Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តូច ស្រីពេជ្រ...

តូច ស្រីពេជ្រ ចេញមុខទម្លាយរឿងឆ័យលី ដាឡែន សម្រាលកូន

ក្រោយការបែកធ្លាយជុំវិញព័ត៌មានតារាសម្ដែង អ្នកនាង ឆ័យលី ដាឡែន សម្ងំសម្រាលកាលពីជាង២ខែមុន ហើយអ្នកនាងក៏លែងប្រកែក ស្រាប់តែមានអ្នកប៉ាន់ស្មានមួយចំនួនមិនជឿថាអ្នកនាងពិតជាមានកូនដែលជាដំណក់ឈាមរបស់ស្វាមីនោះទេ ដោយសារតែគេមិនធ្លាប់ឃើញមានដំណឹងរឿងតារារូបនេះពរពោះពីមុនមក។ ជាមួយនឹងសង្ស័យនេះ អ្នកនាងតូច ស្រីពេជ្រ ដែលជាតារាសម្ដែងជើងចាស់ និងត្រូវគេស្គាល់ថាជាមិត្តភក្តិបេះមិនដាច់របស់អ្នកនាងឆ័យលី ដាឡែន បានចេញមុខទម្លាយ។

អ្នកនាង តូច ស្រីពេជ្រ បានថ្លែងពីសហរដ្ឋអាមេរិកមកថា ពាក់ព័ន្ធនឹងរឿងអ្នកនាងឆ័យលី ដាឡែន សម្ងំពរពោះហើយមិនឲ្យបណ្ដាញសារព័ត៌មានបានដឹងកន្លងមកនោះ គឺជាការពិត ដោយអ្នកនាងហ៊ានធ្វើសាក្សី និងហ៊ានចេញមុខអះអាងតែម្ដង ថាអ្នកនាងឆ័យលី ដាឡែន ពិតជាមានកូនជាដំណក់ឈាមរបស់ខ្លួនមែន ដោយមិនបានសុំក្មេងមកពីណាមកចិញ្ចឹមហើយបន្លំធ្វើជាកូននោះទេ។

អ្នកនាងថាសម្រាប់រឿងពរពោះ មានអ្នកសិល្ប:ដែលជិតស្និទ្ធបំផុតបានដឹងជាយូរមកហើយ ប៉ុន្តែដោយសារតែក្នុងពេលដែលនាងពរពោះនាងជាប់កុងត្រាថតរឿងឲ្យផលិតកម្មធំៗជាច្រើនព្រមគ្នា ហើយភ័យខ្លាចម្ចាស់ផលិតកម្មទាំំងនោះដឹងថាអ្នកនាងមានកូនកណ្ដាលទីទើបអ្នកនាងស្នើឲ្យលាក់បាំង។ អ្នកនាងតូច ស្រីពេជ្រ បញ្ជាក់ថា អ្នកនាងឆ័យលី ដាឡែន អត់មានលាក់បាំងជុំវិញដំណឹងពរពោះ និងរឿងសម្រាលកូននោះទេ ប៉ុន្តែមកពីអ្នកនាងពរពោះកូនដំបូងមិនសូវមានអ្នកមើលដឹងផង ហើយអ្នកនាងក៏ចង់លាក់បាំងដើម្បីកុំឲ្យផលិតកម្មដែលទទួលនាងថត ស្រងាកចិត្ត ឬឈានដល់កាត់ប្លង់នាងចោលបណ្ដាលឲ្យប៉ះពាល់ប្រាក់ចំណូលផង ទើបអ្នកនាងឆ័យលី ដាឡែន មិនទម្លាយឲ្យដឹង។ អ្នកនាងតូច ស្រីពេជ្រ និយាយថា«រឿងអាឡែនមានកូនហ្នឹង ខ្ញុំហ៊ានធានាយកអ្វីមកស្បថក៏បាន កូនវាមែន ព្រោះរឿងវាពរពោះ និងមានកូនខ្ញុំហ្នឹង មានតែគ្រួសារវា និងខ្ញុំដែលរាប់អានគាត់១៨ឆ្នាំទេដែលដឹងច្បាស់ បើក្រៅពីហ្នឹងគេស្មានតែវាធាត់ប៉ុណ្ណោះ ហើយវាសម្រាលកូនក្រោយខ្ញុំឡើងមកលេងនៅអាមេរិកតែប៉ុន្មានអាទិត្យប៉ុណ្ណោះ ខ្ញុំហ៊ានធានាថាកូននឹងកូនវា អត់មានកូនសុំអ្នកណាទេ!»។

អ្នកនាងថា អ្នកនាងឆ័យលី ដាឡែន ក្នុងពេលពរពោះអ្នកនាងទទួលកុងត្រាសម្ដែងរឿងទាំំងរឿងដុំ និងរឿងភាគច្រើនច្រើនណាស់ ហើយបើក្នុងពេលនោះអ្នកនាងទម្លាយឲ្យដឹងថាអ្នកនាងមានទម្ងន់ គឺពិតជាត្រូវផលិតករគេដូរតួចោល ព្រោះតែខាងផលិតករដែលមិនចង់យកតារាដែលមានពោះពង្សចូលថតនោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសម្ដែង។

អ៉ីចឹងហើយទើបធ្វើឲ្យអ្នកនាងឆ័យលី ដាឡែន ស្នើសុំមិនឲ្យមិត្តភក្តិជិតស្និទ្ធិទម្លាយប្រាប់អ្នកដទៃ ហើយទុករឿងពរពោះ និងរឿងសម្រាលកូនឡើងស្ងាត់រហូតដល់អ្នកនាងសម្រាលកូនបានជិត៣ខែទើបបែកធ្លាយដំណឹង។ អ្នកនាងនិយាយថា«មុនខ្ញុំមកអាមេរិក ខ្ញុំឧស្សាហ៍ឡើងចុះអាឡែនពេលគ្នាខ្ទាតពោះធំញឹកដែរ តែពេលគ្នាកើតអត់បាននៅទេ តែខ្ញុំខលសួរសុខទុក្ខ និងដឹងរឿងគ្នាកើតកូនរហូតទេ អ៉ីចឹងហើយទើបខ្ញុំសរសើរថាគ្នាប៉ុនលាក់រឿងហ្នឹង!»។

អ្នកនាងឆ័យលី ដាឡែន បានអះអាងថាកូនប្រុសដែលអ្នកនាងបានបង្ហោះរូបជាមួយគឺជាដំណក់ឈាមរបស់អ្នកនាង និងស្វាមី១០០ភាគរយ ដោយមិនមែនជាកូនស្មុំគេ ឬជាកូនកែច្នៃខុសពីធម្មជាតិនោះទេ។ អ្នកនាងប្រកាសថាបើអ្នកណាមិនជឿ គឺទោះជាចង់មើលសំបុត្រពេទ្យ ឬពិនិត្យDNA អ្នកនាងស្វាគមន៍ទាំងអស់។ អ្នកនាងបញ្ជាក់ថា បើអ្នកនាងទម្លាយរឿងពរពរនៅក្នុងពេលនោះ អ្នកនាងនឹងរបូតលុយរាប់ពាន់ដោយសារតែខាងផលិតករដែលកុងត្រាថតពិតជាមិនយកថតវិញជាក់ជាមិនខាន៕

Loading...