Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ខួបកំណើតឆ្នាំ...

ខួបកំណើតឆ្នាំនេះ ខាត់ សុឃីម ប្លែកពីគេ

ខុសពីឆ្នាំមុនៗ ដែលខាត់ សុឃីម រមែងរៀបចំពិធីជួបជុំជាមួយគ្រួសារ និងមិត្តភ័ក្រ្ត ហើយមានក្ដីប្រាថ្នាច្រើនយ៉ាងច្រើន សម្រាប់ពិធីគម្រប់ខួប៣៨ឆ្នាំ ដែលបានមកដល់កាលពីថ្ងៃទី២ កុម្ភ:មុននេះ អ្នកនាងបែរជាខុសពីឆ្នាំកន្លងមក។ ក្រៅពីមិនធ្វើពិធីជួបជុំណាមួយទាល់តែសោះ សូម្បីតែបំណងប្រាថ្នាក៏មិនដូចសព្វដងនោះដែរ។
អ្នកនាងខាត់ សុឃីម និយាយថាអ្នកនាងអត់មានពេលរៀបចំកម្មវិធីជួបជុំណាមួយសម្រាប់ថ្ងៃខួបកំណើតនោះទេ ដោយសារតែការងារសម្អាងការ ជួលភ្លេង និងទទួលថតរូបក្នុងពិធីមង្គលរបស់អ្នកនាង និងស្វាមីរវល់ដល់ថ្នាក់សូម្បីតែជួបមុខកូនទាំង២ក៏អត់ឃើញ។ អ្នកនាងបានត្រឹមតែបង្ហោះឲ្យដឹងពីថ្ងៃកំណើតរបស់ខ្លួន និងជូនពរខ្លួនអមជាមួយនឹងការជូនពររបស់អ្នកគាំទ្រនៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថាខ្លួនមិនហ៊ានធ្វើពិធីកាត់នំណាមួយនោះទេ ដោយសារតែខ្លួនអាយុច្រើនហើយ ហើយក៏គិតថាមិនសមនឹងធ្វើពិធីមួយនេះផងដែរ ទើបមិនសូវរវល់ ដោយសូម្បីតែការណាត់គ្នាជួបជុំញ៉ាំអី ក៏អ្នកនាងថាលែងចង់ដូចគ្នា។

យ៉ាងណាមិញ អ្នកនាងថាសម្រាប់ការបួងសួងនូវបំណងប្រាថ្នា គឺនៅតែមាន ដោយក្នុងឆ្នាំនេះក៏អ្នកនាងមានក្ដីប្រាថ្នាក្នុងនាមជាម្ចាស់ខួបផងដែរ ដោយគ្រាន់តែអ្នកនាងមិនចង់បានអ្វីលើសលប់ដូចមុន ហើយងាកមកសុំបួងសួងនូវបំណងប្រាថ្នាសាមញ្ញវិញ។ ខុសពីមនុស្សភាគច្រើនដែលបួងសួងចង់ឲ្យបានលុយ និងជោគជ័យក្នុងជីវិតឲ្យកាន់តែខ្លាំង អ្នកនាងថាក្ដីប្រាថ្នារបស់ខ្លួននៅក្នុងឆ្នាំនេះ គឺសុំតែ២យ៉ាងគត់ គឺសុំឲ្យបានរាងស្វែលស្រកគីឡូ និងសុំឲ្យក្មេងជាងមុនបន្តិច បើទោះជាអ្នកនាងអាយុក្រែល ។ អ្នកនាងថារាល់ថ្ងៃខ្វល់តែរឿងឡើងគីឡូប៉ុណ្ណោះ ដោយសារតែអ្នកនាងហត់ច្រើន ហើយចេះតែហូបបាន ដែលពិបាកឲ្យអ្នកនាងស្រកគីឡូតាមបំណងប្រាថា្នមិនបាន។

ម្យ៉ាងមកពីអ្នកនាងមិនចង់ប្រើថ្នាំសម្រកណាមួយនាំឲ្យប៉ះពាល់សុខភាពផង ទើបគិតថាបើស្គមជាងមុន គឺពិតជានៅក្មេងបានយូរជាងមុនជាក់ជាមិនខាន។ អ្នកនាងថាសម្រាប់លុយកាក់ និងសុភមង្គលគ្រួសារអ្នកនាងទទួលបានហើយ ដោយការងារជោគជ័យក៏ស្ទើរតែរកពេលសម្រាកមិនបាននោះដែរ ទើបអ្នកនាងយល់ថាខ្លួននៅខ្វះរឿងស្គម និងក្មេងជាងមុន ដែលអ្នកនាងថាបើបាន២នេះមកបន្ថែមទៀត ពិតជាសប្បាយចិត្តរកគ្មា៕

Loading...