ព័ត៌មានសិល្បៈ និងកម្សាន្ត

សន វិជ្ជបុត្រ សម្រេចចិត្តផលិតបទខ្លួនឯង ក្រោយផលិតកម្ម២ចុងក្រោយដួលសន្លប់

បន្ទាប់ពីផលិតកម្មM និងផលិតកម្ម L ស្ងាត់ជ្រាបគ្មានការផលិតបទចម្រៀងដែលមិនខុសពីការដួលសន្លប់នោះ ពេលនេះតារាចម្រៀង លោក សន វិជ្ជបុត្រ បានសម្រេចចិត្តផលិតបទផ្ទាល់ខ្លួនហើយ ដើម្បីកុំឲ្យអាជីពចម្រៀងរបស់ខ្លួនស្ងប់ស្ងាត់ដូចគ្នានឹងការមិនមានសកម្មភាពរបស់ផលិតកម្មទាំងពីរ។ លោកបានបង្ហោះឲ្យឃើញនូវបទចម្រៀងOriginal Song របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន អមជាមួយនឹងការប្រកាសថានឹងមានបទចម្រៀងបន្តបន្ទាប់ទៀតដើម្បីវាយលុកទីផ្សារ ដោយមិនរង់ចាំទាល់តែខាងផលិតកម្មទម្លាក់បទឲ្យច្រៀងដូចក្នុងពេលស្ថិតនៅជាតារាចម្រៀងរបស់M និង L ចុងក្រោយនោះឡើយ។
លោកសន វិជ្ជបុត្រ និយាយថា ចាប់ពីពេលនេះតទៅលោកមិនទាន់មានគម្រោងចូលជ្រកនៅក្នុងផលិតកម្មណាមួយទៀតទេ ដោយរៀបចំកម្លាំងផលិតបទចម្រៀងជារបស់ខ្លួនជំនួសវិញ ដើម្បីកុំឲ្យមានសម្ពាធជុំវិញការមិនទម្លាក់បទចម្រៀងឲ្យច្រៀង ហើយទម្លាក់បទដែលលោកមិនពេញចិត្តឲ្យខ្លួនដែលធ្វើឲ្យការងារសិល្ប:របស់លោកចុះខ្សោយ។ យ៉ាងណាមិញ លោកថាហេតុផលដែលស្ងប់ស្ងាត់មួយខ្យល់ធំមុនពេលលោកដើរចេញពីផលិតកម្មM និង L មុនផលិតបទខ្លួនឯង ក៏ដោយសារតែលោកមិនមានពេលគ្រប់គ្រាន់ឲ្យផលិតកម្មសម្រាប់ការហ្វឹកហាត់បទថ្មីៗ ដោយគិតតែដើរធ្វើសកម្មភាពសប្បុរសធម៌ ដូចជាការគៀគរជំនួយ និងរកលុយសង់ផ្លូវលំ ឬអណ្ដូងទឹកឲ្យសហគមន៍ក្រីក្រនោះផងដែរ ទើបមួយរយ:ពេលដែលលោកស្ថិតនៅជាតារាចម្រៀងរបស់M នៅឡើយ មិនមានបទថ្មីវាយលុកទីផ្សារ។

លោកថាបទចម្រៀងបើកឆាករបស់ខ្លួនគឺមានចំណងជើងថា«លុយមិនស្ដាយ តែបងស្ដាយចិត្ត» ដោយបទចម្រៀងនេះ គឺជាស្នាដៃនិពន្ធថ្មី និងជាបទដែលលោកចេញបង្ហោះដើម្បីស្ទាបស្ទង់ទីផ្សារ។ មកទល់ម៉ោងនេះ លោកនៅមិនទាន់ដឹងពីសន្ទុះមួយបទរបស់លោកដែលទើបតែបង្ហោះនេះនៅឡើយទេ ប៉ុន្តែផ្អែកតាមការស្ទាប់ស្ទង់គឺមានការគាំទ្រគួរសម ពីសំណាក់អ្នកគាំទ្រ ទើបលោកកាន់តែមានកម្លាំងចិត្តច្រើនឡើងក្នុងការបញ្ចេញបទថ្មី។

លោកថាបទចម្រៀងដែលលោកបានច្រៀងនេះ ក៏ឆ្លុះបញ្ចាំងពីរឿងពិតមួយដែលកើតមាននៅក្នុងសង្គមផងដែរ ជាពិសេសគឺស្នេហាបោកប្រាស់ដែលតែងតែកើតមានឡើងចំពោះបុរសអ្នកមាន ហើយលទ្ធផលចុងក្រោយក្រោយពេលលះបង់ជាច្រើនឲ្យនារីនោះ ទើបដឹងថានាងមិនបានស្រឡាញ់ពិត។ លោករំពឹងថាបទចម្រៀងរបស់ខ្លួននឹងទទួលការគាំទ្រ ក្រោយពេលចេញជា MV និងបន្ទាប់ពីលោកមានពេលឡើងឆាកច្រៀងប្រូម៉ូដឲ្យបានខ្លាំងក្លា៕

មតិយោបល់