ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត សោភា ទេពី ឆ្លងចូលវគ្គ Live Show

ការប្រកួតជម្រុះក្នុងកម្មវិធី Cambodian Idol ត្រូវបានបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២ កុម្ភ: ដោយជម្រើសបានបេក្ខជន និងបេក្ខនារីខ្លាំងៗ ចំនួន១២រូបដោយឈាន ទៅដល់វគ្គ Live Show ។ ក្នុងចំណោមអ្នកមានសមត្ថភាពខ្លាំងៗ ដែលបានជាប់ទៅកាន់វគ្គនោះ បេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី និងជាបេក្ខនារីទទួលបានប្រជាប្រិយភាពខ្លាំងក្លា តាំងពីបើកកម្មវិធីដំបូង ពិតជាបានជាប់ដូចការទន្ទឹងមែន។

ការប្រកួតដែលកាន់តែតានតឹងក្នុងវគ្គ Green Miles ដ៏គួរឲ្យចាប់អារម្មណ៍នោះ គេឃើញបេក្ខជនបេក្ខនារីដែលបានឆ្លងផុតពីវគ្គ Theater Round ជុំទី២បង្ហាញសមត្ថភាពកាន់តែល្អ ក្នុងការបកស្រាយបទចម្រៀង។ ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលបានរំលេចទឹកដមសំឡេង នៅក្នុងយប់ជម្រុះចុងក្រោយ មុនចូលកម្មវិធីបន្តផ្ទាល់នោះ គេនៅតែមើលឃើញថា បេក្ខនារីមកពីរាជធានីភ្នំពេញ សោភា ទេពី ច្រៀងបានល្អទាំងការលើកដាក់សំឡេង និងការស្រែកខ្ពស់ ធ្វើឲ្យគណកម្មការទាំង៤រូបពេញចិត្ត។

នាងត្រូវបានគេកត់សម្គាល់ថា ជាបេក្ខនារីមួយរូប ដែលនៅតែរក្សាប្រជាប្រិយភាពបានខ្លាំង ប៉ុន្តែក៏បានធ្វើឲ្យអ្នកតាមដាន ដែលជាអ្នកគាំទ្ររបស់នាងបុកពោះណាស់ផងដែរ មុនពេលមានការប្រកាសលទ្ធផលថា នាងត្រូវបានជាប់ឆ្ពោះទៅកាន់វគ្គ Live Show ។ យោងតាមការប្រកាស មានតែបេក្ខជនបេក្ខនារីតែ១២រូបប៉ុណ្ណោះ បានឆ្លងទៅដល់វគ្គ Live Show ខណ:ដែលបេក្ខនារីរូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា ក៏មានឱកាសកាន់ពានប្រចាំកម្មវិធីផងដែរ ដោយសារតែនាងមានសមត្ថភាពខ្ពស់ និងអាចច្រៀងបានគ្រប់ប្រភេទបទទាំងបុរាណ និងសម័យ ហើយសមត្ថភាពរបស់នាងពីមួយវគ្គទៅមួយវគ្គ ក៏ពិបាកឲ្យបេក្ខជន និងបេក្ខនារីផ្សេងងាយបំបាក់។

យ៉ាងណាមិញគេនៅមិនទាន់ដឹងថា តើនាងនឹងបន្តឆ្លងដល់សប្ដាហ៍ទីប៉ុន្មានក្នុងវគ្គ Live Show នោះទេ ក្នុងពេលដែលគូប្រកួតរបស់នាង ក៏សុទ្ធតែមានសមត្ថភាពពិបាកស្មាន។ អ្នកគាំទ្របានត្រឹមតែអបអរ និងរំភើបជំនួសបេក្ខនារីរូបនេះ បន្ទាប់ពីនាងត្រូវបានប្រកាសថា បានជាប់ទៅកាន់វគ្គ Live Show ដែលជាវគ្គលេចធ្លោរមួយនៅក្នុងកម្មវិធី Cambodian Idol កាលពីយប់មិញប៉ុណ្ណោះ៕
//m.youtube.com/CambodianIdol?uid=8b-bkP65mcy4wMFEw3eirw

មតិយោបល់