Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឈួន សុវណ្ណឆៃ ...

ឈួន សុវណ្ណឆៃ បង្កើតក្រុមផលិតOriginal Song

យោងតាមកិច្ចសម្ភាសន៍ដោយផ្ទាល់ គឺអ្នកនាងឈួន សុវណ្ណឆៃ បានត្រៀមបទចម្រៀងនិពន្ធថ្មីប្រមាណជា១០បទយ៉ាងតិច ដោយអ្នកនាងនឹងចេញក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យចំមុនអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។
អ្នកនាងរំពឹងថាបទចម្រៀងដែលគ្រោងនឹងចេញបង្ហោះនោះនឹងទទួលបានគាំទ្រពេញទំហឹងទាំងនៅលើឆាក និងនៅបណ្ដាញសង្គមយូធូបនោះផង។

អ្នកនាងឈួន សុវណ្ណឆៃ និយាយថាអ្នកនាងបានរៀបចំក្រុមផលិតបទថ្មីសម្រាប់ខ្លួនឯងរួចរាល់អស់ហើយ ដោយនៅតែថ្ងៃចេញលក់ និងចេញបង្ហោះដើម្បីឲ្យស្គាល់ថាអ្នកនាងក៏មានបទ Original Song ផ្ទាល់ខ្លួននៅលើទីផ្សារប៉ុណ្ណោះ។

បទចម្រៀងទាំងនោះគឺអ្នកនាងផ្ដោតលើបទប្រភេទបែបមនោសញ្ចេតនា បទបែបកន្ទ្រឹម និងបទបែបប្រពៃណីខ្មែរតែម្ដង ដោយអ្នកនាងបញ្ជាក់ថាបើតារាចម្រៀងចាស់ៗដូចជាអ្នកនាងមិនប្រឹងធ្វើបទដែលជាប្រភេទបទថ្មី ដើម្បីឲ្យវាយលុកទីផ្សារនោះទេ គឺប្រាកដជាទីផ្សារតារាចម្រៀងសម្រាប់បទតារាវ័យកណ្ដាល និងតារាចម្រៀងចាស់ៗនឹងមិនមានទៀតទេ។ អ្នកនាងថាខ្លួនបានចាប់ដៃជាមួយគ្រូភ្លេង និងអ្នកនិពន្ធជំនាញៗ ដោយគម្រោង១០បទដែលនាងនឹងបញ្ចេញគឺសំដៅលើប្រភេទបទចម្រៀងដែលបែបប្រពៃណីខ្មែរទាំងអស់។

អ្នកនាងថាតារាចម្រៀងភាគច្រើនរមែងធ្វើបទតម្រូវតាមចំណូលចិត្តរបស់អ្នកចម្រៀង ទើបអ្នកនាងយល់ថាបើតារាចាស់ៗមិនមានផលិតកម្មផលិតបទឲ្យច្រៀងដូចមុន គឺត្រូវតែរៀបចំផលិតខ្លួនឯង ទើបមានបទចម្រៀងថ្មីៗចេញច្រៀង។ អ្នកនាងថាខ្លួនមានគម្រោងផលិតបទចម្រៀង Original Song ជាយូរមកហើយ ប៉ុន្តែមកពីមិនមានក្រុមផលិតបទចម្រៀងដែលជួយអ្នកនាងឲ្យសម្រេចគម្រោងនេះបានទើបអ្នកនាងមិនមានបទថ្មីឡើងឆាក។

អ្នកនាងថាខ្លួនមានសកម្មភាពឡើងឆាកស្ទើររាល់សប្ដាហ៍ តែអ្នកនាងឡើងបកស្រាយតែបទចាស់ៗប៉ុណ្ណោះ ទើបអ្នកនាងសម្រេចចិត្តថាត្រូវតែផលិតបទ Original Song ផ្ទាល់ខ្លួន ដើម្បីអាចមានបទថ្មីឡើងឆាក។

ថ្វីដ្បិតថាមិនមានការរំពឹងថាបទចម្រៀងដែលគ្រោងបង្ហោះក្នុងពេលដ៏ខ្លី នឹងក្លាយជាបទពេញនិយម តែយ៉ាងហោចណាស់ក៏រួមចំណែកឲ្យក្នុងវិស័យចម្រៀងមានបទប្រភេទលំនាំបុរាណ សម្រាប់មនុស្សវ័យកណ្ដាល និងវ័យជ្រេៗ បានស្ដាប់កម្សាន្តផងដែរ។ អ្នកនាងនឹងបន្តផលិតបទផ្ទាល់ខ្លួន ឲ្យបានកាន់តែច្រើន ដោយមិនខ្វល់ថាបទចម្រៀងទាំងនោះក្រោយចេញវាយលុកទីផ្សារហើយ ទទួលបានការគាំទ្រ ឬមិនទទួលនោះទេ៕

Loading...