ព័ត៌មានសិល្បៈ និងកម្សាន្ត

កូរទាល់តែផ្អើលសាលាកសិកម្មម្សិលមិញ ពីវត្តមានតារាចាស់ថ្មី

កាលពីថ្ងៃទី៥ កុម្ភ: តារាសិល្ប:ចាស់ក្មេងយ៉ាងច្រើនកុះករ ដែលភាគច្រើនគឺជាតារាល្បីៗនៅក្នុងពិភពសិល្ប: បានបើកការប្រគំតន្ត្រីយ៉ាងកក្រើកតែម្ដងបំផុសឲ្យមានការបរិច្ចាគឈាមនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។ វត្តមានតារាៗ ត្រូវគេឃើញច្រៀងកូរ កំប្លែងកូរ និង រាំកូរឡើងផ្អើលនិស្សិតនៅក្នុងថ្ងៃនោះផង បើទោះជាការច្រៀងរាំពេញមួយថ្ងៃនោះ មិនទទួលបានប្រាក់កម្រៃ។

វត្តមានតារាដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ ត្រូវគេកត់សម្គាល់ថាបង្កបរិយាកាសសប្បាយរីករាយ តាំងពីម៉ោងបើកឆាកតែម្ដង បន្ទាប់ពីការចូលរួមរបស់តារាៗចាស់ក្មេងទាំងនេះ រួមគ្នារំលេចការច្រៀងរាំដោយមិនប្រកាន់តារាចាស់ថ្មី ហើយធ្វើឲ្យការច្រៀងរាំ ទទួលបានការគាំទ្រពីសំណាក់និស្សិតយ៉ាងពេញទំហឹង។ នេះជាឆ្នាំទី២របស់គ្រួសារតារាកម្ពុជា និងសាលាកសិកម្មចម្ការដូង ដើម្បីបើកកយុទ្ធនាការប្រមូលកញ្ចប់ឈាម តាមរយ:ការបំផុសនិស្សិត និងអ្នកចូលរួមទស្សនា ឲ្យបរិច្ចាគឈាម។ មកទល់ពេលនេះ មិនទាន់ដឹងថា សាលាកសិកម្មទទួលបានកញ្ចប់ឈាមសរុបប៉ុន្មាននៅឡើយទេ ដោយសារតែការបរិច្ចាគឈាមប្រចាំថ្ងៃ នៅបន្តរហូតដល់ល្ងាចថ្ងៃទី៧ កុម្ភ:នេះទៀត ដោយក្រាន់តែការបំផុសការផ្ដល់ឈាមក្នុងថ្ងៃទី២ មិនមានសកម្មភាពច្រៀងរាំពីសំណាក់តារាសិល្ប:ល្បី។

វត្តមានតារាៗ ដែលកូរកម្មវិធីឲ្យសប្បាយតាំងពីដើមដល់ចប់នោះ រួមមាន អ្នកនាង ខាត់ សុឃីម អ្នកនាង ម៉ៅ សុីណាត អ្នកនាងឈួន សុវណ្ណឆៃ លោក ម៉េង ប៑ុនលី លោក លាង ឩត្តម កញ្ញា ប៉ុបពី លោកម៉ាដូណា លោកហាក់ ធៀមុន្នី ក្រុមកំប្លែងយ៉េយ៉េ តារាចម្រៀងត្រកូលអោក អ្នកនាងឆ័យលី ដាឡែន កញ្ញាអ៑ុង នីនិច លោក សុគន្ធ ដេវីដ កញ្ញា យ៉ែម ស្រីពេជ្រ និងតារាសម្ដែង តារាចម្រៀងពន្លកថ្មីសរុបប្រមាណជាង៥០រូប។
ក្នុងនោះតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម C2Go, E Nation, BN, DP ផលិតកម្មសាស្ត្រា ពិធីករឆ្នើមប្រចាំប៉ុស្តិ៍លេខ៩ លេខ៣ តារាសម្ដែងក្មេងៗកំពុងឡើងកូដ និង អតីតបេក្ខភាព Cambodian Idol ក៏បានបង្ហាញយ៉ាងកុះករនាថ្ងៃនោះផងដែរ។

តារាដែលបានបង្ហាញខ្លួនភាគច្រើន ក៏បានរួមគ្នាបំផុសឲ្យមានការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺនោះផងដែរ៕

មតិយោបល់