ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម រំពឹងផ្ទុះជាមួយ ពេជ្រ សោភា

ប្រហែលជាសល់តែមួយអាទិត្យទៀតប៉ុណ្ណោះ ការសម្ដែងឌឺដង និងបង្ហាញពីការកាច់កុងយ៉ាងស៊ីសាច់ហុតឈាមរបស់អ្នកនាង ខាត់ សុឃីម និងតារាចម្រៀង អ្នកនាងពេជ្រ សោភា នៅក្នុងភាពយន្តរឿង«បិសាចគួរឲ្យស្រឡាញ់» នឹងត្រូវដាក់ផ្សាយជាសាធារណ:នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស បន្ទាប់ពីសម្ងំថតអស់ច្រើនដែរ។

តារាចម្រៀងដែលពោរពេញដោយភាពរួសរាយរាក់ទាក់ និងក្រមិចក្រម៉ើមរូបនេះបង្ហាញការរំពឹងយ៉ាងខ្លាំងថា អ្នកនាងនឹងផ្ទុះបើភាពយន្តនេះដំណើរការចាក់បង្ហាញ។

អ្នកនាងខាត់ សុឃីម និយាយថាមិនមែនជាលើកទី១នោះទេ ដែលអ្នកនាងបានសម្ដែងជាតួចិត្តអាក្រក់ឃោឃៅ និងពិលពុលដល់កំពូល ប៉ុន្តែអ្នកនាងនៅតែយល់ឃើញថាមួយរឿងដែលបានសម្ដែងក្នុងរឿង«បិសាចគួរឲ្យស្រឡាញ់» ដែលអ្នកនាងបានសម្ដែងជាពិសពុលតទល់ជាមួយនឹងពេជ្រ សោភានេះ គឺពិតជាកន្ត្រាក់បានការចាប់អារម្មណ៍ខ្លាំងក្លា ដោយសារតែភាពយន្តនេះស្ថិតនៅក្នុងគម្រោងរបស់ទូរទស្សន៍ហង្សមាស ហើយការបោះទុនចំណាយច្រើន និងការផ្សព្វផ្សាយក៏ទូលំទូលាយខុសពីមុន។

អ្នកនាងថាភាពយន្តមួយរឿងនេះ គឺអ្នកនាងរំពឹងតែម្ដង ដោយសារតែក្នុងភាពយន្តមួយទាំងមូល សម្ដែងសុទ្ធសឹងតែតារាហង្សមាស ហើយឈុតឆាកដែលអ្នកនាងត្រូវសម្ដែងក៏សាហាវ និងពិសពុល ដែលពិតជាអ្នកទស្សនាស្អប់ ហើយក៏ក្នាញ់នឹងតួអង្គរបស់អ្នកនាងមិនធម្មតានោះឡើយ។ អ្នកនាងបញ្ជាក់ថាដើមឆ្នាំ២០១៨នេះ អ្នកនាងមានវ័យ៣៩ឆ្នាំពេញតែម្ដង ហើយអ្វីដែលអ្នកនាងខំប៉ងប្រាថ្នាគឺនៅតែដដែលគឺសុំឲ្យក្មេង និងស្អាតជាងមុន ប៉ុន្តែទន្ទឹមនឹងទទួលបានបំណងប្រាថ្នាទាំងពីរអ្នកនាងក៏ថារំពឹងមិនធម្មតានោះដែរ ជាមួយនឹងសន្ទុះឈានឡើងក្រោយពីខាងហង្សមាសប្រកាសថាភាពយន្តដែលអ្នកនាងបានសម្ដែងជាមួយនឹងពេជ្រ សោភា ត្រៀមបញ្ចាំងនៅពេលដ៏ខ្លី។

អ្នកនាងនិយាយថាខ្លួននឹងឈោងចាប់ទាំងអស់ ទាំងការងារច្រៀងរាំ ការងារមុខជំនួញ ការងារផលិតបទថ្មីៗ ការងារថតកុន និងការបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌ផង ដើម្បីកុំឲ្យមហាជនភ្លេចមុខក្នុងពេលតារាថ្មីៗរះច្រើន។

អ្នកនាងខាត់ សុឃីម នៅតែត្រូវបានគេចាត់ទុកថាជាតារាដែលមានទីផ្សារ និងប្រជាប្រិយភាពមិនទាន់បាក់ស្រុតនោះទេ ដោយការបង្ហាញខ្លួនរបស់អ្នកនាងក្នុងកម្មវិធីតន្ត្រីបរិច្ចាគឈាមរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៥ កុម្ភ: នៅសាកលវិទ្យាល័យកសិកម្មចម្ការដូង ស្ដែងឡើងយ៉ាងច្បាស់ថាអ្នកនាងគឺជាតារាមួយរូបដែលពិបាកឲ្យអ្នកជំនាន់ក្រោយប្រជែងតាម ជាពិសេសគឺការដាក់ខ្លួន និងភាពរួសរាយរាក់ទាក់ ដែលអ្នកនាងប្រកាន់ភ្ជាប់ ហើយធ្វើឲ្យអ្នកណាក៏សរសើរ និងធានាខ្លួនឃោសនា ឲ្យអ្នកនាងកាន់តែល្បីដោយមិនបាច់ជួលឲ្យផ្សាយលើកជើងអស់មួយរៀលនោះ។ អ្នកនាងនិយាយថាទោះកាន់តែខ្ពស់ តែអ្នកនាងនឹងកាត់តែដាក់ខ្លួន ហើយបើទោះជាមានស្នាដៃទាំងភាពយន្ត និងបទចម្រៀង Original Song ថ្មីៗវាយលុកទីផ្សារ តែអ្នកនាងក៏ត្រូវពង្រីកមុខមាត់តាមរយ:កម្មវិធីតន្ត្រីសប្បុរសធម៌ និងតាមរយ:ទម្លាប់ដាក់ខ្លួន ដើម្បីជម្រុញឲ្យមានការចូលចិត្តចំពោះអ្នកនាង ដែលឈានទៅដល់ការគាំទ្រស្នាដៃរបស់អ្នកនាងនោះផងដែរ៕

មតិយោបល់