ព័ត៌មានសិល្បៈ និងកម្សាន្ត

ចឹងតើ! បានជា ខាត់ សុឃីម លើកទាំងគ្រួសារទៅ ខួបយ៉េយ៉េ

ក្នុងចំណោមតារាល្បីឈ្មោះលំដាប់ប្រទេស គេអាចនិយាយបានថាមានតែតារាចម្រៀង អ្នកនាង ខាត់ សុឃីម ប៉ុណ្ណោះ ដែលនៅតែឈរជើងក្ដោបក្ដាប់ការងារបានរយជំពូកលើសលប់ជាងគេ បើធៀបនឹងតារាមុនជំនាន់ រួមជំនាន់ និងក្រោយជំនាន់ធ្លាក់កូដមួយចំនួនធំ។

អ្នកនាងគឺជាតារាដែលមានផ្ទះបុរីរស់នៅ មានហាងតម្លៃរាប់សែនដុល្លារ និងមានរថយន្ត៥៧០ជិះរាល់ថ្ងៃព្រោះតែការងារសិល្ប: និងការងារមុខជំនួញរបស់ខ្លួន១០០ភាគរយ ដោយមិនមានពាក់ព័ន្ធជំនួយឧបត្ថម្ភណាមួយ ដូចគ្នានឹងភាពឡូយឆាយរបស់តារាស្រីមួយចំនួននោះទេ។

អ៉ីចឹងហើយទើបគេកម្រឃើញ អ្នកនាងទំនេរទៅខួបកំណើត ឬក្នុងមង្គលការក្រៅពីផ្ញើតែចំណងដៃណាស់ ខណ:ដែលការលើកទ័ពទៅកម្មវិធីទាំងគ្រួសារៗ គឺរឹតតែអត់នាពេលចុងក្រោយ លើកលែងតែក្នុងពិធីខួបកំណើត របស់កញ្ញា យ៉េយ៉េ កាលពីយប់ថ្ងៃទី២៣ មករា។

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហានេះថា ហេតុផលដែលអ្នកនាងយកទាំងប្ដី និងកូនទាំងពីរមកចូលរួមក្នុងពិធីខួបកំណើតរបស់តារាកំប្លែងយ៉េយ៉េ មិនមែនដើម្បីបង្អួតក្រសែភ្នែកតារាសិល្ប: និងអ្នកសារព័ត៌មានថាអ្នកនាងចូលចិត្តទៅណាមកណាជាក្រុម ឬជាលក្ខណ:គ្រួសារនោះទេ ប៉ុន្តែការពិតបណ្ដាលមកពីអ្នកនាងអត់មានពេលបាននៅជាមួយគ្នាឲ្យបាន៥ៗនាក់ប្ដីប្រពន្ធ និងកូនបែបហ្នឹងទាល់តែសោះក្នុងរយ:ពេលមួយអាទិត្យនេះ ទើបទំនេរមួយល្ងាចចំថ្ងៃខួបយ៉េយ៉េ ក៏ប្រមូលប្ដី និងកូនមកសប្បាយជុំគ្នាតែម្ដង។

អ្នកនាងថារយ:ពេលមួយអាទិត្យមកហើយ ដែល អ្នកនាង និងលោកផាណូ ចុះខេត្តរាល់ថ្ងៃ រហូតដល់ថ្នាក់មិនដែលបានឃើញមុខកូនទាំំង២ដោយផ្ទាល់ ហើយដោយសារតែអ្នកនាងក៏មិនចង់ចោលកម្មវិធីមួយនេះ ទើបសម្រេចចិត្តយកខួបយ៉េយ៉េ ជាកម្មវិធីជួបជុំប្ដីប្រពន្ធ និងកូនទាំង២ កុំឲ្យភ្លេចមុខ។ អ្នកនាងថាខ្លួន និងស្វាមី ទើបតែចប់ការងារនៅខេត្តមុនមកកាន់ពិធីខួបយ៉េយ៉េ ប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយដោយសារតែមិនអាចបន្តត្រូវទុកកូនចោលដោយសូម្បីតែបានមកដល់ភ្នំពេញទៅហើយ ទើបសុខចិត្តរង់ចាំឲ្យកូនៗចេញពីសាលាហើយមកជុំគ្នា។ អ្នកនាងថា ក្រោយបញ្ចប់ពិធីខួបកំណើតរបស់យ៉េយ៉េ អ្នកនាង និងស្វាមី ក៏ត្រូវចេញសម្អាង និងភ្លេងនៅតាមបណ្ដាខេត្តរហូតដល់១អាទិត្យទៀតហើយ ទើបអ្នកនាងប្រកាសថាបើពិធីខួបក្នុងល្ងាចថ្ងៃទី២៣ មករា មិនមែនជាខួបរបស់យ៉េយ៉េ ដែលអ្នកនាងធ្លាប់មានអនុស្សាវរីយ៍ និងមានទំនាក់ទំនងទេ គឺអ្នកនាង និងស្វាមីពិតជានៅកំដរកូនៗនៅផ្ទះ ឬនាំទៅមើលកុនដើម្បីប៉ះប៉ូវការទុកកូនចោលព្រោះតែខំរកលុយនៅតាមបណ្ដាខេត្តរឿងចេញភ្លេង និងសម្អាងនោះបាត់ទៅហើយ។

នៅក្នុងពិធីខួបយ៉េយ៉េនោះ អ្នកនាងមិនត្រឹមតែលើកទាំងគ្រួសារមកលើកកិត្តិយសឲ្យម្ចាស់ពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឡើងច្រៀង និងឡើងកំប្លែងកំដរបរិយាកាសយ៉ាងកងរំពងផងដែរ៕

មតិយោបល់