Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ខៀវ ប៊ុនលាភ ប...

ខៀវ ប៊ុនលាភ ប្រឹងឈរក្នុងអាជីពចម្រៀង ក្រោមព្យុះមាក់ងាយក្នុងជីវិត

ក្រឡេកទៅមើលទៅមើលអតីតកាល គេមិននឹកស្មានថា តារាចម្រៀងលោក ខៀវ ប៊ុនលាភ ឈានឡើងទីផ្សារក្នុងកម្រិតដូចដែលមហាជន បានឃើញនោះទេ។ លោកគ្រាន់តែជាតារាសម្ដែងជាតួរាយរងម្នាក់ក្នុងកុន ដោយមិនត្រឹមតែតារាសម្ដែងដូចគ្នា នៅក្នុងពិភពសិល្ប:ប៉ុណ្ណោះទេ ដែលមានការមាក់ងាយ សូម្បីតែសាច់ញាតិរបស់លោក បូករួមទាំងក្មួយៗផង ក៏មើលងាយលោក ព្រោះតែយល់ថាលោកជាតារាមិនសូវសង្សារ និងមិនសូវស្អាតដូចតារាកែកុនមួយចំនួន ហើយប្រឹងត្រដរតស៊ូនៅក្នុងសិល្ប:នោះ។

ប៉ុន្តែក្រឡេកមើលការរីកចំរើនចុងក្រោយ លោកមិនត្រឹមតែជាតារាចម្រៀងយុវវ័យម្នាក់ ដែលពោរពេញក្បាច់រាំរស់រវើក មានការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតារាសម្ដែងដែលស្ទើរតែរកពេលវេលាទទួលសម្ដែងមិនបាននោះដែរ។ លោក ខៀវ ប៊ុនលាភ ម្ចាស់បទ«ពុកខ្ញុំ ពិធីករ» ខុសគ្នាពីមុនឆ្ងាយណាស់ បើធៀបនឹងពេលដែលលោកមិនទាន់ក្លាយខ្លួន ជាតារាចម្រៀងប្រចាំផលិតកម្ម E Nation ហើយបានវិវត្តខ្លួនមានទាំងក្រុមរាំផ្ទាល់ខ្លួន។ ក្នុងពេលចូលប្រកួតក្នុងកម្មវិធី «មុខរបរខ្ញុំ»របស់ទូរទស្សន៍ PNN តារារូបនេះ បានបង្ហូរទឹកភ្នែក រៀបរាប់ពីការមាក់ងាយ និងការប្រមាថក្នុងជីវិត ដោយអ្នកបំបាក់ទឹកចិត្តលោកទាំងនោះ បានទស្សន៍ទាយថា លោកនឹងបរាជ័យបើនៅតែបន្តរក្សាជំហរចង់ក្លាយ ជាតារាសិល្ប: ព្រោះតែជីវភាពខ្វះខាតមិនអាចទៅរួចជាមួយគេ និងព្រោះតែលោកមានមុខមាត់ មិនស្អាតពីធម្មជាតិដូចតារាស៊ីវិល័យមួយចំនួននោះផង។

លោកត្រូវបានមហាជនចាប់ផ្ដើមកត់សម្គាល់ នៅក្នុងកម្មវិធីប្រលងទេពកោសល្យមួយនោះ ហើយម្នាក់ៗ កាន់តែអាណិតលោកទ្វេរដង នៅពេលសមាជិកក្នុងក្រុមបោះឆ្នោតឲ្យលោកធ្លាក់កណ្ដាលទី បើទោះជាលោកប្រឹងប្រែងធ្វើអស់ពីសមត្ថភាព។ លោកអះអាងថា អ្នកមើលងាយលោកមិនមែនមានតែចង្កោមតារាសិល្ប: ដែលរើសអើងលោកប៉ុណ្ណោះទេ តែបងស្រី និងក្មួយបង្កើតរបស់លោក ក៏ធ្វើឲ្យលោកឈឺចាប់នឹងពាក្យសម្ដីប្រមាថមើលងាយ ព្រោះតែលោកចង់ជម្នះចង់ក្លាយជាតារាសិល្ប: ដែលមានការទទួលស្គាល់ម្នាក់ នោះផងដែរ។

យ៉ាងណាមិញ លោកត្រូវគេកត់សម្គាល់ថា ចាប់ផ្ដើមឈានឡើង ដោយសារតែលោកគឺជាតារាចម្រៀងមួយរូប ដែលចាប់ផ្ដើមមានការគាំទ្រ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីលោកបានចេញបទចម្រៀងច្រើនបទអង្រួនមហាជន និងបានបង្កើតក្បាច់រាំ ធ្វើឲ្យមានការចាប់អារម្មណ៍គ្រប់ពេលបង្ហាញខ្លួនលើឆាកតន្ត្រី។

លោកខៀវ ប៊ុនលាភ និយាយថា បើធៀបនឹងអតីតកាលលោកមិនសមមកឈរជើង នៅក្នុងពិភពសិល្ប:នាពេលចុងក្រោយបានទេ ដោយសារតែមនុស្សនៅជុំវិញខ្លួនលោក សុទ្ធតែជាមនុស្សមាក់ងាយ ជាពិសេសគឺតារាសិល្ប:គ្នាឯងតែម្ដង។ លោកថាការឈឺចាប់ និងកម្លាំងចិត្ត ដែលមានជាពិសេសពីម្ដាយ និងមិត្តភ័ក្រ្ត បានជួយឲ្យលោកមកឈរទីតាំងបច្ចុប្បន្ន ហើយគាប់ជួនជាលោកក៍ត្រូវបានផលិតកម្ម E Nation ផ្ដល់ឱកាសឲ្យក្លាយជាតារាចម្រៀងកុងត្រាផង ទើបធ្វើឲ្យលោកអាចមានថ្ងៃនេះ។

លោកបានប្រឹងប្រែងបង្កើតក្រុមរាំផ្ទាល់ខ្លួន និងចំណាយពេលច្រើនជាមួយក្រុមរាំ អ៊ីចឹងហើយទើបក្នុងចំណោមអ្នកចម្រៀងរបស់អង្គការខ្ញុំខ្មែរ ជាពិសេសគឺផលិតកម្ម C2go និង E Nation ដែលស្ថិតក្នុងក្រោមថៅកែតែម្ដង គឺលោកលេចធ្លោរជាងគេ។ លោកត្រូវបានគេអញ្ជើញ ឲ្យបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌ធំៗជាច្រើន ដែលកម្មវិធីចុងក្រោយ គឺការប្រគំតន្ត្រីនៅក្នុងប្រទេសថៃមុននេះ និងកម្មវិធីរបស់គ្រួសារតារាកម្ពុជា នៅភូមិន្ទភ្នំពេញ។

ការបង្ហាញខ្លួនទាំងពីរលើករបស់លោក ត្រូវបានគេកត់សម្គាល់ថា មានអ្នកគាំទ្រខ្លាំងក្លា ជាពិសេសចំពោះក្បាច់រាំរបស់ក្រុមលោក និងទឹកដមសំទ្បេងរបស់លោកតែម្ដង។ លោកខៀវ ប៊ុនលាភ បានអះអាងថា នឹងធ្វើឲ្យកាន់តែមានការទទួលស្គាល់ នៅក្នុងពិភពចម្រៀងបន្ថែមទៀត ដើម្បីឲ្យខុសពីការបំបាក់ទឹកចិត្ត និងការមាក់ងាយ ដែលធ្លាប់ធ្វើឲ្យលោកឈឺចាប់កាលពីអតីតកាល៕

Loading...