Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រឿងក្ដី នី មុ...

រឿងក្ដី នី មុន្នីនាថ កម្រើកឡើង ស្របគ្នាដើមបណ្ដឹងចុះមកតតាំងក្នុងតុលាការ!

ស្ងប់ស្ងាត់ពីរឿងតុលាការមួយខ្យល់ ពេលនេះប្រភពផ្លូវការបានអះអាងថា ករណីបណ្ដឹងទាមទារឲ្យតារាសម្ដែងកញ្ញា នី មុន្នីនាថ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត កម្រើកឡើងវិញហើយ បន្ទាប់ពីករណីបណ្ដឹងនេះនឹងត្រូវតុលាការស៊ើរើ ស្របគ្នាដែលអតីតគូដណ្ដឹងរបស់នាងក៏ត្រូវកំណត់ឲ្យឡើងមកបំភ្លឺដើម្បីតតាំងគ្នាផង។ លោកអ៉ឹង សូឡាង ជាដើមបណ្ដឹងនឹងឡើងយន្តហោះពីអាមេរិកមកដល់កម្ពុជា នៅថ្ងៃទី២២ មករា នេះហើយ ដោយលោកនឹងនៅតតាំងក្ដីជាមួយនី មុនីនាថ រហូតដល់បញ្ចប់ការកាត់ក្ដី។

ប្រភពពីតុលាការនិយាយថា នៅអំឡុងចុងខែកុម្ភ:នេះ បណ្ដឹងរបស់អ៉ឹង សូឡាង លើតារាសម្ដែងកញ្ញា នី មុន្នីនាថ នឹងត្រូវកំណត់ឲ្យកាត់ក្ដីហើយ បន្ទាប់ពីបណ្ដឹងមួយនេះត្រូវបានអូសបន្លាយច្រើនខែមកហើយ ចាប់តាំងពីលោក អ៉ឹង សូឡាង ដាក់បណ្ដឹង និងបន្ទាប់ពីកញ្ញានី មុន្នីនាថ បានស្នើសុំពន្យារពេលចូលបំភ្លឺ ដើម្បីស្វែងរកមេធាវី។ ប្រភពបន្តថា លោក អ៉ឹង សូឡាង និងកញ្ញានី មុន្នីនាថ នឹងតម្រូវឲ្យចូលបំភ្លឺដោយផ្ទាល់នៅក្នុងពេលដ៏ខ្លីនោះ ដោយក្រោយការបំភ្លឺ នឹងតម្រូវឲ្យមានការសម្រុះសម្រួល ហើយបើការសម្របសម្រួលមិនមានលទ្ធផល នឹងឈានដល់ការកាត់ក្ដី។ យ៉ាងណាមិញ ប្រភពពីតុលាការបានបដិសេធមិនទម្លាយឲ្យដឹងពីកាលបរិច្ឆេទក្នុងការចូលបំភ្លឺរបស់អ្នកទាំង២ និងលទ្ធផលទុកមុននៃការកាត់ក្ដីនោះទេ។
ស្របគ្នានឹងការទម្លាយនេះ ភាគីលោក អ៉ឹង សូឡាង អតីតគូដណ្ដឹងរបស់កញ្ញា នី មុន្នីនាថ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថាលោកនឹងមកដល់កម្ពុជានៅថ្ងៃទី២២ មករា នេះ ដោយការមកដល់របស់លោកនឹងមិនកំណត់ពេលវេលាត្រឡប់ទៅវិញនោះទេ ដរាបណាមន្ត្រីតុលាការមិនអាចកាត់ក្ដីបណ្ដឹងរបស់លោកឲ្យដាច់ស្រេច។ លោកហាក់មានជំនឿចិត្តថានឹងឈ្នះក្ដីលើនី មុន្នីនាថ ខណ:ដែលនី មុន្នីនាថ ក៏មានជំនឿថានឹងឈ្នះក្ដីដូចគ្នា។ មេធាវីរបស់នី មុន្នីនាថ បានទាំងប្រកាសថានឹងប្ដឹងលោក អ៉ឹង សូឡាង ពីបទបរិហាកេរ្តិ៍ ក្រោយពេលឈ្នះក្ដីនោះផង ដោយសារតែការបង្ហោះរបស់លោក អ៉ឹង សូឡាង ត្រូវបានមេធាវីរបស់នាងប្រាប់ថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងខ្លាំង។

ជាមួយនឹងការទម្លាយរបស់មន្ត្រីតុលាការ និងការប្រកាសថាលោក អ៉ឹង សូឡាង នឹងចុះមកតតាំងក្ដីជាមួយនាងដល់ស្រុកខ្មែរនេះ នឹងកាន់តែធ្វើឲ្យគេមើលឃើញថាបណ្ដឹងមួយនេះកម្រើកខ្លាំង ខណ:ដែលអ្នកតាមដានក៏រង់ចាំមើលពីលទ្ធផលដែរនោះ៕

Loading...