Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទីបំផុត ឆ័យលី...

ទីបំផុត ឆ័យលី ដាឡែន សារភាពថា ពិតជាទើបតែសម្រាលកូនមែន

បន្ទាប់ពីមានការទម្លាយថា អ្នកនាង ឆ័យលី ដាឡែន មានកូនរួចហើយ តែអ្នកនាងបិទបាំង នៅទីបំផុតតារាស្រីរូបនេះ បានសារភាពហើយថា អ្នកនាងពិតជាទើបតែសម្រាលកូនមែន ដោយហេតុផលដែលអ្នកនាងមិនបានប្រកាសជាសាធារណ:នាអំឡុងពេលមុន គឺព្រោះតែជាប់កុងត្រាជាមួយការងារ ដែលគេតម្រូវមិនឲ្យអ្នកនាងប្រកាសឡើងដើម្បីកុំឲ្យប៉ះពាល់ការងារដែលបានកុងត្រាប៉ុណ្ណោះ។ មកទល់ពេលនេះអ្នកនាងបានសារភាពថា កូនប្រុសរបស់អ្នកនាងដែលជាដំណក់ឈាមរបស់ស្វាមី កើតបានជិត៣ខែហើយ ដោយអ្នកនាងក៏គម្រោងធ្វើពិធីបង្កក់កូនមុនកំណត់ នៅខែ២ ក្នុងឆ្នាំ២០១៨ ខាងមុខផងដែរ។

អ្នកនាង ឆ័យលី ដាឡែន បានថ្លែងប្រាប់ផុសញូ កាលពីល្ងាចថ្ងៃទី១៦ មករា ថា អ្នកនាងពិតជាបទើបតែសម្រាលបានកូនប្រុសម្នាក់មែន ដោយកូនប្រុសរបស់អ្នកនាងក៏មានឪពុកម្ដាយក្មេកមើលថែនៅខេត្តកំពង់ឆ្នាំង ផ្ទះរបស់ស្វាមី ព្រោះតែអ្នកនាង ក៏រវល់ការងារសិល្ប: ហើយស្វាមីរបស់អ្នកនាងក៏រវល់រឿងមុខជំនួញ។ អ្នកនាងថា កាលពីជិត៣ខែមុន អ្នកនាងបានបាត់មុខពីការងារទៅសម្រាលកូនប្រុសម្នាក់នេះ ហើយដោយសារតែអ្នកនាង មិនបានផុសបង្ហោះ ឬ បើកទម្លាយ និងគាប់ជួនជាគ្មានអ្នកវចាប់អារម្មណ៍ផង ទើបមិនសូវមានអ្នកដឹង។ អ្នកនាងថាកូនប្រុសរបស់អ្នកនាង មានឈ្មោះថា តារា ឆៃយ៉ានុតៗ ហើយអាចមកពីក្នុងពេលពរពោះ អ្នកនាងនៅតែទទួលធ្វើការ និងប្រាប់គេថា អ្នកនាងឡើងគីឡូ(ធាត់) ទើបធ្វើឲ្យគេមិនចាប់អារម្មណ៍។ គាប់ជួនជាលើហ្វេសប៊ុក អ្នកនាងបង្ហោះតែរូបថតចាស់ៗ ហើយក្នុងពេល Live អ្នកនាងក៏ថតត្រឹមតែពាក់កណ្ដាលខ្លួន មិនឲ្យឃើញពោះផង ទើបរឹតតែអត់មានអ្នកចាប់អារម្មណ៍ ក្នុងពេលអ្នកនាងទៅសម្ងំសម្រាលកូន។ អ្នកនាងបានសម្រេចចិត្តមកទទួលច្រៀង និងថតភ្លាមៗក្រោយពេលសម្រាលកូនរួច ដោយសារតែជាប់កុងត្រា តែក្រោយការសម្រាលកូនអ្នកនាងមិនបានប្រកាសឲ្យដឹងពីដំណឹងនេះទេ ដោយសារតែអ្នកនាងត្រូវចងដោយកុងត្រាជាមួយផលិតកម្ម និងក្រុមហ៊ុនដែលអ្នកនាងទទួលការងារ ដែលគេស្នើមិនឲ្យអ្នកនាងនិយាយរឿងពរពោះ និងសម្រាកលកូន ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់ការងារដែលអ្នកនាងបានទទួល។

អ្នកនាងថា មកទល់ពេលនេះ ការងារដែលអ្នកនាងកុងត្រា ក៏មិនទាន់ចង់ឲ្យនិយាយពីរឿងនេះដែរ ប៉ុន្តែដោយសារតែមានការសង្ស័យទៅហើយ ទើបអ្នកនាងមិនអាចបន្តលាក់បាំង។ អ្នកនាងបញ្ជាក់ថា ក្រោយពេលសម្រាលកូនប្រុស អ្នកនាង ខំសម្រកទម្ងន់ ហើយទទួលការងារកាន់តែច្រើនជាងមុន ដើម្បីរកលុយផ្ទប់ការចំណាយផង និងដើម្បីកុំឲ្យបាត់បង់ឱកាស។

ការទម្លាយដំណឹងមានកូនរបស់អ្នកនាង បានធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំង ហើយក៏បានលុបក្លិនមិនល្អពីចំណងស្នេហ៍របស់អ្នកនាង និងស្វាមី និងបានលុបក្លិនដែលគេចោទថា អ្នកនាង និងស្វាមី អារទាំងប្ដីទាំងប្រពន្ធ ព្រោះតែការច្រើនឆ្នាំគ្មានកូនស្នងត្រកូលនោះដែរ។ អ្នកនាងថា ក្នុងពេលបិទបាំងមិនឲ្យលេចឮពីការពរពោះ និងសម្រាលកូន ព្រោះតែខ្លាចប៉ះពាល់ការងារ អ្នកនាង និងស្វាមី គឺមានសម្ពាធខ្លាំងណាស់ ដោយអ្នកនាងបានចាត់ទុកថា ការទម្លាយពេលនេះធ្វើឲ្យខ្លួនធូរចិត្តយ៉ាងខ្លាំង៕

Loading...