ព័ត៌មានសិល្បៈ និងកម្សាន្ត

ដល់កំណត់ សូ ស្រណោះ បញ្ជូន៣៧រូប ឲ្យដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិជាថ្មី

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី៤ កុម្ភ: លោកសូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានអះអាងថាក្រោយពីទទួលជោគជ័យក្នុងការបញ្ជូនកូនសិស្សខាងផ្នែកតន្ត្រីករ និងអ្នកចម្រៀងផ្នែកអូប៉េរ៉ា ឲ្យទៅប្រឡងក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរីនាពេលកន្លងទៅ លោកត្រូវដល់កំណត់បញ្ជូនកូនសិស្សរបស់ខ្លួនប្រមាណជា៣៧រូប ឲ្យទៅប្រឡងក្នុងកម្មវិធីតន្ត្រីអន្តរជាតិជាថ្មីទៀតហើយ ដែលកម្មវិធីនេះនឹងមានប្រទេសរហូតដល់៩ ឬ១០ចូលប្រកួត។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលនឹងគម្រោងធ្វើឡើងនៅថ្ងៃទី៨ និងថ្ងៃទី៩ កុម្ភ:នេះ មិនមែនធ្វើឡើងនៅក្រៅប្រទេសដូចមុនទៀត គឺធ្វើនៅខេត្តសៀមរាប នៅលើទឹកដីប្រទេសកម្ពុជាដែលជាការរៀបចំជាលើកទី១តែម្ដង។

លោកសូ ស្រណោះ ថា កម្មវិធីប្រឡងចម្រៀង និងតន្ត្រីជាលក្ខណ:អន្តរជាតិដែលនឹងធ្វើឡើងនៅខេត្តសៀមរាបនេះ មានការចូលរួមពីសំណាក់តារាក្មេងៗដែលជាអ្នកជំនាញផ្នែកចម្រៀងអូប៉េរ៉ា និងឧបករណ៍ភ្លេងដោយឡែកពីគ្នារហូតដល់៣០០នាក់ឯណោះ ដោយបេក្ខភាពដែលចូលរួមប្រឡងទាំំងនោះគឺមកពី៩ប្រទេស ឬ១០ប្រទេសផ្សេងគ្នា រួមមានប្រទេសសិង្ហបុរី ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម។ ការប្រឡងមួយនេះលោកថាមានការបែងចែកជាប្រកួតប្រលងចម្រៀងទោល ប្រឡងចម្រៀងជាក្រុម ប្រឡងសម្ដែងឧបករណ៍ព្យាណូ និងឧបករណ៍តន្ត្រីផ្សេងៗ ហើយដណ្ដើមយកមេដាយដូចគ្នានឹងការប្រឡងដែលធ្លាប់ធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីកាលមុនដែរ ដោយខុសគ្នាតែការប្រលងលើកនេះធ្វើឡើងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

លោកថាមិនបានច្បាស់រឿងមានប្រទេស៩ ឬ១០ ឬមានចំនួនប៉ុណ្ណាឲ្យពិតប្រាកដក្នុងការចូលរួមនោះទេ ដោយលោកគ្រាន់តែដឹងថាការប្រកួតមួយនេះ ខាងសាលារបស់លោកទទួលខុសត្រូវបញ្ជូនកូនសិស្សជាក្មេងៗចំនួន៣៧រូបឲ្យចូលរួមដណ្ដើមមេដាយប៉ុណ្ណោះ។ លោកថាប៉ុន្មានថ្ងៃមកហើយ ដែលសាលារបស់លោកបង្វឹកកូនសិស្សដែលត្រូវឡើងប្រកួតយកមេដាយ ឲ្យស្ទាត់ក្នុងការលេងឧបករណ៍ភ្លេង និងស្ទាត់ក្នុងការប្រឡងចម្រៀង ដើម្បីឲ្យទទួលបានមេដាយឲ្យបានច្រើន ក្នុងនាមជាបេក្ខភាពតំណាងឲ្យម្ចាស់ប្រទេសដែលជាអ្នករៀបចំកម្មវិធី។

លោកថាកូនសិស្សរបស់លោកនឹងត្រូវចាកចេញទៅសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ កុម្ភ: ដោយសារតែការប្រកួតនោះ ដ្បិតថានឹងចាប់ផ្ដើមនៅថ្ងៃទី៨ មែន ប៉ុន្តែសម្រាប់តំណាងសាលារបស់លោកត្រូវបង្ហាញសមត្ថភាពនៅថ្ងៃទី៩ កុម្ភ: ប៉ុណ្ណោះ ទើបលោកមិនចេញដំណើរទៅត្រាំត្រែងយូរថ្ងៃមុន ដើម្បីទុកពេលបង្វឹកកូនសិស្សឲ្យកាន់តែថ្នឹកនឹងការត្រៀមខ្លួន។

លោកថាការប្រឡងលើកនេះមិនខុសពីការបញ្ជូនកូនសិស្សឲ្យចេញប្រកួតកាលពីទៅសិង្ហបុរីនោះទេ ដោយមានអ្នកប្រឡងផ្នែកចម្រៀងទោល ចម្រៀងជាក្រុម និងប្រកួតផ្នែកតន្រ្តី។ ក្នុងនោះលោកក៏រំពឹងថានឹងទទួលបានមេដាយត្រឡប់មកវិញមិនតិចផងដែរ ថ្វីដ្បិតថាការប្រឡងដែលនឹងរៀបចំនៅខេត្តសៀមរាបនោះ មានសមាសភាពបេក្ខភាពខ្លាំងៗមកពីប្រទេសដទៃប្រជែងមេដាយនៅលើទឹកដីកម្ពុជា។

លោកសូ ស្រណោះ និយាយថាកូនសិស្សទាំង៣៧របស់លោកសុទ្ធតែត្រូវបានសម្រាំងចេញពីការប្រកួតប្រជែងក្នុងចំណោមអ្នកមានជំនាញសម្រាប់វិញ្ញាសារនីមួយៗ តែភាគច្រើនគឺជាអ្នកធ្លាប់ទៅប្រកួត និងមានមេដាយរួចមកហើយ កាលពីនៅប្រទេសសិង្ហបុរី៕

មតិយោបល់