ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្ម«C2GO» នាំបវរកញ្ញាខ្មែរទៅវៀតណាមយ៉ាងតក់ក្រហក់ ទាំងការចែកអំណោយមិនចង់ចប់!

កាលពីព្រឹកថ្ងៃទី៤ កុម្ភ: លោកអេថិន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម«C2Go»ដែលបានផលិតរឿង«ខ្មោចស៊ីឈ្នូល» និងជាប្រធានអង្គការ«ខ្ញុំខ្មែរ»បានចុះចែកអំណោយដល់គ្រួសារក្រីក្រមួយចំនួនស្ថិតនៅភូមិព្រែកអញ្ចាញ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ គឺលោកចុះប្រគល់អំណោយមិនទាន់បានចប់ចុងចប់ដើមផង ក៏ប្រកាសចាកចេញភ្លាមៗ ដោយលោកប្រកាសថាដើម្បីប្រញាប់ចាកចេញទៅវៀតណាមក្នុងគម្រោងដឹកនាំបេក្ខនារីតំណាងប្រទេសកម្ពុជាមួយរូប ឲ្យទៅប្រកួតបវរកញ្ញាតំណាងជាតិនៅក្នុងព្រឹត្តិការណ៍មួយ។ គម្រោងចាកចេញទាំងតក់ក្រហល់នេះ ត្រូវបានប្រកាសថាកើតឡើងដោយសារតែភាគីដែលដឹកនាំតារាខ្មែរឲ្យទៅប្រកួតនៅក្នុងប្រទេសវៀតណាមស្នើឲ្យលោកជួយដឹកនាំទៅ ហើយលោកមិនចង់ធ្វើឲ្យនារីខ្មែរដែលមានឈ្មោះតំណាងជាតិបាត់បង់ឱកាសចេញប្រកួត ទើបលោកសម្រេចចិត្តទទួលចាត់ចែងឲ្យបានទៅ។

លោកអេថិន ជានិច្ច បានថ្លែងក្នុងពិធីចែកអំណោយនៅភូមិព្រែកអញ្ចាញនាព្រឹកនោះថា បើតាមតែលោកត្រូវទទួលភារ:ដឹកនាំបវរកញ្ញាកម្ពុជាឲ្យចេញទៅប្រកួតនៅវៀតណាម លោកគួរតែរំសាយគម្រោងចែកអំណោយ ឬអាចឲ្យអ្នកផ្សេងជាអ្នកដឹកនាំជំនួស ប៉ុន្តែដោយសារតែលោកយល់ថាមិនចង់ឲ្យគ្រួសារដែលត្រូវមានឈ្មោះទទួលបានជំនួយពីលោកអន់ចិត្តព្រោះតែត្រូវលើកពេល ឬមិនមានលោកចុះទៅប្រគល់ដោយផ្ទាល់តាមពាក្យសន្យា ទើបលោកសម្រេចចិត្តរត់ចុះរត់ឡើងសម្រាប់គម្រោងទាំងពីរទាំងលំបាក។

លោកថាការងារដឹកនាំបវរកញ្ញាខ្មែរទៅប្រកួតនៅវៀតណាមក៏សំខាន់ ហើយការចុះចែកអំណោយតាមអ្វីដែលបានកំណត់ទុកក៏ជារឿងសំខាន់ អ៉ីចឹងវិធីដែលអាចឲ្យលោកមិនខុសចំពោះអ្វីដែលបានគ្រោងទុកទៅហើយ គឺលោកត្រូវតែចុះតែចែកអំណោយដោយផ្ទាល់ដៃឲ្យគ្រួសារដែលបានដាក់សំណើរដល់លោកបានឃើញមុខ ហើយត្រូវប្រញាប់រត់មករៀបចំអីវ៉ាន់ដើម្បីដឹកនាំតំណាងកម្ពុជាចាកចេញទៅវៀតណាម។

លោកសម្រេចចាកចេញពីប្រទេសកម្ពុជាក្នុងគម្រោងដឹកនាំបវរកញ្ញាកម្ពុជាទៅប្រកួតនៅវៀតណាម តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយត្រឡប់ពីការផ្ដល់អំណោយ ដោយលោកប្រកាសថាបើលោកមិនចេញមុខជួយក្នុងគម្រោងដឹកនាំបវរកញ្ញាខ្មែរឲ្យបានចេញប្រកួតនាព្រឹកនោះទេ គឺបេក្ខភាពរបស់នាងនឹងត្រូវបានលុបចោល ដោយសារតែខ្វះស្ពុនស័រ។

ពាក់ព័ន្ធនឹងការចុះចែកអំណោយនាថ្ងៃនោះវិញ លោកថាមិនមែនជាលើកទី១របស់អង្គការ«ខ្ញុំខ្មែរ»នោះទេ ដោយសារតែពេលកន្លងមកលោកតែងតែបានបើកការប្រគំតន្ត្រីបែបសប្បុរសធម៌ប្រមូលថវិកាដើម្បីទុកឲ្យអង្គការរបស់លោកមានកញ្ចប់ធ្វើមូលនិធិបែបនេះជាប្រចាំ។ លោកថាគម្រោងអង្គការរបស់លោកអត់មានរើសអើងចំពោះបុគ្គលណាឬបុគ្គលណានោះទេ សំខាន់ឲ្យលោកបានឃើញពីទុកលំបាករបស់សហគមន៍ ឬគ្រួសារក្រីក្រណាមួយ គឺលោកនឹងចំណាយថវិកាផ្ដល់ជាជំនួយតែម្ដង។

យ៉ាងណាមិញ លោកថាគោលដៅរបស់អង្គការលោកគឺផ្ដោតជាសំខាន់លើការជួយដល់ស្រ្តីមានផ្ទៃពោះដែកមានជំងឺ និងផ្ដោតលើការជួយដល់ក្មេងៗកំព្រាដែលខ្វះខាតលុយកាក់សិក្សា។ នៅថ្ងៃទី១៣ កុម្ភ:ខាងមុខនេះ លោកក៏គម្រោងដឹកនាំតារាកម្ពុជា និងថៃប្រមាណជិត៣០រូប ទៅច្រៀងរ៉ៃអង្គាសថវិកានៅក្នុងប្រទេសកូរ៉េ ក្នុងចំណោមពលករកូរ៉េនៅទៅនោះផងដែរ៕

មតិយោបល់