ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករមុខកូនកាត់ អាម៉ាសូ ប្រកាសដើរចេញពីពិធីករ

ខុសពីតារាភាគច្រើនដែលបានប្រកាសលុកលុយដោយមិនខ្លាចពីការលំបាកនៅក្នុងវិថីសិល្ប:ឲ្យតែបានល្បីឈ្មោះ ពិធីប៉ុស្ដិ៍លេខ៣ ដែលត្រូវគេស្គាល់ភាគច្រើនរួចមកហើយតាមរយ:ការនិយាយក្នុងកម្មវិធីវិទ្យុ៨៨ របស់ប៉ុស្ដិ៍លេខ៣ លោកជា ចិន ហៅ អាម៉ាសូ បែរជាប្រកាសថានឹងដកខ្លួនពីសិល្ប:យ៉ាងឆាប់បំផុតក្នុងពេលដ៏ខ្លី។ ការលើកឡើងរបស់លោកគឺបន្ទាប់ពីមានសម្ពាធការងារច្រើនឡើងធ្វើឲ្យលោកពិបាកទ្រាំ ចាប់តាំងពីបានក្លាយជាពិធីករទូរទស្សន៍ ដែលលោកប្រកាសថាមិនចង់ប្រឈមមុខ។

លោក អាម៉ាសូ និយាយថាជំនាញពិតប្រាកដរបស់លោកគឺជាពិធីករវិទ្យុឯណោះទេ ប៉ុន្តែដោយសារតែលោកមានបំណងចង់ក្លាយជាពិធីករទូរទស្សន៍ទើបលោកសម្រេចចិត្តផ្លាស់ប្ដូរការងារពីវិទ្យុមកអានព័ត៌មាននៅប៉ុស្ដិ៍លេខ៣ និងបានវិវត្តន៍ខ្លួនក្លាយជាពិធីករក្នុងកម្មវិធីសម្ភាសន៍តារាសិល្ប:មួយនៅប៉ុស្ដិ៍លេខ៣។ ជំហានផ្លាស់ប្ដូរពីការបន្លឺសំឡេងតាមវិទ្យុ មកក្លាយជាពិធីលើកញ្ចក់ទូរទស្សន៍បានធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍គួរសមដោយសារតែក្នុងរយ:ពេលដែលលោកបម្រើការនៅក្នុងវិទ្យុ គឺមានប្រិយមិត្តជាច្រើនមកហើយបានស្គាល់កេរ្តិ៍ឈ្មោះលោកគឺអាម៉ាសូ ដ្បិតថាមិនដែលឃើញមុខ។ លោកថាសប្បាយចិត្តជាងគេនៅពេលដែលអ្នកគាំទ្របានបង្ហាញការសាទរ ក្រោយពីឃើញលោកក្លាយជាពិធីករទូរទស្សន៍ និងបានឡើងកាលីបជាអ្នកអានព័ត៌មានប្រចាំនៅប៉ុស្ដិ៍លេខ។ យ៉ាងណាមិញ នៅពីក្រោយខ្នងនៃការទទួលបានមុខមាត់នោះ លោកថាទទួលសម្ពាធច្រើនណាស់ ពីសំណាក់បុគ្គលដែលឈ្នានីសលោក ដោយការស្អប់ ការច្រណែន ការបំបាក់ទឹកចិត្ត ទាំងលោកព្យាយាមគោរពព្យាយាមដាក់ខ្លួន និងមិនបានសាងអ្វីដែលល្មើសចំពោះបុគ្គលម្នាក់នោះ។ លោកថាបុគ្គលនោះ បានប្រើគ្រប់មធ្យោបាយទាំងការលាបពណ៍ ចាក់រុក និងឈ្នានីសជាន់ពន្លិច ដើម្បីឲ្យគេមើលមកលោកថាជាក្រពើរមិលគុណ ជាជនអាក្រក់ និងជាបុគ្គលិកគ្មានសមត្ថភាព នៅក្នុងស្ថាប័ន។ មកទល់ពេលនេះ លោកថាមានទូរទស្សន៍មួយបានទាក់ទងឲ្យលោកបម្រើការ តែមកពីលោកដឹងគុណស្ថាប័នដែលធ្លាប់ផ្ដល់កន្លែងឲ្យលោកបម្រើការ ទើបលោកមិនដាច់ចិត្តដើរចេញ។ លោកប្រកាសនឹងបញ្ចេញមុខមាត់ និងឈ្មោះបុគ្គលដែលតាមបំផ្លាញលោកម្នាក់នោះជាសាធារណ: នៅលើបណ្ដាញសារព័ត៌មាន បើលោកអស់ការតស៊ូ ហើយឈានដល់សម្រេចចិត្តដើរចេញពីប៉ុស្ដិ៍លេខ៣ ព្រោះតែសម្ពាធក្ដិចត្រួយដែលបានកើតឡើង។ លោកថា មិនចង់តបត និងបបកស្បែកបុគ្គលណាមួយដែលចង់បំផ្លាញលោកនោះទេ ប៉ុន្តែដើម្បីឲ្យមនុស្សបានដឹងពីពុតត្បុតបុគ្គលនោះ និងកុំឲ្យគេបន្តលាបពណ៍ធ្វើបាបបុគ្គលិកថ្មីៗដូចលោកបន្តទៀត គឺលោកនឹងសម្រេចវាយបកជាសាធារណ: នៅលើបណ្ដាញសារព័ត៍មានឲ្យទម្លាយរឿងអាក្រក់របស់បុគ្គលនោះ។

តារាវ័យ២៦ឆ្នាំរូបនេះ ប្រកាសថាបើជ្រុលជាបុគ្គលម្នាក់នោះ មិនទុកឲ្យលោកមានផ្លូវសូម្បីបានដកដង្ហើម នោះលោកក៏មិនចាំបាច់លាក់មុខ លាក់ភាពអាក្រក់របស់គេឲ្យគេធ្វើជាស្ដេចត្រាញ់បន្តទៀតនោះដែរ ដើម្បីឲ្យសណ្ដានជួរជាតិ និងខ្មៅក៏ខ្វក់របស់គេ ត្រូវបានដឹងឮជាសាធារណ:។ យ៉ាងណាមិញ លោកបានសម្ដែងការអរគុណចំពោះរៀមច្បងមួយចំនួនដែលបានផ្ដល់ការបង្ហាត់បង្ហាញ និងជួយបណ្ដុះបណ្ដាលដល់លោក តែលោកប្រកាសថាឈានដល់ដំណាក់កាលឈប់ខ្លាចពីការបាត់បង់តំណែងទៀតហើយ នៅពេលកាន់តែដាក់បុគ្គលនោះកាន់តែជាន់ និងប្រើគ្រប់វិធីដើម្បីឲ្យលោកត្រូវបានថ្នាក់លើបណ្ដេញចេញ។ លោកថាភាពអត់ធ្មត់ឈានដល់កម្រិតទប់លែងជាប់ហើយ ហើយលោកក៏មិនខ្លាចនឹងការតតាំងនោះដែរ ប្រសិនបើលោកត្រូវបានបំផ្លាញទាំងលោកមិនបានខុសបែបហ្នឹងតទៅទៀត។ លោកសរសើរថា មន្ត្រីថ្នាក់លើនៅក្នុងស្ថាប័នដែលលោកបម្រើការ បូករួមទាំងមេផ្នែក និងអ្នកដែលជ្រើសឲ្យលោកធ្វើពិធីករ សុទ្ធតែជាមនុស្សល្អណាស់ តែបណ្ដាលមកពីអ្នកមានគំនិតសួនតួនៅក្នុងស្ថាប័ន១រូបធ្វើឲ្យលោកទទួលសម្ពាធខ្លាំង ទើបលោកគម្រោងលាឈប់។

មតិយោបល់