ព័ត៌មានសិល្បៈ និងកម្សាន្ត

ចង់ដឹងអត់ ហ៊ិន ច័ន្ទនិរ័ត្ន ថ្ងូរអ្វីខ្លះ ដាក់ត្រចៀកអ្នកកាសែត?

បើមិនរាប់បញ្ចូលពីការសម្ដែងក្នុងរឿងភាគប្រចាំនៅទូរទស្សន៍បាយ័ន ពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ខានសម្ដែងរឿងដុំមិនតិចឆ្នាំនោះទេ ដោយសារតែនាងប្រកាន់ជំហរថាទាល់តែរឿងនោះហ៊ានថ្លៃ និងមិនចង់សម្ដែងក្នុងរឿងខ្នាតធំ ដែលតម្រូវឲ្យនាងចុះខេត្តឆ្ងាយៗ។

នាងអះអាងក្នុងកិច្ចសម្ភាសន៍ពីសំណាក់អ្នកសារព័ត៌មានថា ការសម្ដែងរឿងភាគមិនសូវលំបាកនោះទេ ដោយសារតែរឿងភាគទូរទស្សន៍ច្រើនសម្ដែងនៅភ្នំពេញ ឬខេត្តជិតៗ ហើយបើការសម្ដែងក្នុងដុំគឺច្រើនសម្ដែងនៅខេត្តឆ្ងាយៗ ជាពិសេសគឺរឿង«ធ្មប់»ដែលនាងបញ្ជាក់ថាលំបាកហួសថ្លែងព្រោះ ត្រូវសម្ដែងជាតួមានផ្ទៃពោះផង ថតពេលយប់ផង និងត្រូវថតនៅក្នុងប្លង់ដែលព្រឺព្រួចផង។

ហ៊ិន ច័ន្ទនិរ័ត្ន ដែលតែងខ្លួនស្រស់ស្អាតក្នុងសម្លៀកបំពាក់សម័យលង្វែក ក្នុងពិធីសម្ពោធរឿង«ធ្មប់»បានអះអាងថា កញ្ញាមានការលំបាកយ៉ាងខ្លាំងជាពិសេសគឺការបិទធ្មេញឲ្យខ្មៅ ដែលក្នុងពេលខ្លះគឺមិនទាន់បានថតផង ក៏ជ្រះធ្មេញបាត់ ដែលធ្វើឲ្យនាងត្រូវថតដដែលហើយដដែលទៀត។ នាងថានៅក្នុងរឿងនេះពិបាកទាំងការធ្វើសក់ និងការតែងខ្លួនផង ទើបលោកបានទទួលថតមួយរឿងនេះចង់រាងតែម្ដង ដោយសារតែមានផលលំបាកដាច់ឆ្ងាយបើធៀបនឹងពេលដែលនាងចេញថតរឿងភាគ។

នាងថ្ងូរពីការលំបាកជាច្រើនទៀត ជុំវិញការសម្ដែងជាតួមានកូន និងជាតួដែលត្រូវថតតែក្នុងប្លង់រន្ធត់ៗ ខណ:ដែលប្លង់របស់នាងក៏ត្រូវតែចំពេលយប់ ដែលធ្វើឲ្យនាងពិបាកតស៊ូទម្រាំតែបានថតបញ្ចប់មួយរឿងនេះ។ នាងថានាងខានទទួលថតរឿងភាគមិនតិចជាង១០ឆ្នាំនោះទេ ប៉ុន្តែសម្រាប់រឿងភាគគឺនាងទើបតែខានប្រមាណជាជាងមួយឆ្នាំប៉ុណ្ណោះ ដោយសារតែក្នុងរឿងនោះជារបស់ទូរទស្សន៍បាយ័ន ហើយរឿងដែលខាងស្ថាប័នឲ្យនាងសម្ដែង ក៏ថតតែនៅភ្នំពេញមិនសូវលំបាកបែបហ្នឹង។ នាងថ្ងូរថាទទួលថតរឿងបុរាណមួយរឿងនេះ មិនខុសពីថតរឿងភាគច្រើនរឿងនោះទេ ទាំងការអត់ធ្មត់ និងការលំបាកគឺមាន១០០ជំពូក ទើបនាងមិនទាន់ចសប់អារម្មណ៍សម្ដែងរឿងដុំថ្មី ព្រោះតែលំបាកស្ទើរគ្រប់រឿង។ យ៉ាងណាមិញ នាងថាសប្បាយចិត្ត ដោយសារតែការសម្ដែងនៅក្នុងរឿង«ធ្មប់»បានជួយឲ្យនាងទទួលបានការចាប់អារម្មណ៍ច្រើនជាង បើធៀបនឹងការសម្ដែងក្នុងរឿងភាគទូរទស្សន៍។

កញ្ញាហ៊ិន និរ័ត្ន ត្រូវគេឃើញលេចធ្លោរយ៉ាងខ្លាំងក្នុងតំណែងជាតួភរិយា«ធ្មប់»ដោយនាងត្រូវផលិតករឲ្យគ្រងសម្លៀកបំពាក់ជានារីសម័យលង្វែកក៏ស្អាតមិនធម្មតាផងដែរ ស្របគ្នាដែលរូបសម្រស់របស់នាងក៏ស្អាតផូរផង់មិនធម្មតា។ នាងត្រូវគេឃើញអ្នកគាំទ្រសុំថតជាងគេ បើធៀបនឹងតារាដែលបានសម្ដែងក្នុងរឿង«ធ្មប់»ដូចគ្នាក្នុងថ្ងៃប្រកាសសម្ពោធ។ យ៉ាងណាមិញ នាងអះអាងថាមិនទាន់ដឹងថាការសម្ដែងរបស់នាងទទួលបានការគាំទ្រកម្រិតណានោះទេ ក្នុងពេលដែលនាងខានសម្ដែងកុនតាមរោងយូរ ហើយក៏មិនទាន់ដឹងថាការគាំទ្រចំពោះតួអង្គនាងមានកម្រិតណានៅឡើយ៕

មតិយោបល់