Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត (មានវីដេអូ) ក...

(មានវីដេអូ) កម្សត់ណាស់ វង្ស ថាណាន់ ! នៅពេលបង្ហើបថា ឪពុកបន្តមិនរាប់រក!

ក្នុងជំនួបក្នុងកម្មវិធីសម្ពោធរឿង«ខ្មោចស៊ីឈ្មួល» ដែលប្រកាសដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី១៨ មករា នោះ តារាចម្រៀងដែលត្រូវគេស្គាល់ថាជាកូនកំព្រា និងជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ លោកវង្ស ថាណាន់ បានអះអាងថា មកទល់ពេលនេះ ឪពុករបស់លោកដែលបានបោះបង់លោកតាំងពីវ័យមិនដល់៣ឆ្នាំ នៅតែមិនបានរាប់រងលោកជាកូននោះទេ ដោយសូម្បីតែទឹកចិត្តខលសួរសុខទុក្ខ ឬនឹកនាក៏គ្មាន។ លោកនៅតែចង់ស្រក់ទឹកភ្នែកនៅពេលសួរនាំដល់ចំណុចរសើបនេះ តែលោកបែរជាប្រកាសថាបើទោះជាលោកមិនទទួលបានការទទួលស្គាល់ពីឪពុកថាជាកូនម្នាក់បែបហ្នឹងក្ដី ក៏លោកតាំងចិត្តនឹងជ្រោមជ្រែងឪពុក ក្រោយពេលលោកមានលុយកាក់ជាងនេះ។

លោកវង្ស ថាណាន់ បានថ្លែងឲ្យដឹងពីជីវិតដ៏កម្សត់នោះទេ ក្រោយពេលលោកចាប់កំណើតមានវ័យជិត៣ឆ្នាំ ឪពុកម្ដាយរបស់លោកក៏មានរឿងឈ្លោះគ្នា ហើយក្រោយពេលមានជម្លោះលែងលះ ក៏ស្រាប់តែចាកចេញពីស្រុកទៅធ្វើការនៅថៃ បោះបង់លោក និងបងស្រីឲ្យតែលតោលដូចកូនគ្មានមេបាតែម្ដង ដោយសូម្បីតែដំណឹងផ្ដល់មកឲ្យរូបលោក និងៗក៏គ្មាន ហើយបានប្រកាន់ជំហរឈប់ជាន់ស្រុកកំណើតតែម្ដង ដោយបានទាំំងចាត់ទុកថាកំណើតរបស់លោកទើបធ្វើឲ្យជីវិតប្ដីប្រពន្ធបែកគ្នា។

លោកត្រូវបានអ្នកស្រុក និងបងស្រី យកទៅរស់នៅមណ្ឌលកុមារកំព្រាមួយកន្លែងនៅខេត្តកំពង់ស្ពឺតាំងពីវ័យ៣ឆ្នាំព្រោះតែអត់លទ្ធភាពចិញ្ចឹម រហូតដល់វ័យជិត២០ឆ្នាំ មណ្ឌលឈប់ចិញ្ចឹម ទើបចេញធ្វើជាអ្នកចម្រៀងទាំំងត្រដាបត្រដួសចិញ្ចឹមជីវិត។
លោកថាក្នុងពេលលោករស់នៅមណ្ឌលលោកមិនដែលបានឃើញមុខឪពុក ឬម្ដាយ ឬសូម្បីតែដំណឹងមកសួរសុខទុក្ខដល់លោកនោះទេ ដោយអ្នកទាំង២ចេញចូលស្រុកកំណើតម្ដងម្កាល ក៏មិនសួរនាំពីលោកជាកូនក្រោយទៅរស់នៅមណ្ឌល។ យ៉ាងណាមិញ ក្រោយពេលលោកមានឱកាសបានច្រៀង និងចេះរកលុយដោយខ្លួនឯងលោកនៅតែបានតាមរកឪពុកម្ដាយ ហើយលទ្ធផលក៏បានជួបមែន តែមើលទៅអ្នកទាំំង២ហាក់មិនបានចាត់ទុកលោកជាដំណក់ឈាមមួយរូបនោះទេ។

លោកនៅតែបានចេញចូលទៅលេងអ្នកម្ដាយបើទោះជាអ្នកស្រីមិនបានផ្ដល់ក្ដីស្រឡាញ់ដូចម្ដាយទូទៅ ហើយលោកក៏សម្ដែងអារម្មណ៍ខូចចិត្តណាស់ដែរដែលម្ដាយរបស់លោកបានចែកឋានទៅកាលពីចូលឆ្នាំខ្មែរឆ្នាំមុន ធ្វើឲ្យលោកមិនទាន់មានពេលសងគុណ ក្រោយពេលបានជោគជ័យក្នុងសិល្ប: បើទោះជាលោកត្រូវបានអ្នកស្រីមិនរាប់រក។

លោកក៏បានចំណាយពេលតាមរកឪពុកដូចគ្នាផងដែរ ដោយឪពុករបស់លោកគឺមានប្រពន្ធថ្មី និងមានកូនថ្មីនៅខេត្តព្រះវិហារ ហើយថ្វីដ្បិតថាលោកបានឡើងចុះទៅលេងច្រើនដង ក៏ឪពុករបស់លោកនៅតែមិនបានខ្វាយខ្វល់ចំពោះលោកជាកូន ដោយសូម្បីតែទឹកចិត្តខលមកលេង ឬនឹកនាលោកក៏គ្មានមកទល់ពេលនេះ។ លោកថាទំនាក់ទំនងរបស់លោក និងឪពុក អត់មាននោះទេ តែលោកមិនខឹងចំពោះជីវិតដែលខ្វះការផ្ដល់ក្ដីស្រលាញ់ ដែលមិនបានទទួលនោះឡើយ ដោយលោកនៅតែបានប្រកាន់ជំហរថា នៅពេលដែលលោកជោគជ័យនឹងការងារសិល្ប:បានល្អជាងនេះ គឺលោកនឹងផ្ដល់លុយកាក់ជាប្រចាំឲ្យឪពុក ក្នុងនាមជាកូននោះផង។

លោកនិយាយថា លោកមិនដែលចង់បានអ្វីពីឪពុក ក្រៅពីការខលសួរ ឬនឹករលឹកដល់លោកជាកូននោះទេ ប៉ុន្តែឪពុករបស់លោកមិនមានតែម្ដង ដោយសារតែពេលលោកចុះទៅជួបម្ដងៗ គឺសកម្មភាពរបស់ឪពុកចំពោះរូបលោក អាចនឹងពិបាកប្រដូចនឹងមនុស្សដែលធ្លាប់បានរាប់អានលោកដាច់ឆ្ងាយ។ យ៉ាងណាមិញ លោកបានប្រកាន់ជំហរអត់ស្អប់ឪពុកទេ ហើយមានតែអាណិតថែម នៅពេលដឹងថាឪពុកចាស់ និងមានជំងឺប្រចាំកាយផង ហើយត្រូវប្រឹងរកលុយចិញ្ចឹមគ្រួសារក្រោយដោយមិនស្រួល។

ការលើកឡើងរបស់លោក វង្ស ថាណាន់ មិនត្រឹមតែធ្វើឲ្យលោកខ្លួនឯងចង់ស្រក់ទឹកភ្នែកនោះទេ គឺសូម្បីតែក្រុមអ្នកសារព័ត៌មានដែលបានសម្ភាសន៍លោកក៏មានអារម្មណ៍ក្ដុកក្ដួល នៅពេលតារាចម្រៀងរូបនេះរំលេចពីស្ថានភាពផ្លូវចិត្តដល់ចំណុចរសើបនេះដែរ។ លោកថាខ្លួនមានតែបងស្រីប៉ុណ្ណោះជាម្ដាយផង ឪពុកផង អ៊ីចឹងហើយទើបលោកប្រឹងច្រៀងរាល់ថ្ងៃ គឺត្រូវផ្គត់ផ្គង់ដល់បងស្រីផង និងដល់ក្មួយៗច្រើននាក់ ដែលជាកូនរបស់បងស្រីនោះផង៕

Loading...