ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើម្បីអ្នកសិល្បៈ ម៉ៅ ប៊ុនរតនា ចំណាយដល់ជាង២០ម៉ឺនដុល្លារ

កាលពីរសៀលថ្ងៃទី៤ កុម្ភ: លោកម៉ៅ ប៊ុនរតនា ដែលត្រូវគេស្គាល់ថាជាថៅកែរបស់ហាងលក់សម្លៀកបំពាក់ Mr. Man ដ៏ល្បីឈ្មោះ បានចំណាយថវិការរហូតដល់ជាង២០ម៉ឺនដុល្លារ បើកភោជនីយដ្ឋាន និងហាងកាហ្វេធំមួយ ស្ថិតនៅកែងស្ដុបវត្តកោះ ឬស្ដុបកែងផ្លូវព្រះមុន្នីវង្សចុះទៅផ្សារអូរឫស្សី ដោយលោកប្រកាសថាជាអាជីវកម្មដើម្បីតម្រូវចិត្តអ្នកសិល្ប: បន្ទាប់ពីលោកបានបើកហាងខោអាវដែលបានក្លាយជាប្រយោជន៍ដល់តារាសិល្ប:រួចមកហើយ។ អ៊ីចឹងហើយការសម្ពោធអាជីវកម្មមួយនេះរបស់លោក មានការចូលរួមដោយតារាសិល្ប:កុះករ ដែលតារាទាំងនោះសុទ្ធតែជាតារាសិល្ប:ដែលទទួលបានការស្ពុនស័រសម្លៀកបំពាក់ពីហាងខោអាវរបស់លោក។

លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាងMr.Man បានអះអាងថាហេតុផលដែលលោកសម្រេចបោះទុនបើកជាហាងកាហ្វេ និងលក់អាហារប៊ុហ្វេក្នុងតម្លៃដើមទុនដល់ទៅជាង២០ម៉ឺនក្រៅពីអាជីវកម្មហាងខោអាវមួយនេះ គឺដោយសារតែយល់ថាតារាសិល្ប:ភាគច្រើនពិបាកក្នុងការរកកន្លែងធ្វើពិធីខួបកំណើត ដែលមានតម្លៃយោគយល់។ លោកថាតារាភាគច្រើនទទួលបានតែឱកាសយកសម្លៀកបំពាក់ឡើងឆាកដោយឥតគិតថ្លៃពីហាងរបស់លោក ឬពីហាងសម្លៀកបំពាក់មួយចំនួនដែលបានសហការជាមួយតារាសិល្ប:តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការទទួលបានឱកាសមានកន្លែងធ្វើពិធីខួបកំណើតដោយម្ចាស់ហាងមិនគិតពីផលចំណេញ ដើម្បីសម្រួលការខ្វះខាតរបស់អ្នកសិល្ប:។

លោកថាតារាសិល្ប:មួយចំនួនមិនមែនជាអ្នកមានធូរធារនោះទេ ប៉ុន្តែតារាទាំងនោះសុទ្ធតែចង់ធ្វើកម្មវិធីខួបកំណើតដើម្បីមានការជួបជុំ និងដើម្បីពង្រីកកេរ្តិ៍ឈ្មោះអ្នកសិល្ប: ទើបលោកយល់ថាបើជ្រុលជាមានហាងសម្លៀកបំពាក់ជួយឲ្យតារាភាគច្រើនមានសម្លៀកបំពាក់ស្អាតៗថ្លៃដើម្បីបានស្លៀកឡើងឆាកទៅហើយ គួរតែមានភោជនីយដ្ឋានមួយបន្ថែមទៀត ដើម្បីផ្ដល់ឲ្យតារាសិល្ប:មានលទ្ធភាពបានធ្វើពិធីសប្បាយៗ ដូចជាខួបកំណើត ឬជប់លៀងលើកមុខលើកមាត់។ លោកថាហាងកាហ្វេ និងភោជនីយដ្ឋានយីហោ «Anado» នេះនឹងផ្ដល់ឲ្យតារាសិល្ប:ដែលមានទំនាក់ទំនងល្អជាមួយហាងមីស្ទ័រមេន របស់លោក ឲ្យធ្វើពិធីខួបកំណើតនៅក្នុងលក្ខណ្ឌដែលអាចនិយាយបានថាមិនត្រូវចំណេញ។ លោកថាបង្កើតហាងនេះ មិនមែនដើម្បីកេងចំណេញពីតារាសិល្ប:នោះទេ ប៉ុន្តែគឺដើម្បីជួយដល់តារាសិល្ប:ឲ្យមានលទ្ធភាពបានធ្វើពិធីជប់លៀង និងខួបកំណើតដោយចំណាយតែដើម បន្ថែមពីលើការចំណាយបើកហាងសម្លៀកបំពាក់ដើម្បីជួយឲ្យតារាមានឱកាសបានស្លៀកខោអាវស្អាតលើកមុខលើកមុខមាត់នោះ។

នៅក្នុងពិធីសម្ពោធហាងរបស់លោក គេឃើញវត្តមានតារាល្បីៗចូលរួមកុះករ ជាពិសេសគឺតារាបង្ហាញម៉ូដក្នុងក្រុមBN តារាចម្រៀងOriginal Song និងអតីតបេក្ខភាពរបស់កម្មវិធី Cambodian Idol រដូវកាលទី៣។ ក្នុងនោះវត្តមានពិធីករពិធីការិនី និងតារាសម្ដែងល្បីៗមួយចំនួនក៏បង្ហាញវត្តមានច្រើនដែរ ដោយគ្រាន់តែតារាទាំងនោះលេចមុខតែមួយភ្លែតហើយក៏ប្រញាប់ត្រឡប់ទៅវិញ៖

មតិយោបល់