Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត អាងមានខ្សែក្រ...

អាងមានខ្សែក្រវាត់ខ្មៅ៤ដាន់ តារាសម្ដែង ហ៊ុន សត្យា យកក្បាច់តៃក្វាន់ដូរ មករាំកក្រើកឆាកតែម្ដង

​កាលពីថ្ងៃទី២០ មករា នៅសាលតន្ត្រី CKCC របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរំលេចកម្មវិធីសប្បុរសធម៌ធំមួយដោយមានតារាចាស់ក្មេងទាំងល្បីឈ្មោះ និងទើបចេញពន្លកសិល្ប:ជាច្រើនចូលរួម។ ក្នុងចំណោមតារាចម្រៀង Original Song តារាចម្រៀងអាជីពដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងក្រុមរាំដ៏រស់រវើក តារាសម្ដែងលោកហ៊ុន សត្យា ដែលត្រូវគេស្គាល់ជាគ្រូតៃក្វាន់ដូមានខ្សែក្រវាត់កម្រិត៤ដាន់ផង ក៏ទាក់ទាញអ្នកគាំទ្រផងដែរ ដោយសារតែលោកបានយកអ្នកជំនាញខាងផ្នែកតៃក្វាន់ដូ មករំលេចក្បាច់គុន និងបង្កើតជាក្បាច់រាំតែម្ដង ធ្វើឲ្យមានការចាប់អារម្មណ៍។

វេទិកាដែលមានការចូលរួមដោយតារាចម្រៀង កញ្ញា សុវត្តិឌី ធារិកា តារាចម្រៀងនាងស៊ឹម ថៃណា និងតារាចម្រៀងវ័យក្មេងជាច្រើននាថ្ងៃនោះ តារាសម្ដែងលោកហ៊ុន សត្យា ដែលបានវិវត្តន៍ក្លាយជាអ្នកចម្រៀងមួយរូប បានអះអាងថា លោកសម្រេចចិត្តយកក្បាច់គុនតៃក្វាន់ដូមករាំលើកឆាកតែម្ដង ដោយអ្នករាំអមជាមួយលោកទាំងអស់ គឺសុទ្ធតែជាអ្នកហ្វឹកហាត់តៃក្វាន់ដូអាជីព។ ហេតុផលដែលលោកសម្រេចចិត្តយកក្រុមតៃក្វាន់ដូរមកធ្វើក្បាច់រាំនាថ្ងៃនោះ គឺដោយសារតែលោកក្រៅពីជាតារាសម្ដែង លោកក៏ជាគ្រូតៃក្វាន់ដូប្រចាំនៅសាលាអន្តរជាតិ២ផ្សេងគ្នា និងជាគ្រូបង្វឹកដែលមានក្លិបខ្លួនឯងគឺក្លិបដូនពេញនោះផង។ មកទល់ពេលនេះ លោកមានកូនសិស្សសរុបប្រមាណជា២០០នាក់ ហើយដោយសារតែលោកមានបំណងចង់ឲ្យសិល្ប: និងក្បាច់គុនតៃក្វាន់ដូបានផ្សារភ្ជាប់គ្នា ទើបលោកសម្រេចចិត្តយកក្បាច់គុនមកបំបែកជាក្បាច់រាំ ហើយឡើងរាំបង្ហាញនៅលើវេទិកាតន្ត្រីសប្បុរសធម៌។

លោកបានដឹកនាំកូនសិស្សរបស់លោកដែលមានក្បាច់គុនតៃក្វាន់ដូស្ទាត់ជំនាញ ហើយមាននិស្ស័យចង់រាំ ឡើងរាំក្នុងព្រឹត្តិការណ៍បែបនេះចំនួន៣លើកមកហើយ តែលោកកត់សម្គាល់ថាការបង្ហាញខ្លូនលើកនេះទទួលបានការចាប់អារម្មណ៍ច្រើនជាង ជាពិសេសនៅពេលក្បាច់រាំមួយនេះ ក៏មិនខុសពីការបង្ហាញក្បាច់គុនផ្នែកតៃក្វាន់ដូផងដែរ។ លោកថាក្បាច់គុនមិនមែនសុទ្ធតែបាត់បង់ភាពទន់ភ្លន់ទាំងអស់នោះទេ ហើយដោយសារតែចង់បញ្ជាក់ថាក្បាច់គុន ក៏មានទំនាក់ទំនងនឹងសិល្ប: និងភាពទន់ភ្លន់ ទើបលោកសម្រេចចិត្តយកតៃក្វាន់ដូមកបង្ហាញជាក្បាច់រាំ។ លោកក៏ប្រកាសបង្រៀនក្បាច់រាំនេះ ទៅកាន់ក្រុមរាំផ្សេងទៀតផងដែរ តែលោកតម្រូវឲ្យពួកគេ មានគ្រឹះផ្នែកក្បាច់គុនតៃក្វាន់ដូជាមុនសិន ទើបអាចមករាំតាមស្ទីលនេះបាន។ ក្រៅពីបង្ហាញក្បាច់រាំដោយប្រើក្បាច់គុនតៃក្វាន់ដូ លោកក៏បានបកស្រាយបទចម្រៀងផ្ទាល់ខ្លួន នៅក្នុងវេទិកាតន្រ្តីសប្បុរសធម៌នោះផងដែរ។ លោកថាតន្ត្រីនេះគឺលក់សំបុត្រ និងរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយលោក និងក្រុមរាំដែលសុទ្ធតែជាអ្នកក្បាច់គុនតៃក្វាន់ដូ មកចូលរួមជាលើកទី៣ហើយ។ លោកអះអាងថាខ្លួនមានខ្សែក្រវាត់ខ្មៅ៤ដាន់ ដោយលោកនឹងប្រលងយក៥ដាន់ក្នុងពេលខាងមុខ ដោយសារតែលក្ខណ្ឌគឺក្រោយទទួលបានខ្សែក្រវាត់មួយដាន់ៗ គឺរហូតដល់៥ឆ្នាំម្ដង ទើបអនុញ្ញាតិឲ្យប្រលងយកមួយដាន់ទៀត ដោយមិនមែនចេះតែចង់ប្រលងយកខ្សែក្រវាត់ប៉ុណ្ណេះដាន់ប៉ុណ្ណោះដាន់បានតាមចិត្តនោះទេ។

មកទល់សព្វថ្ងៃលោក ហ៊ុន សត្យា បានអះអាងថា លោកច្រើនតែមានឱកាសបានសម្ដែងនៅក្នុងផលិតកម្មថោនប៉ុណ្ណោះ ដោយMV ភាគច្រើនដែលលោកបានសម្ដែង គឺបទរបស់លោកកែវ វាសនា និងបទចម្រៀងដែលដឹកនាំសម្ដែងដោយ លោក Rith Omega ។ លោកថាសិល្ប: លោកទទួលតែពេលទំនេរពីការបង្ហាត់សិស្សប៉ុណ្ណោះ តែបើឲ្យលោកទទួលពេញទំហឹងគឺមិនទេ ដើម្បីកុំឲ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ហើយមានបញ្ហាផ្នែកសេដ្ឋកិច្ច៕

Loading...