Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចម្រៀង ផា...

តារាចម្រៀង ផាន់ ណាវី បង្ហាញមុខនៅកម្ពុជា

ក្រោយពីបានសម្ងំរស់នៅសហរដ្ឋអាមេរិកកសាងសុភមង្គលគ្រួសាររហូតដល់មានកូនប្រុស២នាក់ អ្នកនាងផាន់ ណាវី ដែលធ្លាប់ល្បីឈ្មោះនៅក្នុងពិភពចម្រៀងបានបង្ហាញខ្លួននៅលើទឹកដីកំណើតគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ មករា។ យ៉ាងណាមិញអ្នកនាងថា មិនទទួលឡើងឆាក និងបង្ហាញមុខក្នុងកម្មវិធីសិល្ប:នោះទេ ដោយសារតែអ្នកនាងមកក្នុងគម្រោងការងារផ្ទាល់ខ្លួន ហើយប្រញាប់ទៅវិញភ្លាមៗ។

អ្នកនាងផាន់ ណាវី ដែលត្រូវគេស្គាល់ថាជាអតីតតារាចម្រៀងក្នុងក្រុម«រ៉ៃមាស»និងជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង បានអះអាងថាអ្នកនាងចុះមកកម្ពុជាលើកនេះ គឺចុះមកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីមកបំពេញការងារផ្ទាល់ខ្លួន ក៏ត្រូវតែឡើងទៅអាមេរិកឲ្យបានឆាប់បំផុត ដោយសារតែអ្នកនាងសុំច្បាប់ការងារបានតែប៉ុន្មានថ្ងៃ និងមិនចង់ទុកកូនប្រុសទាំង២ចោលយូរ។

អ្នកនាងថាខ្លួនមកព្រោះមានការបន្ទាន់ អ៉ីចឹងហើយទើបអ្នកនាងមិនអាចមានពេលរៀបចំខ្លួនទទួលការងារសិល្ប: ដោយសូម្បីកម្មវិធីជួបជុំអ្នកសិល្ប: ក៏មិនអាចនឹងធ្វើទៅបានដែរលុះត្រាអ្នកបានណាត់ក្នុងអំឡុងដែលអ្នកនាងមិនទាន់ត្រឡប់ទៅវិញ។

អ្នកនាងថាខ្លួននឹងឡើងទៅវិញនៅដើមសប្ដាហ៍ក្រោយ ហើយអ្នកនាងក៏នឹងត្រឡប់មកវិញក្នុងពេលខាងមុខដោយដាក់គម្រោងមកលេងយូរ ឬឆាប់ តាមជាក់ស្ដែងនៃពេលវេលាផងដែរ។

នៅសហរដ្ឋអាមេរិក គេឃើញអ្នកនាងនៅតែបង្ហាញសកម្មភាពច្រៀង បើទោះជាអ្នកនាងបានក្លាយជាម្ដាយរបស់ក្មេងប្រុស២នាក់ និងមានស្វាមីជាអណិកជនខ្មែររស់នៅអាមេរិកដែលមានការងារល្អម្នាក់។ អ្នកនាងក៏នៅតែស្រស់ស្អាត មិនចាញ់កាលពីនៅក្រមុំផងដែរ បើទោះជាក្នុងពេលនេះអ្នកនាងរៀងឡើងគីឡូបន្តិច ដោយសារតែអាហារនៅអាមេរិកសម្បូរជាតិប័រ៕

Loading...