Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រុន ណាកូ ក្រោ...

រុន ណាកូ ក្រោយមានសន្ទុះ ចាប់ផ្ដើមមើលរំលងសិល្ប:

ខុសពីតារាភាគច្រើនដែលបន់ឲ្យតែមានការងារច្រៀងរាំ និងសម្ដែងទទួលដៃ២ខ្វារក តារាសម្ដែងវ័យក្មេងលោក រុន ណាកូ ក្រោយពីលេចមុខមាត់ក្នុងរឿង«នរណា Comeback » និងរឿង«ម៉ាដាមអាប២០១៨» និងតារារយ:ការសង្គមធំៗរបស់គ្រួសារតារាកម្ពុជាកន្លងមក បែរជាប្រកាសមើលរំលងពីការទាក់ទងឲ្យលោកចុះថត និងច្រៀងរាំទៅវិញ។ លោកអះអាងថាកាលពីមុនឲ្យតែមានឱកាសចេញមុខគឺសុខចិត្តទម្លាក់ចោលសូម្បីតែការងារផ្ទាល់ខ្លួន និងការរៀនសូត្រ ប៉ុន្តែក្រោយការប្រឡូកចូល លោកបែរជាមានអារម្មណ៍លែងសូវពុះកញ្ជ្រោល។

លោក រុន ណាកូ បានថ្លែងប្រាប់ថា ក្រោយការទទួលស្គាល់ការសម្ដែងរបស់លោកក្នុងរឿងទាំង២ខាងលើ ទីផ្សារសិល្ប:ចាប់ផ្ដើមកំរើកឡើង ដោយការទាក់ទងឲ្យលោកចេញមុខចេញមាត់ក៏ច្រើនណាស់ដែរ ប៉ុន្តែលោកចាប់ផ្ដើមច្រានចោលទៅវិញ។ លោកអះអាងថាកាលពីមុនងប់ងល់នឹងការប្រឡូកសិល្ប:ណាស់ ប៉ុន្តែមកទល់ពេលនេះលោកចាប់ផ្ដើមស្រវាស្រទេញនឹងការសិក្សាលើជំនាញពេទ្យដែលបានទទួលអាហារូបករណ៍នៅឯខេត្តកំពតច្រើនជាង។ ប្រមាណជាជាងឆ្នាំមកហើយ ដែលលោកបានជាប់សិក្សាផ្នែកពេទ្យធ្មេញនៅសកលវិទ្យាល័យក្នុងខេត្តកំពត ហើយកំពុងស្វះស្វែងបន្តការសិក្សាពីជំនាញទូទៅតែម្ដង ដើម្បីអាចឲ្យលោកក្លាយជាពេទ្យជំនាញម្នាក់ទៅថ្ងៃអនាគត។ មកទល់ពេលនេះ លោកថាលែងចង់ទទួលការងារសម្ដែងតែម្ដង ហើយបើការងារនោះត្រូវចំថ្ងៃសិក្សាគឺរឹតតែអត់ចង់ទទួលតែម្ដង ដើម្បីកុំឲ្យប៉ះពាល់លើការសិក្សា។

លោកទទួលតែការងារថតស្បត និងថតបង្ហាញផលិតផលមួយចំនួនដែលប្រើពេលតិចប៉ុណ្ណោះ តែបើការងារសម្ដែងដែលប្រើពេលច្រើនគឺលែងចង់ហើយ បើទោះជាលោករយាលឆ្ងាយរបស់លោកមិនអាចឲ្យលោកល្បីឈ្មោះតាមការចង់បាន។ លោករុន ណាកូ បញ្ជាក់ថាការងារសិល្ប:គឺក្ដីស្រឡាញ់ ប៉ុន្តែជំនាញពេទ្យដែលលោកទទួលបានអាហារូបករណ៍មានភាពសំខាន់ជាង ទើបលោកប្រកាន់ជំហរសិក្សាលើជំនាញរបស់ខ្លួនឲ្យបានចប់ចុងចប់ដើម ដោយមិនអាចខ្វះខាតចំណេះដឹងក្រោយពេលរៀនចប់ជាដាច់ខាត់។ តារាដែលមានត្រេមុខកូនកាត់មកពីខេត្តតាកែវរូបនេះ និយាយថាលោកនឹងត្រលប់មកទទួលការងារសិល្ប:ឲ្យខ្លាំងដូចមុន បើការសិក្សាចាប់ផ្ដើមដកឃ្លាបាន ឬរហូតដល់ពេលរៀនចប់។

លោកមិនខ្លាចថាការច្រានចោលការងារសម្ដែងនឹងធ្វើឲ្យលោកត្រូវបានមហាជនភ្លេចមុខនោះទេ ដោយលោករំពឹងថាការបង្ហាញមុខយូរៗម្ដង ជាពិសេសគឺការថតស្ពត និងថតបង្ហាញម៉ូដផលិតផល នឹងជួយឲ្យលោកមិនពិបាកស្ថាបនាកេរ្តិ៍ឈ្មោះក្រោយពេលវិលស៊ប់ក្នុងសិល្ប:នោះផង។

លោករុន ណាកូ ប្រកាសថាលោកស្រឡាញ់ការងារសម្ដែង និងថតស្ពតជាងគេ តែបើឲ្យលោកដោះដូរការងារដោយមធ្យោបាយផ្លូវកាត់ក៏លោកមិនធ្វើនោះដែរ ដើម្បីកុំឲ្យខូចឈ្មោះក្រោយពេលទីផ្សារការងារស្ទុះឡើង។ លោកមានគម្រោងបើកគ្លីនីកផ្ទាល់ខ្លួនក្រោយពេលរៀនចប់ ទើបលោកប្រកាសថាសិល្ប:នឹងទទួលតែការសម្ដែង និងថតស្ពតសំខាន់ៗដែលបានទាក់ទងប៉ុណ្ណោះ ចំណែកការសម្ដែងដែលប៉ះពាល់នឹងការសុំច្បាប់សាលាគឺលោកទទួលលុះត្រាតែនោះជាកម្មវិធីសំខាន់៕

Loading...