ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង ប្រាជ្ញ ឆវ័ន្ត ប្រកាសជំហរធ្វើ PM នៅក្រៅសិល្បៈ

ក្នុងរយ:ពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងលោក ប្រាជ្ញ ឆវ័ន្ត ទទួលបានឱកាសសម្ដែងនៅក្នុងភាពយន្តកាន់តែច្រើន ដែលសន្ទុះឡើងកូដនេះ ក៏ស្របនឹងការងារជាមន្ត្រីកងរាជអាវុធហត្ថ ឬ PM របស់លោកក៏ទើបតែត្រូវបានតែងតាំងជាមន្ត្រីពេញសិទ្ធិផង។ លោកបានរៀបរាប់ឲ្យដឹងពីតួនាទីរបស់លោក នៅខាងក្រៅសិល្ប: ខណ:ដែលលោកប្រកាសថា ការងារសិល្ប:ចាប់ផ្ដើមកើនសន្ទុះចុងក្រោយ ក៏ដោយសារតែក្រុមផលិតករដឹងថា លោកគឺជាមន្ត្រីកងរាជអាវុធហត្ថ ដែលក្រៅពីមានកាយសប្បទាគ្រប់គ្រាន់ ក៏ចេះលោតហក់តម្រូវ តាមសាច់រឿង។

លោក ប្រាជ្ញ ឆវ័ន្ត បានថ្លែងក្នុងពិធីខួបកំណើតគម្រប់វ័យ២៤ឆ្នាំ នៅភោជនីយដ្ឋានវីហ្វ្រេនកោះពេជ្រ កាលពីថ្ងៃទី២ កុម្ភ: ក្រោមវត្តមាន តារាមួយចំនួន និងក្រុមគ្រួសារសាច់ញាតិយ៉ាងច្រើនកុះករថា ដ្បិតថាលោកបង្ហាញមុខមាត់កាន់តែច្រើននៅក្នុងការងារសម្ដែងកុន និងថតស្ពត តែលោកបញ្ជាក់ថា ការងារស្នូលរបស់លោកគឺជាPM ឬមន្ត្រីកងរាជអាវុធហត្ថឯណោះទេ។ លោកថារាល់ថ្ងៃខ្លួនស្រឡាញ់ការងារទាំងពីរព្រមគ្នា ប៉ុន្តែបើឲ្យបោះបង់សិល្ប: ដើម្បីការងារជាកងរាជអាវុធហត្ថ ក៏មិនអាច ហើយបើឲ្យបោះបង់ការងារជា PM ដើម្បីសិល្ប:ក៏រឹតតែអត់ គឺលោកនឹងចាប់ទាំងពីរ។

លោកបានទាំងអះអាងថា រវាងការងារទាំងពីរ លោកស្រឡាញ់ងបងល់នឹងការងារជាកងរាជអាវុធហត្ថខ្លាំង ជាងការងារសម្ដែង ដ្បិតថាការងារសម្ដែង បានជួយឲ្យលោកស្គាល់មនុស្សកាន់តែច្រើន និងរកចំណូលបានច្រើនជាងការងាររដ្ឋ ដែលភាគច្រើនមានការទទួលខុសត្រូវជាង។ លោកនិយាយថាខ្លួន ទទួលការងារថត តែក្នុងពេលការងារPM មិនមានសកម្មភាពប៉ុណ្ណោះ ប៉ុន្តែបើការងារសិល្ប:ទាំងនោះ ប៉ះពាល់នឹងម៉ោងការងារដែលតម្រូវដោយថ្នាក់លើ គឺលោកសុខចិត្តបោះបង់ អ៊ីចឹងហើយ ទើបលោកចូលប្រឡូកសិល្ប:កន្លងមក គឺភាពលេចធ្លោរមិនសូវខ្លាំង។ លោកនិយាយថា «បើឲ្យខ្ញុំទទួលថតគ្រប់ការទាក់ទង ប្រហែលជាមានរឿង និងមានការងារច្រើនជាងរាល់ថ្ងៃ ប៉ុន្តែមកពីខ្ញុំទទួលតែរឿង និងការងារដែលអត់ប៉ះពាល់ការងារ PM ទើបបានតែប៉ុណ្ណឹង!»។

មកទល់ពេលនេះ លោកបានបង្ហាញមុខក្នុងការងារសម្ដែងបានច្រើន ជាពិសេសការងារថតម៉ូដ និងការដើរម៉ូដ គឺស្ទើរតែរកពេលសម្រាកមិនបានតែម្ដង ចាប់តាំងពីលោកបានប្រលងជាប់ក្នុងកម្មវិធីដើរម៉ូដរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៣។ លោកថា ការសម្ដែងភាគច្រើនទទួលបានពីប៉ុស្ដិ៍លេខ៥ តែលោកមិនសូវហ៊ានទទួលច្រើនទេ ដោយសារតែលោកមិនចង់ឲ្យប៉ះពាល់ នឹងការងារ PM អ៊ីចឹងហើយទើបលោកច្រើនលេចមុខ ក្នុងការដើរម៉ូដដែលមិនសូវប្រើពេលច្រើនច្រើនជាង។

លោករំពឹងថាក្រោយពិធីខួបកំណើត ដែលលោកបានធ្វើដើម្បីជួបជុំតារាសិល្ប: និងមិត្តភ័ក្រ្តកាលពីយប់ថ្ងៃទី២ កុម្ភ: នឹងធ្វើឲ្យលោកកាន់ តែមានទីផ្សារនៅក្នុងសិល្ប: ប៉ុន្តែបើលោកកន្ទ្រាក់បានការងាររហូតធ្វើឲ្យការងារPM របស់លោកប៉ះពាល់ ក៏លោកពិចារណាផងដែរ៕

មតិយោបល់