្ងាចថ្ងៃទី១៤ មករាម្លេះ ដែលតារាសម្ដែងល្បីឈ្មោះគួរសម កញ្ញា ចរិយា ពេជ្រ បានធ្វើពិធីសំពះសូត្រមន្ត ជាមួយស្វាមី ដើម្បីបើកពិធីមង្គលការរបស់ខ្លួន នៅចំពោះមុខមេបា។ នៅក្នុងថ្ងៃនេះ កញ្ញា និង បុរសដែលនឹងក្លាយជាស្វាមីរបស់កញ្ញា ជាផ្លូវការនឹងបន្តពិធីផ្សេងៗក្នុងពិធីមង្គលរបស់ខ្លួនបន្ត ដោយនៅពេលល្ងាចកញ្ញា និង ស្វាមី ក៏រៀបចំពិធីទទួលភ្ញៀវយ៉ាងច្រើនកុះករផងដែរ។

មានការចាប់អារម្មណ៍មិនតិចនោះទេ ក្នុងពេលដែលតារាសម្ដែង កញ្ញា ចរិយា ពេជ្រ មិនធ្លាប់មានដំណឹងមានគូស្នេហ៍ទាល់តែសោះ ស្រាប់តែរំលេចពិធីមង្គលការយ៉ាងអធឹកអធមតែម្ដង នៅថ្ងៃទី១៥ មករានេះ។ ពិធីមង្គលការរបស់កញ្ញ ត្រូវបានធ្វើឡើងនៅបរិវេណភោជនីយដ្ឋាន ទន្លេបាសាក់២ក្បាលថ្នល់ តាំងពីពិធីហែជំនូន ចងដៃ រហូតដល់ពិធីទទួលភ្ញៀវពេលល្ងាចតែម្ដង ដើម្បីកុំឲ្យមានការពិបាករបស់ភ្ញៀវកិត្តិយស ក្នុងការចូលរួម។

មង្គលការរបស់នាង ត្រូវបានប្រកាសថារៀបចំច្រើនតុ និងមានតារាសិល្ប:ចូលរួមច្រើនផង បើទោះជាមិនទាន់ដឹងប្រាកដនៅឡើយថា តារាណាខ្លះដែលទទួលបានលិខិតអញ្ជើញ ចូលរួមនៅឡើយ។ យ៉ាងណាមិញនាងធ្លាប់បញ្ជាក់ថា មង្គលការរបស់នាង បានអញ្ជើញតារាសិល្ប:ច្រើន តែបើធៀបនឹងអ្នកជំនួន និងភ្ញៀវកិត្តិយសផ្សេងទៀត គឺមានចំនួនតិចជាង។ មង្គលការរបស់នាង ត្រូវបានធ្វើឡើងបន្ទាប់ពីនាង ទើបតែបានបើកហាងលក់ផលិតផលថែរក្សាសម្រស់ទ្រង់ទ្រាយធំ នៅទល់មុខទីតាំងរៀបពិធីមង្គលរបស់នាងតែម្ដង។

កញ្ញា និយាយថា នាងនិងបុរសដែលនាងរៀបការជាមួយ ស្គាល់គ្នាយូរឆ្នាំហើយ ដោយលោកក៍នឹងមានគម្រោងឲ្យនាងក្លាយជាអ្នកជំនួញ ច្រើនជាងការងារសិល្ប:នោះផង ទើបនាងមិនសូវទទួលការសម្ដែង នាពេលចុងក្រោយ។ នាងបានប្រកាសថា មង្គលការរបស់នាងនឹងបើកចំហរ គ្រប់សារព័ត៍មាន ដោយសារតែនាង និងស្វាមី មិនមានអ្វីត្រូវលាក់បាំងពីជីវិតឯកជន។ អ៊ីចឹងហើយទើបពិធីមង្គលរបស់នាងនៅក្នុងថ្ងៃនេះ ទទួលបានការចាប់អារម្មណ៍ និងការសាទរភាគច្រើន ដោយសារតែនាងប្រកាសមិនបិទបាំង ដូចគ្នានឹងមង្គលការរបស់តារាមួយចំនួន៕

Loading...