ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម លីហ្សា មកដល់ខ្មែរភ្លាម រិះគន់ក្រុមហ៊ុន Metfone ភ្លែត

បន្ទាប់ពីបានរៀបការហើយចេញទៅរស់នៅប្រទេសអូស្ត្រាលីរហូតទទួលបានកូនប្រុសម្នាក់ទុកជាចំណងដៃ តារាចម្រៀងអ្នកនាង គឹម លីហ្សា ដែលគេស្គាល់ថា ជាដៃគូដ៏ស្អិតរមួតរបស់លោក អេឡិច ចន្ត្រា កាលពីមុន បានដឹកដៃកូនប្រុស ចុះមកលេងស្រុកខ្មែរ កាលពីថ្ងៃទី១៨ មករា។
អ្វីដែលគេចាប់អារម្មណ៍ គឺនាងរិះគន់ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone យ៉ាងពេញទំហឹងតែម្ដង បន្ទាប់ពីបានមកដល់ភ្លាម។ នាងបានបង្ហោះសារ នៅលើហ្វេសប៊ុកថា ទើបតែដាក់បញ្ចូលទឹកប្រាក់៥ដុល្លារ ក្រោយពេលទិញស៊ីមសោះ ក្រុមហ៊ុន Metfone កាត់អស់ទឹកប្រាក់ ដែលមិនអាចឲ្យនាង ប្រើប្រាស់អ៊ីនធឺណិតតែម្ដង ដោយសូម្បីតែនាងមិនទាន់បានខលវីដេអូ មិនទាន់ឆាត ឬ លេងអ៊ីនធឺណិតជាដុំកំភួន។

នៅក្នុងសារបង្ហោះរបស់នាង ក៏មានការរិះគន់ ពីអ្នកធ្លាប់ប្រើប្រព័ន្ធ Metfone ផងដែរ ថាក្រុមហ៊ុននេះ មានបញ្ហារឿងកាត់លុយឆៅក្រោយពីបានបញ្ចូលទឹកប្រាក់។ ប៉ុន្តែក៏មានអ្នកលេងហ្វេសប៊ុកជាមួយនាង បញ្ជាក់ថា បណ្ដាលមកពីនាងមិនបានប្ដូរទឹកប្រាក់ ដើម្បីទទួលបានកញ្ចប់ក្នុងប្រើប្រាស់អ៊ីនធឺណិតឲ្យបានយូរនោះផងដែរ។
យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា ការរិះគន់ប្រព័ន្ធ Metfone មិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លងមក ធ្លាប់មានករណីនេះ កើតឡើងច្រើនមកហើយ ជាពិសេសអ្នកចុះពីលើព្រលានយន្តហោះ ដែលដាក់បញ្ចូលលុយដើម្បីខល និងលេងអ៊ីនធឺណិត ហើយមិនបានដូរលុយតាមអ្វីដែលក្រុមហ៊ីនណែនាំ។

គឹម លីហ្សា ត្រូវគេឃើញមកលេងស្រុកខ្មែរលើកដំបូងនាពេលនេះ តែ២នាក់កូនប៉ុណ្ណោះ តែមានការអះអាងថា ស្វាមីរបស់នាង នឹងមកតាមក្រោយ។ នាងក៏គម្រោងបង្ហាញខ្លួនជួបជុំតារាសិល្ប: និងឡើងឆាកផងដែរ បន្ថែមពីលើដំណើរកម្សាន្តក្នុងស្រុកជាមួយនឹងក្រុមគ្រួសារ៕

មតិយោបល់