ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម លីហ្សា ត្រូវប៉ាន់ទាំងម្ដាយទាំងកូន!

ដំណើរមកលេងស្រុកលើកនេះ តារាសម្ដែងអ្នកនាងគឹម លីហ្សា មិនត្រឹមតែប្រកាសឡើងឆាក និងទទួលថតមុនដំណើរត្រឡប់ទៅអូស្រ្តាលីវិញប៉ុណ្ណោះទេ អ្នកនាងក៏បានបញ្ជាក់ថាមានក្រុមផលិតករ និងអ្នកត្រូវការឲ្យអ្នកនាងចេញថត និងឡើងឆាកទាក់ទងមកជាច្រើនរហូតដល់អ្នកនាងអត់មានពេលទំនេរ។ ក្នុងនោះសូម្បីតែកូនប្រុសរបស់អ្នកនាង ក៏ត្រូវបានក្រុមហ៊ុនផលិតផលទឹកដោះគោ និងផលិតប្រើប្រាស់របស់កូនក្មេងធំមួយ ទាក់ទងឲ្យថតស្ពតផងដែរ ដោយអ្នកនាងគម្រោងនឹងទទួលហើយ។

អ្នកនាងគឹម លីហ្សា និយាយថាគ្រាន់តែចុះមកដល់ប្រទេសកម្ពុជាភ្លាម គឺថាអ្នកនាងមានទីផ្សារទាំងខ្លួនឯង និងកូនប្រុសតែម្ដង ដោយសារតែស្ពតទឹកដោះគោ និងផលិតកូនក្មេង២-៣ក្រុមហ៊ុនបានទាក់ទងមក តែអ្នកនាងនឹងជម្រើសយកតែមួយប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុននោះមានភាពច្បាស់លាស់។ អ្នកនាងថាមកទល់ម៉ោងនេះ អ្នកនាងរកពេលទទួលការកក់របស់ពីក្រុមផលិតករមិនបាននោះទេ ជាពិសេសផលិតករកុន និងការឡើងច្រៀងលើឆាក ដោយការទំនាក់ទំនងខ្លះគឺអ្នកនាងច្រានចោលនោះផង ដោយសារតែការស្នើឲ្យច្រៀង និងចេញថត ចំថ្ងៃអ្នកនាងត្រូវទៅដើរលេងនៅប្រាសាទអង្គរ ដែលជាគម្រោងយកកូនប្រុសអ្នកនាងទៅថតឲ្យជាប់ទិដ្ឋភាពប្រាសាទនៅទីនោះ។

អ្នកនាងថាខ្លួននឹងទទួលថតស្ពតទាំងម្ដាយ និងកូន និងគម្រោងឡើងច្រៀងឲ្យអស់លទ្ធភាព ប៉ុន្តែបើប៉ះត្រូវចំថ្ងៃដែលអ្នកនាងដើរកម្សាន្ត គឺអ្នកនាងមិនទទួលនោះទេ។ ក្នុងនោះអ្នកនាងក៏នឹងឡើងទៅលេងប្រទេសថៃក្នុងរយ:ពេលខ្លីនៅអំឡុងដើមខែកុម្ភ:នោះផងដែរ ដើម្បីនាំកូន និងក្រុមគ្រួសាររបស់អ្នកនាងដើរទិញទំនិញ។ អ៉ីចឹងហើយទើបអ្នកនាងទទួលថត និងឡើងច្រៀង តែក្នុងកម្មវិធីណាដែលតម្រូវមិនចំថ្ងៃដើរកម្សាន្តរបស់ខ្លួនប៉ុណ្ណោះ។ អ្នកនាងគម្រោងស្នាក់នៅប្រទេសកម្ពុជារយ:ពេល២ខែ ហើយស្វាមីរបស់អ្នកនាងនឹងចុះមកតាមក្រោយមកកម្សាន្តរយ:ពេលមួយអាទិត្យផងដែរ នៅពេលការងាររួចរាល់ក្នុងពេលខាងមុខ។

អ្នកនាងគឹម លីហ្សា និយាយថា ស្វាមីរបស់អ្នកនាងចង់មកជាមួយណាស់ ប៉ុន្តែមកជាប់ធ្វើការហើយមួយខែគេឲ្យច្បាប់មកលេងផ្ទះតែម្ដង ទើបលោកនឹងយកពេលមកលេងផ្ទះមួយខែម្ដងនោះ ហោះមកស្រុកខ្មែរតែម្ដងដោយគម្រោងមកលេងមួយអាទិត្យតាមអ្នកនាង។

អ៉ីចឹងហើយទើបអ្នកនាងនឹងនាំស្វាមី និងកូនទៅលេងសៀមរាបនៅក្នុងរយ:ពេលនោះ ដើម្បីទុកជាអនុស្សាវរីយ៍ឲ្យកូនប្រុសរបស់អ្នកនាងធំឡើងបានដឹង៕

មតិយោបល់