Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សាវិន ហ្វីលីព...

សាវិន ហ្វីលីព ចំអកឲ្យតារាសម្ដែងទៅធ្វើស្រែ ខណ:ពេលផលិតករ២រូប អត់សប្បាយចិត្ត

ឆ្លើយតបនឹងការប្រកាសបិទចោលផលិតកម្មជាហូរហែរ ព្រោះតែជិតការកំណត់ពន្ធថ្មីស្ថាប័នពន្ធដាទៅលើការផលិតភាពយន្ត លោកសាវិន ហ្វីលីព បានថ្លែងចំអកថា តារាសម្ដែងស្រុកខ្មែរជិតដល់ពេលវេលាធ្វើស្រែហើយ ដោយសារតែបញ្ហាពន្ធក្លាយជាសម្ពាធកាន់តែខ្លាំងនាពេលចុងក្រោយ។ យ៉ាងណាមិញ លោកបានថ្លែងថាក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការទប់ស្កប់លើករណីនេះ មុនពេលផលិតករភាពយន្តរួមគ្នាបិទចោលផលិតកម្មបណ្ដាក់គ្នា។
លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា បើកុំតែជ្រុលដៃផលិតរឿងទី២ក្រោមចំណងជើងថា«ម៉ាដាមអាប2018» ហើយចំណាយអត់លុយ និងចេញថតជិតចប់ទៅហើយ កុំអីលោកនឹងបិទចោលផលិកម្មតាំងពីដាក់បញ្ចាំងរឿង«នរណា Comeback » ហើយប្រទះនឹងភាពស្មុគស្មាញជុំវិញការពន្ធដែលទើបតែបានកំណត់នោះទៅហើយ ដោយសារតែលោកមិនចង់ឈឺក្បាល។ លោកថាភាពយន្តរបស់លោកមិនខាតដូចរឿងមួយចំនួននោះទេ ប៉ុន្តែមានភាពស្មុគស្មាញហួសនឹងថ្លែង ដោយសារតែលុយក្រោយពីបង្វិលចេញពីរោងកុន ក៏ត្រូវពន្ធដារក្របួចកាត់១០ភាគរយតែម្ដង ហើយតម្រូវឲ្យធ្វើឯកសារចំណាយនេះចំណាយ ដែលធ្វើឲ្យលោកគ្រាន់តែឃើញគឺឈប់ចង់ផលិតរឿងតែម្ដង។ លោកថាការផលិតរឿងកាលប៉ុន្មានឆ្នាំមុន លោកមិនដែលប្រទះបែបហ្នឹងនោះទេ ដោយសារតែក្នុងពេលនោះក្រោយកាត់ពន្ធមួយលើកចូលរដ្ឋនៅកន្លែងរោងកុនរួចហើយ គឺគ្មានការកាត់ពន្ធលើផ្នែកផលិត លើតួសម្ដែង និងលើផ្នែកផ្សេង១០០ជំពូកដូចបច្ចុប្បន្ននោះទេ ទើបលោកប្រកាសថាផលិតរឿងតែ២ហ្នឹងប្រហែលបញ្ចប់ហើយ។ លោកបានហៅការប្រកាសលាឈប់របស់លោករ៉ូណាន់ ផលិតកររឿង«កំណត់ហេតុនាងនាថ»ថាជាជម្រើសត្រឹមត្រូវដោយសារតែភាពជាក់ស្ដែង គឺផលិតករដែលបានដាក់រឿងបញ្ចាំងក្រោមគំនាបពន្ធដែលបានប្រកាសឡើង នឹងដឹងពីផលវិបាក។

លោករ៉ូណាន់ បានអះអាងថា គ្រាន់តែរឿង«សរសរកន្លោង»ខាតបង់លើពន្ធមិនតិចម៉ឺននោះទេ ទើបលោកកាន់តែអស់ទឹកចិត្តក្នុងការវិលត្រលប់មកធ្វើការផលិតរឿងជាថ្មី ក្រោយពេលប្រកាសថាឈប់ផលិតរឿងព្រោះតែស្មុគស្មាញនឹងពន្ធដាថ្មី។ លោកថាដរាបណាមិនមានការ ពន្យារពេលការកំណត់ពន្ធនោះលោកមិនធ្វើការផលិតរឿងទៀតទេ ដើម្បីកុំឲ្យប្រឈមនឹងការខាតបង់ ព្រោះតែយកលុយទាំងដុំទៅផលិតរឿងតែចុងក្រោយផលចំណេញដែលទទួលបានស្ទើរតែបង់គ្មានសល់ឲ្យថ្លៃកាត់ពន្ធ។

លោកសាវិន ហ្វីលីព បានហៅការកំណត់ពន្ធថ្មី និងការប្រកាសបិទចោលផលិតកម្មរបស់ផលិតករទាំង២ខាងលើ ថាជាសញ្ញាណបង្ហាញថាវិស័យផលិតភាពយន្តនៅកម្ពុជានឹងមានការធ្លាក់ចុះ។ ក្នុងនោះលោកក៏បានចំអកថាតារាសម្ដែងនៅទូទាំងប្រទេសដែលធ្លាប់រំពឹងពីទីផ្សារសម្ដែងរបស់ផលិតករក្នុងការផលិតរឿងសម្រាប់ដាក់បញ្ចាំងតាមរោងត្រៀមខ្លួនទៅធ្វើស្រែ ព្រោះតែសកម្មភាពផលិតរឿងរបស់ផលិតកម្មនានាលែងបន្តដំណើរការផងដែរ។ លោកថាជារឿងគួរបារម្ភដែលពន្ធប្រកាសថាមិនជួយឲ្យផលិតករកាន់តែមានទឹកចិត្តក្នុងស្ថានភាពអ្នកទស្សនាកុននៅកម្ពុជានៅមានកម្រិតនៅឡើយ តែបែរជាធ្វើឲ្យផលិតករភាគច្រើនដែលជួបបញ្ហារឿងការកំណត់ពន្ធនេះលែងចង់ផលិតរឿង ហើយធ្វើឲ្យផលិតករដែលចង់បោះទុនផលិតរឿងផ្ដើមគំនិតរារែក៕

Loading...