ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ធ្លាក់ពីCambodian Idol ទាំងអ្នកគាំទ្រ មិនអស់ចិត្ត

ការប្រឡងក្នុងវគ្គ Theater Round ជុំទី២ កាលពីយប់ថ្ងៃទី២៦ មករា បានទម្លាក់បេក្ខជន វង្ស ថាណាន់ គួរឲ្យភ្ញាក់ផ្អើល ពីកម្មវិធី Cambodian Idol ខណ:ដែលបេក្ខជនរូបនេះត្រូវគេស្គាល់ថាមានប្រជាប្រិយភាពខ្លាំងតាំងពីការជម្រុះលើកទី១ និងជាបេក្ខជនដែលមានទឹកដមសំឡេងល្អ ដែលត្រូវអ្នកគាំទ្រយល់ថាគួរតែមានឱកាសបានឡើងទៅដល់វគ្គLive Show ដោយមិនគួរមកធ្លាក់នៅក្នុងវគ្គនេះឡើយ។ ការទម្លាក់លោកឲ្យបរាជ័យដោយគណកម្មការទាំង៤កាលពីយប់មិញ បានធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំង ដោយនៅក្នុងម៉ោងLive គេឃើញមានការរិះគន់ចំពោះការកាត់ក្ដីឲ្យធ្លាក់នោះផង។

ធៀបនឹងបេក្ខជន បេក្ខនារី ដែលច្រៀងស្ទើរតុង និងភ្លេចប៉ារ៉ូល ហើយត្រូវបានគណកម្មការផ្ដល់ឱកាសឲ្យជាប់កាលពីយប់ថ្ងៃទី២៦ មករា គេចាត់ទុកថាការទម្លាក់បេក្ខជន វង្ស ថាណាន់ គឺជារឿងគួរស្ដាយដោយសារតែបេក្ខជនរូបនេះនៅរក្សាទឹកដមសំឡេងបានល្អ បើទោះជាបរិយាកាសប្រឡងចម្រៀងនៅក្នុងពេលនោះតម្រូវឲ្យបេក្ខជនបេក្ខនារីចាប់បទហាត់ជាគូៗក្នុងរយ:ពេលខ្លី និងត្រូវច្រៀងលើខ្ពង់រាបដែលមានអាកាសធាតុត្រជាក់ខ្លាំង។ លោក និងដៃគូត្រូវបានគណកម្មការទម្លាក់ក្រោមហេតុផល ថាសហការគ្នាច្រៀងមិនល្អ ដោយសារតែបេក្ខជនម្នាក់ទៀតភ្លេចប៉ារ៉ូល និងឡើងតុងមិនសូវដល់។ អ្នកគាំទ្រ វង្ស ថាណាន់ បានបញ្ចេញមតិពេលផេកដែលបានផ្សាយផ្ទាល់ថា ការកំណត់របស់គណកម្មការទាំង៤ គឺជាការសម្រេចចិត្តដ៏គួរឲ្យស្ដាយ ក្នុងពេលដែលវង្ស ថាណាន់ គឺជាបេក្ខជនដែលធ្វើបានល្អ និងនៅតែច្រៀងបានល្អនៅក្នុងថ្ងៃនោះ។

អ្នកលេងហ្វេសប៊ុក បានទាំងបញ្ចេញមតិថា បើការប្រកួតនោះតម្រូវឲ្យធ្វើការបោះឆ្នោត គឺការបកស្រាយបទចម្រៀងរបស់បេក្ខជនរូបនេះ ពិតជាជាប់១០០ភាគរយ ដោយសារតែលោកគឺជាបេក្ខជនល្អម្នាក់។ អ្នកគាំទ្រកាន់តែមានការរិះគន់ នៅពេលឃើញគណកម្មការទាំង៤ បានសម្រេចចិត្តឲ្យបេក្ខជនបេក្ខនារីខ្លះដែលធ្វើមិនបានស្មើនឹងលោក ហើយភ្លេចប៉ារ៉ូលផង បានជាប់ទៅកាន់វគ្គបន្ត។

អ្នកទាំងនោះបានហៅការកាត់ក្ដីបែបនេះថា ការរៀបចំទុករបស់គណកម្មការ ឬអ្នករៀបចំកម្មវិធីនោះផង ទើបអ្នកច្រៀងខុសខ្លះបានជាប់ ហើយវង្ស ថាណាន់ ដែលជាបេក្ខជនមានប្រជាប្រិយមួយរូបក្នុងកម្មវិធីត្រូវបានធ្លាក់។ យ៉ាងណាមិញ គេឃើញលោកព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា បកស្រាយថា ការធ្លាក់ចេញរបស់បេក្ខជនរូបនេះ គឺដោយសារតែលោកធ្វើមិនបានល្អក្នុងការបញ្ចេញស្ទីលឲ្យអស់ពីលទ្ធភាព និងដោយសារតែលោក ច្រៀងខុសប៉ារ៉ូល ធ្វើឲ្យបាត់សោភ័ណភាពក្នុងបទចម្រៀង។ ប៉ុន្តែការបកស្រាយរបស់លោក ក៏ត្រូវបានអ្នកគាំទ្រថានោះគ្រាន់តែជាហេតុផលដែលគួរតែអនុគ្រោះប៉ុណ្ណោះ ដោយសារតែបរិយាកាសក្នុងពេលប្រកួតក៏ត្រជាក់ខ្លាំង ហើយបទចម្រៀងដែលហ្វឹកហាត់ទៀតសោត ក៏ផ្ដល់ឲ្យបេក្ខជនបេក្ខនារី ក្នុងរយ:ពេលខ្លី ដែលស្ថាភាពបែបនេះគឺទោះជាតារាចម្រៀងអាជីព ក៏មិនអាចធ្វើល្អលើសនេះផងដែរ ជាពិសេសក្នុងពេលបកស្រាយ ជាមួយដៃគូ ដែលទើបស្គាល់គ្នា និងសមជាមួយគ្នាបានតិច។

ក្នុងចំណោមបេក្ខជនបេក្ខនារីទាំងអស់ដែលបានធ្លាក់ គេនៅតែមើលឃើញថាលោកវង្ស ថាណាន់ មានអ្នកជំទាស់ច្រើនជាងគេ ជាពិសេសអ្នកលេងហ្វេសប៊ុក ដែលចូលចិត្តទឹកដមសំឡេងរបស់លោក។ តោះទស្សនាវីដេអូជុំវិញការប្រឡងធ្លាក់របស់បេក្ខជនរូបនេះ ក្នុងកម្មវិធី Cambodian Idol ដែលត្រូវអ្នកគាំទ្រភាគច្រើនសោកស្ដាយ៖

មតិយោបល់