ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា ស៊ិចស៊ីទាំងលើទាំងក្រោម នៅប៉ុស្ដិ៍លេខ៥

ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៤ កុម្ភ: នៅស្ប៉ាកតាវ៉ាន់ដេង គេកត់សម្គាល់ថាតារាចម្រៀងកញ្ញា មាស សុខសោភា លែងខ្លួនស៊ិចស៊ីម៉ាចាស់ដៃ ក្នុងពេលដែលនាងបង្ហាញខ្លួនច្រៀងរាំនៅលើវេទិកា។ ជាមួយនឹងឈុតបញ្ចេញសាច់ដើមទ្រូងគួរឲ្យក្រឺតក្នាញ់ កញ្ញាក៏បង្ហាញសាច់ភ្លៅសខ្ចីធ្វើឲ្យម្នាក់ៗដក.កចំហរមាត់ នឹងការលែងខ្លួនរបស់នាងផងដែរ។

ស្ទីលតែងខ្លួនដែលបានធ្វើឡើងនោះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងផ្តោតការគាំទ្រយ៉ាងខ្លាំង ថានាងស្រស់ស្អាត និងមើលទៅមិនចាញ់តារាដែលលេងខ្លួនស៊ិចស៊ីមួយចំនួននោះទេ។ ជាមួយនឹងការបញ្ចេញសាច់គល់ដើមទ្រូង និងខោខ្លីបញ្ចេញភ្លៅសក្បុសមិនមានអ្នកណាមិនចាប់អារម្មណ៍នឹងរូបសម្រស់របស់នាងនោះទេ។

ប៉ុន្តែក៏មានអ្នកខ្លះរិះគន់ចំពោះស្ទីលតែងខ្លួនរបស់នាងផងដែរ ដោយអ្នកខ្លះនិយាយថានាងមើលទៅស៊ិចស៊ីហួសហេតុនៅលើកញ្ចក់ទូរទស្សន៍ ធ្វើឲ្យមនុស្សភាគច្រើនមើលឃើញដែលនាងគួរតែតុបតែងកាយឲ្យបានជិតៗជាងនេះ។

យ៉ាងណាមិញ តារាចម្រៀងមាស សុខសោភា បានអះអាងថាអ្វីដែលនាងបានបង្ហាញមិនមែនជារឿងហួសហេតុនោះទេ ដោយសារតែនាងឡើងច្រៀងបទញ៉ាក់ ដែលនាងមិនអាចទៅស្លៀកស្រគត់ស្រគំ ដែលនាងយល់ថាមិនស៊ីនឹងបទ។ នាងបញ្ជាក់ថាការលេងខ្លួនរបស់នាងគឺឲ្យស្របនឹងបទចម្រៀង និងក្បាច់រាំរបស់នាងប៉ុណ្ណោះ ប៉ុន្តែនាងក៏បានទទួលស្គាល់ថានឹងមានការផ្លាស់ប្ដូរឲ្យជិតៗជាងនេះ បើមានអ្នកខ្លះយល់ថានាងស៊ិចស៊ីជ្រុលនោះដូចគ្នា។

មាស សុខសោភា ត្រូវគេឃើញបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៅលើវេទិកា ដោយមានទាំងអ្នករាំក្រុមប្រុស និងក្រុមស្រី រំលេចភាពរស់រវើករបស់នាងនៅក្នុងថ្ងៃនោះ។ នេះជាការបង្ហាញខ្លួនរបស់នាងបើកឆាកការប្រគំតន្ត្រីប្រចាំថ្ងៃអាទិត្យរបស់នាងនៅប៉ុស្ដិ៍លេខ៥ បន្ទាប់ពីប៉ុស្ដិ៍លេខប្រកាសថានឹងដំណើរការប្រគំតន្ត្រីរបស់ខ្លួនជារៀងរាល់សប្ដាហ៍ ដោយធ្វើការផ្សាយផ្ទាល់ចាប់ពីម៉ោង១១ ដល់ម៉ោង១រសៀល និងរាល់ថ្ងៃអាទិត្យ។ មាស សុខសោភា បញ្ជាក់ថានាងត្រូវបានគេឲ្យឡើងច្រៀងហៅភ្ញៀវក្នុងវគ្គដំបូង ហើយដើម្បីឲ្យកាន់តែមានការទាក់ទាញ ទើបនាងបញ្ចេញភាពស៊ិចស៊ីបន្តិចឲ្យស៊ីនឹងបទចម្រៀងដែលនាងបកស្រាយ៕

មតិយោបល់