ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ វីតាមីនសេ ត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត!

ប្រមាណមួយសប្ដាហ៍មកហើយដែលលោកពូនាយវីតាមីន សេ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកចុះៗដល់ថ្នាក់បណ្ដាលឲ្យលោកធ្វើទុក្ខរហូតដល់ក្លាយជាអ្នកជំងឺខ្វះគ្រាប់ឈាម។

លោកត្រូវបានគ្រូពេទ្យបញ្ចូលឈាមជួយសង្គ្រោះកាលពីល្ងាចថ្ងៃទី៧ កុម្ភ: ដោយមានការអះអាងថាបើកុំតែមានការបញ្ចូលឈាមបានទាន់ពេលគឺលោកក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។

អ្នកនាង ប៉េងប៉ោង និយាយថាលោកឪពុករបស់អ្នកនាងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃមួយរយ:មកហើយ តែដោយសារតែខាងពេទ្យថៃមិនទាន់ឲ្យលទ្ធផលពីដុំសាច់នោះទៅហើយ ទើបអ្នកនាងឲ្យលោកឪពុកត្រឡប់មកស្រុកខ្មែរមុន ហើយអ្នកនាងស្នាក់នៅនៅក្នុងប្រទេសថៃដើម្បីរង់ចាំទទួលលទ្ធផលកុំឲ្យឡើងចុះច្រើនដង។ អ្នកនាងថាលោកពូវីតាមីនសេ ក្រោយពេលមកដល់ស្រុកក៏ចាប់ផ្ដើមធ្វើទុក្ខ ដោយសារតែជាតិស្ករចុះខ្លាំង ហើយបណ្ដាលឲ្យលោកបាត់បង់ឈាមក្នុងខ្លួនរហូតដល់ថ្នាក់ទន់ដៃទន់ជើងហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។

អ្នកនាងថាលោកកាន់តែធ្វើទុក្ខខ្លាំង ហើយដោយសារតែសម្ពាធឈាមឈានដល់ខ្វះគ្រាប់ឈាមខ្លាំងក្លា ទើបអ្នកនាងដាក់សំណើរឲ្យគ្រួសារតារាកម្ពុជាស្នើឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះ។

អ្នកនាងថាបើកុំតែបានឈាម២កំប្លោកទាន់ពេលកាលពីព្រឹកថ្ងៃទី៧ កុម្ភ: កុំអីប្រហែលជាលោកឪពុករបស់អ្នកនាងប្រឈមនឹងគ្រោះថ្នាក់បាត់ទៅហើយ ដោយសារតែបប្រភេទឈាមរបស់ឪពុកអ្នកនាងត្រូវការនៅខាងមន្ទីរពេទ្យកាល់ម៉ែតពិបាករក។ អ្នកនាងថាឪពុករបស់ខ្លួន នៅមិនទាន់ដឹងថាអាចចេញពីមន្ទីរពេទ្យនៅថ្ងៃណាមួយនោះទេ បើទោះលោកត្រូវបានគ្រូពេទ្យបញ្ចូលឈាមធ្វើឲ្យលោកជៀសផុតគ្រោះថ្នាក់ពីការខ្វះគ្រាប់ឈាម។

អ្នកនាងថាក្រោយធូរស្បើយពីការធ្វើទុក្ខរឿងទឹកនោមផ្អែមចុះខ្លាំងដល់ថ្នាក់បណ្ដាលឲ្យឪពុកសម្រាកស្ងៀមកម្រើកមិនបាន លោកនឹងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃទៀត ដើម្បីតាមដានពីជំងឺដុំសាច់ដែលរីករាលដាក់ក្រោយការព្យាបាលនោះ។
អ្នកនាងនៅតែសម្ដែងការបារម្ភពីស្ថានភាពរបស់លោកនាយវីតាមីនសេ បើទោះជាមានលុយជួយសង្គ្រោះលែងភ័យដូចមុនក៏ដោយ ជាពិសេសក្នុងពេលដែលលោកកាន់តែខ្សោយទៅៗ ចាប់តាំងពីបានទទួលការព្យាបាលពីខាងប្រទេសថៃ ដើម្បីធ្វើឲ្យទឹកនោមផ្អែមចុះសិន មុនឈានទៅធ្វើការវះកាត់យកដុំសាច់ចេញពីថ្លើមនោះ៕

មតិយោបល់