ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«ខ្មោចស៊ីឈ្មួល»ដែលកក្រើកថ្ងៃសម្ពោធ ប្រកាសយកចំណូលដាក់អង្គការ

នៅថ្ងៃទី១៨ មករានេះ ខ្សែភាពយន្តបើកឆាករបស់ផលិតកម្មC2go ដែលត្រូវគេស្គាល់ថាជាស្នាដៃរបស់អង្គការខ្ញុំខ្មែរ ដែលជាអង្គការធានាយកតារាខ្មែរទៅច្រៀងនៅក្រៅប្រទេសរាប់សិបដងក្នុងមួយឆ្នាំ នឹងដាក់បញ្ចាំងលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបៗ ទាំំងនៅភ្នំពេញ និងខេត្តសៀមរាប។ ភាពយន្តនេះត្រូវអ្នកចូលរួមទស្សនាក្នុងថ្ងៃសម្ពោធសរសើរថាល្អមើល ដែលមិនពិបាកកើបផលចំណេញនោះទេ ប៉ុន្តែម្ចាស់ផលិតកម្មបែរជាអះអាងថា នឹងយកប្រាក់ចំណូលដែលទទួលបានដាក់តម្កល់ក្នុងអង្គការ ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ជួយដល់ជនក្រីក្រ ដោយមិនយកមកដាក់ហោប៉ៅដូចគ្នានឹងផលិតករផ្សេងៗទៅវិញ។

លោក អេថិន ជានិច្ច ម្ចាស់ផលិតកម្មC2go បានអះអាងថា ចាប់តាំងពីលោកបានបើកអង្គការខ្ញុំខ្មែរ លោកបានរួមចំណែកជួយដល់សង្គមនៅកម្ពុជាជាច្រើនតាមរយ:ការធ្វើសកម្មភាពរ៉ៃអង្គាសពីបណ្ដាពលរដ្ឋខ្មែរនៅតាមប្រទេសណានានា និងជនបរទេស ដើម្បីយកមកជួយដល់ជនជាតិខ្មែរដែលមានកង្វះខាតក្នុងជីវភាព។ ក្នុងនោះសហគមន៍ក្រីក្រ ស្រ្តីម៉េម៉ាយខ្វះខាត និងក្មេងៗកំព្រាជាដើម គឺអង្គការរបស់លោកចុះជួយដោយមិនរើសអើងនោះទេ តាមរយ:សកម្មភាពនាំយកតារាពីប្រទេសកម្ពុជាទៅច្រៀងលក់សំបុត្រ ឬរ៉ៃអង្គាសនៅក្រៅប្រទេស ដើម្បីយកប្រាក់ទាំងនោះមកតម្កល់នៅក្នុងអង្គការសម្រាប់ជួយដល់ពលរដ្ឋនៅកម្ពុជា។

ដើម្បីកាន់តែពង្រីកសកម្មភាពសង្គមមួយនេះ ទើបលោកសម្រេចចិត្តបើកផលិតកម្មចម្រៀង C2go និងផលិតភាពយន្តផង ដើម្បីផ្ដល់ការងារឲ្យតារាៗ ដែលបានលះបង់ជួយអង្គការ និងដើម្បីជួយឲ្យតារាៗដែលបានស្ម័គ្រចិត្តចុះច្រៀងក្នុងសកម្មភាពសប្បុរសទាំំងអស់មានការងារធ្វើ និងមានកេរ្តិ៍ឈ្មោះឈានឡើង។ លោកថាអង្គការបានសម្រេចបោះទុនផលិតរឿង«ខ្មោចស៊ីឈ្នួល» តែការដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី១៨ មករាតទៅនេះ គឺមិនមែនដើម្បីយកលុយ ឬយកផលចំណេញសម្រាប់ដាក់ហោប៉ៅនោះទេ គឺលោកប្រកាសផ្ដល់ផលចំណេញចែកឲ្យតារាៗដែលខំប្រឹងសម្ដែង និងមួយផ្នែកតម្កល់ទុកក្នុងអង្គការដើម្បីទុកជួយដល់សង្គមទាំងអស់។ លោកថាលោកបើកអង្គការដើម្បីជួយខ្មែរ ហើយលោកក៏ធ្វើភាពយន្តដើម្បីកេងចំណេញទុកលុយផ្ទាល់ខ្លួននោះដែរ គឺលោកនឹងធ្វើដើម្បីអ្នកខំសម្ដែង អ្នកខំផលិត និងអ្នកដែលមានកង្វះខាតតែម្ដង ។ លោកទទូចឲ្យអ្នកស្រឡាញ់ភាពយន្តចូលរួមគាំទ្រភាពយន្តមួយនេះឲ្យបានខ្លាំងក្លា ដើម្បីឲ្យរឿងទាំងមូលទទួលបានប្រាក់ចំណេញ ហើយអាចឲ្យផលិតកម្មមានចំណូលកាន់តែច្រើនជាប្រយោជន៍ដល់សង្គម បន្ថែមពីលើសកម្មភាពច្រៀងរ៉ៃអង្គាសដែលធ្លាប់បានធ្វើ។ យ៉ាងណាមិញ គេមើលឃើញថាភាពយន្តមួយនេះ មិនពិបាកកន្ត្រាក់នូវការគាំទ្រនោះទេ ដោយសារតែសាច់រឿងទាំំងមូលពោរពេញដោយការសម្ដែងរស់រវើក ទាំងឈុតភ័យរន្ធត់ សើចសប្បាយ និងការអប់រំ មិនខុសពីការអះអាងថារបស់ព្រះតេជគុណ នុន ណារ៉ុង ដែលជាចាងហ្វាងរងផលិតកម្ម និងជាអ្នកផលិតដ៏សំខាន់។

លោក អេថិន ជានិច្ច និយាយថា ក្រោយការដាក់បញ្ចាំងនៅកម្ពុជា ភាពយន្តរឿង«ខ្មោចស៊ីឈ្នួល»នឹងយកទៅបញ្ចាំងនៅអូស្រ្តាលីដែលជាទីស្នាក់ការរបស់អង្គការ នៅកូរ៉េ និងនៅថៃជាដើម ដែលអង្គការធ្លាប់មានទំនាក់ទំនងធ្វើការប្រគំតន្ត្រីសប្បុរសធម៌នៅទីនោះរួចទៅហើយ។

នៅក្នុងថ្ងៃសម្ពោធកាលពីថ្ងៃទី១៧ មករានោះ គេឃើញភាពយន្តរឿង«ខ្មោចស៊ីឈ្នួល»មានការចូលរួមសម្ពោធយ៉ាងច្រើនកុះករ ពីតារាសិល្ប:នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺតារាៗមកពី«គ្រួសារតារាកម្ពុជា» ដោយសរុបទាំងតារារបស់ផលិតកម្មផង គឺមានចំនួនមិនតិចជាង២៥០នាក់។ ខាងក្រោមនេះជាទិដ្ឋភាពទាំំងស្រុងក្នុងពេលសម្ពោធរឿង ដែលអមដោយវត្តមានតារាៗចាស់ថ្មីយ៉ាងច្រើនកុះករ នៅផ្សារសុវណ្ណា៖

មតិយោបល់