Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ត្រឡប់ជាថ្មី ...

ត្រឡប់ជាថ្មី តន្ត្រីខ្មែរថៃប៉ុស្ដិ៍លេខ៥ ប្រកាសជ្រើសតារាថ្មី ឲ្យចូលសាន់ដេ

ប្រមាណជាច្រើនខែមកហើយ ដែលប៉ុស្ដិ៍លេខ៥បានបិទតន្ត្រីរបស់ខ្លួនដោយសារតែហេតុផលមិនមានទីតាំងរៀបចំ ឬមិនមានទីតាំងសមស្របក្នុងការសហការ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ កុម្ភ: ស្ថាប័នមួយនេះបានសម្រេចបើកតន្ត្រីជាថ្មី ដោយការប្រគំតន្ត្រីលើកនេះ គឺបានរំលេចតារាថៃ និងខ្មែរល្បីៗ ដោយប៉ុស្ដិ៍លេខ៥ប្រកាសថាក្រៅពីគ្រោងបង្ហាញវត្តមានតារាចម្រៀងល្បីៗមកពីប្រទេសទាំងពីរ ក៏នឹងរំលេចកម្មវិធីប្រឡងចម្រៀង ដើម្បីជម្រើសយកតារាថ្មីឲ្យចូលផលិតកម្មសាន់ដេ និងជម្រើសយកតារាសម្ដែងឲ្យសម្ដែងភាពយន្តនៅប៉ូស្ដិ៍លេខ៥នោះផង។

យោងតាមការបញ្ជាក់ថារបស់អ្នករៀបចំកម្មវិធីសិល្ប:ប្រចាំប៉ុស្ដិ៍លេខ៥ លោកហួង តារាមុន្នី បានអះអាងថាចាប់ពីដើមខែកុម្ភ:ក្នុងឆ្នាំ២០១៨នេះតទៅ ស្ថាប័នរបស់លោកនឹងបើកការប្រគំតន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ រហូតដល់ម៉ោង១រសៀល ដោយមានការផ្សាយបន្តផ្ទាល់នៅប៉ុស្ដិ៍លេខ៥នោះផង។ កម្មវិធីនេះសម្រេចធ្វើឡើងនៅស្ប៉ាកដាវ៉ាន់ដេង ស្ថិតនៅអតីតផាកវ៉េ នៅទល់មុខស្ថានទូតចិន ដោយតាមការអះអាងថាការប្រគំតន្ត្រីដែលទើបសម្រេចធ្វើឡើងក្រោយការបិទចោលឲ្យមួយខ្យល់ធំនេះ គឺនឹងធ្វើជាទៀងទាត់រហូតដល់១ឆ្នាំពេញឯណោះ។ វត្តមានតារាល្បីៗនៅថ្ងៃបើកឆាកនោះ រួមមានលោកខេមរ: សិរីមន្ត កញ្ញាមាស សុខសោភា តារាចម្រៀងថៃគឺកញ្ញាផ្លយ លោកលី ណាកូ និងកញ្ញា សុខ ស្រីលក្ខណ៍។

ក្រៅពីនោះក៏មានសកម្មភាពលេងហ្គេមឡើងកញ្ជ្រោលកម្មវិធីផងដែរ ដោយគេចាប់អារម្មណ៍ថាការប្រគំតន្ត្រីដែលទើបរំលេចជាថ្មីនេះ មានអ្នកទស្សនាកកកុញតាំងពីបើកឆាកបទដំបូង និងមានការចាប់អារម្មណ៍ខ្លាំងក្លាក្នុងពេលបន្តផ្ទាល់។ ការប្រគំតន្ត្រីនេះ តារាចម្រៀងល្បីៗ ទាំងកម្ពុជា និងថៃ បានលើកយកបទផ្ទុះៗរបស់ខ្លួនយកបង្ហើរទាក់ទាញអ្នកគាំទ្រ ដោយសកម្មភាពរាំប្រជែងគ្នាក៏ខ្លាំងណាស់ដែរ ទើបគេឃើញការប្រគំតន្ត្រីនេះមានការគាំទ្រខ្លាំងតែម្ដងនៅសប្ដាហ៍ដំបូង។

លោកហួង តារាមុន្នី បញ្ជាក់ថាការប្រគំតន្ត្រីរៀងរាល់ថ្ងៃអាទិត្យនេះ ប៉ុស្ដិ៍លេខ៥នឹងរំលេចតារាល្បីរៀងរាល់សប្ដាហ៍ដើម្បីប្រជែងការចាប់អារម្មណ៍។ ក្នុងនោះប៉ុស្ដិ៍លេខក៏នឹងរៀបចំការប្រលងចម្រៀង និងសម្ដែងក្នុងពេលខាងមុខផងដែរ បន្ទាប់ពីប៉ុស្ដិ៍លេខ៥ និងផលិតកម្មសាន់ដេបានសម្រេចចិត្តចាប់ដៃគ្នា។ លោកថាបេក្ខជនបេក្ខនារីខាងផ្នែកចម្រៀងដែលទទួលបានប្រជាប្រិយពីការប្រឡងនេះ នឹងក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មសាន់ដេក្រោយការប្រឡងជាប់ ខណ:ដែលតារាសម្ដែងដែលមានរូបសម្រស់ និងមានសមត្ថភាព ក៏នឹងត្រូវជម្រើសឲ្យក្លាយជាតារាសម្ដែងក្នុងភាពយន្តរបស់ប៉ុស្ដិ៍លេខ៥តែម្ដង។ លោកថារួមបញ្ចូលការប្រឡងចម្រៀង និងប្រលងសម្ដែងនៅក្នុងការប្រគំតន្ត្រីដែលចម្រុះដោយតារាថៃ និងខ្មែរល្បីៗនេះ គឺដើម្បីធ្វើឲ្យតន្ត្រីប្រចាំសប្ដាហ៍មួយនេះកាន់តែមានការចាប់អារម្មណ៍ និងក្លាយជាព្រឹត្តិការណ៍តន្ត្រីប្រចាំថ្ងៃអាទិត្យតែមួយគត់ ដែលហ៊ានចំណាយទុនជួលតារាល្បីៗមកពីប្រទេសថៃ និងកម្ពុជាឲ្យឡើងប៉ះគ្នា ហើយថែមទាំងប្រកាសធ្វើការប្រឡងចម្រៀងជម្រើសយកជើងខ្លាំងខាងផ្នែកចម្រៀងឲ្យធ្វើជាតារាចម្រៀងសាន់ដេ និងជម្រើសយកតារាសម្ដែងប្រចាំប៉ុស្ដិ៍លេខ៥ផង។

លោកបន្តថាការប្រគំតន្ត្រីនឹងត្រូវធ្វើឡើងនៅស្ប៉ាកតាវ៉ាន់ដេង ជារៀងរាល់សប្ដាហ៍ ដោយតារាល្បីៗមកពីផលិតកម្មផ្សេងៗបូករួមទាំងតារាថៃផង នឹងបង្ហាញខ្លួនរួមគ្នានៅទីនេះ៕

Loading...