ព័ត៌មានសិល្បៈ និងកម្សាន្ត

ហាក់ ធៀមុនី ជាប់សម្ភាសន៍នៅកូរ៉េ

ប្រមាណជា២ខែចុងក្រោយ គេកត់សម្គាល់ថាស្ថានទូតកូរ៉េបានផ្ដល់លក្ខណ្ឌតឹងតែងកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើដំណើរកម្សាន្ត ឬតារាដែលចង់ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ។ ដោយសារតែមានប្រវត្តិពលរដ្ឋខ្មែរទៅហើយរត់មិនមកវិញ ធ្វើឲ្យត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់ ទើបធ្វើឲ្យស្ថានភាពក្នុងការរត់ច្បាប់ដើម្បីសុំទិដ្ឋាការនេះកាន់តែម៉ឺងម៉ាត់ អ៊ីចឹងហើយទើបការទម្លាយថាតារាសម្ដែង និងជាពិធីករលោក ហាក់ ធៀមុនី ត្រូវបានទូតកូរ៉េអនុញ្ញាតិឲ្យចេញសម្ដែងនៅក្នុងប្រទេសនេះ ខណ:ដែលតារាជាច្រើនដែលបានដាក់សំណើរស្នើសុំទន្ទឹមគ្នាមិនមានដំណឹងនោះ គឺជារឿងល្អមួយសម្រាប់ក្នុងចំណោមតារាខ្មែរ ដែលត្រូវបានអង្គការ«ខ្ញុំខ្មែរ»អញ្ជើញឲ្យចេញសម្ដែង។

លោកហាក់ ធៀមុនី និយាយថាលោកត្រូវបានទូតកូរ៉េទម្លាក់ទិដ្ឋាការឲ្យចេញសម្ដែងនៅពាក់កណ្ដាលខែកុម្ភ:ខាងមុខនេះហើយ បន្ទាប់ពីបានដាក់ដំណើរជាមួយនឹងតារាជាច្រើនតាមរយ:អង្គការ«ខ្ញុំខ្មែរ» ដើម្បីទៅបើកការប្រគំតន្ត្រីធំមួយនៅក្នុងប្រទេសកូរ៉េ ដើម្បីរ៉ៃអង្គាសថវិកាក្នុងចំណោមពលករកូរ៉េយកមកជួយដល់កូនខ្មែរ។ លោកថាការរត់ការរបស់តារាខ្មែរលើកនេះ មានភាពស្មុគស្មាញហួសពីការស្មាន ដោយសារតែទូតកូរ៉េតម្រូវឲ្យតារាដែលមានឈ្មោះចេញទៅ ត្រូវមានលុយតម្កល់ក្នុងទឹកប្រាក់ខ្ពស់មួយនៅក្នុងធនាគារ មានការងារធ្វើច្បាស់លាស់ មានឯកសារបញ្ជាក់បញ្ជាក់ពីប្រាក់ចំណូលមួយខ្ពស់ និងត្រូវមានការធានាពីក្រុមហ៊ុនស្របច្បាប់ណាមួយដាច់ខាត ថាក្រោយបញ្ចប់ការសម្ដែងគឺពិតជាវិលត្រលប់មកកាន់កម្ពុជាវិញ ដោយមិនរត់ ឬពន្យារពេលស្នាក់នៅ ដែលក្រុមហ៊ុននោះត្រូវតែជាក្រុមហ៊ុនខុសពីក្រុមហ៊ុនទេសចរណ៍ដែលបានរត់ច្បាប់ និងខុសពីអង្គការ«ខ្ញុំខ្មែរ»ដែលបានធានាចេញ។ លោកថានៅពេលសម្លឹងមើលបែបបទ និងគោលការណ៍ថ្មី បានធ្វើឲ្យតារាមួយចំនួនស្ថិតក្នុងការប្រឈមមិនទទួលបានទិដ្ឋាការដើម្បីចេញសម្ដែងនោះទេ ជាពិសេសសម្រាប់ការធានាបោះត្រាចេញពីក្រុមហ៊ុនស្របច្បាប់មួយ ដែលជាក្រុមហ៊ុននៅក្រៅសិល្ប:របស់តារាទាំងនោះ ដែលជាសុទ្ធតែមានភាពស្មុគស្មាញ។

លោកថាខ្លួនរត់ឯកសារទៅកូរ៉េខាងត្បូង ពិបាកលើសពីរត់ច្បាប់ទៅរស់នៅប្រទេសផ្សេងនោះផង ដោយសារតែទូតកូរ៉េទើបតែដូចអគ្គកុងសុលថ្មី ហើយបើនិយាយពីឯកសារ និងបែបបទ គឺខុសពីការរត់ច្បាប់ទៅសម្ដែងរបស់តារាមុនៗដូចមេឃ និងដី។ យ៉ាងណាមិញ លោកថាខ្លួនបានជាប់ហើយ ដោយក្នុងចំណោមតារាចម្រៀងជាច្រើនដែលត្រូវបានរត់ច្បាប់ ដើម្បីអាចសុំទិដ្ឋាការដូចគ្នា គឺលោកទទួលបានទិដ្ឋាការកាលពីព្រឹកថ្ងៃទី៣០ មករា។ លោកថាមិនទាន់ដឹងថាតារាណាខ្លះ នឹងត្រូវបានច្រានចោលមិនឲ្យទិដ្ឋាការ ព្រោះតែខ្វះលក្ខណ្ឌនោះទេ ប៉ុន្តែលោកនៅតែរំពឹងថាក្នុងចំណោមតារាៗរហូតដល់ជិត៣០រូប ដែលត្រូវបានធានាចេញដោយអង្គការ«ខ្ញុំខ្មែរ»គឺពិតជាមានអ្នកជាប់ច្រើន ដើម្បីអាចបើកការប្រគំតន្ត្រីឲ្យចេញសម្ដែងនៅក្នុងប្រទេសនោះបានតាមគម្រោងនៅពាក់កណ្ដាលខែកុម្ភ: ខាងមុខ។

លោក ហាក់ ធៀមុនី បញ្ជាក់ថាត្រេកអរចង់ហោះ បន្ទាប់ពីការរត់ច្បាប់ហើយទទួលបានជោគជ័យ ក្នុងចំណោមតារារាប់មិនអស់ដែលស្ថិតក្នុងការរត់ច្បាប់ដូចគ្នា ស្ថិតក្នុងការពិចារណាថាមិនឲ្យទៅ ឬនឹងតម្រូវឲ្យបំពេញឯកសារបន្ថែម ពីសំណាក់ស្ថានទូតកូរ៉េ។ លោកបានប្រកាសថាត្រៀមខ្លួនរួចហើយ ដោយក្រៅពីនឹងបង្ហាញខ្លួនក្នុងនាមជាពិធីករ លោកក៏ត្រៀមបទចម្រៀងសប្បាយជាច្រើន ជាមួយនឹងតារាចម្រៀងអ្នកនាង សេន សាយចៃ ផង ដើម្បីបំពេរក្រុមពលករកូរ៉េនៅក្នុងការប្រគំតន្ត្រីនោះផងដែរ។ លោកថាក្រុមតារាដែលបានជាប់នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៣ កុម្ភ: ដោយការសម្ដែងនឹងធ្វើនៅថ្ងៃទី១៥ និង១៦ នៅទីកន្លែងផ្សេងគ្នា ហើយការវិលត្រលប់វិញ គឺនៅថ្ងៃទី១៨ កុម្ភ:៕

មតិយោបល់