ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់! ភរិយាដល់ម៉ោងសម្រាលកូន លោក សុះ ម៉ាច បែរត្រូវឡើងឆាកខានមិនបាន

ចាត់ទុកថាជារឿងចៃដន្យ ដែលភរិយាត្រូវសម្រាលកូននៅវេលាម៉ោង៥ ឬ ម៉ោង៦ ល្ងាច ថ្ងៃទី៩ កុម្ភ: នេះ តែលោក សុះ ម៉ាច បែរជាត្រូវបង្ហាញមុខឡើងឆាក ដោយខានមិនបាន នៅក្នុងកម្មវិធីវគ្គផ្ដាច់ព្រ័ត្រ”ពេជ្រកំពុងច្នៃ”។ លោកត្រូវគេឃើញ ឡើងច្រៀងក្នុងទឹកមុខស្រពាប់ស្រពោន ដោយសារវេលាដែលលោកឡើងច្រៀង ជាវេលាដែលភរិយារបស់លោក ត្រូវសម្រាលកូនទី៣។ លោក សុះ ម៉ាច បង្ហើបថា បើតាមអាណិតភរិយាក្នុងពេលសម្រាលកូន លោកត្រូវលុបគម្រោងឡើងឆាកនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បាត់ទៅហើយ ប៉ុន្តែដោយសារតែលោក មិនអាចធ្វើឲ្យខូចកម្មវិធីរបស់គេបាន ទើបលោកដាច់ចិត្តទុកភរិយាឲ្យឈឺពោះម្នាក់ឯង ហើយរត់មកច្រៀង ទាំងអារម្មណ៍របស់លោកចង់ស្រក់ទឹកក្នែក។ ការបង្ហាញមុខលើឆាករបស់លោក បានធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកដឹងទុក្ខធុរ:របស់លោក ដោយបានទាំងចាត់ទុកថានេះជាគំរូដ៍កម្រមួយ ដោយសុខចិត្តទុកភរិយាឲ្យប្រសូត្របុត្រដោយគ្មានលោក ហើយសុខចិត្តមកបំពេញការងារដែលជាប់សន្យា ដើម្បីកុំឲ្យខូចកម្មវិធីដែលគេបានរៀបចំបែបនេះ។

ខាងក្រោមនេះជាសាររបស់លោកមុនឡើងច្រៀងប៉ុន្មាននាទី “ហ៊ឺ!អាណិតភរិយារបស់ខ្ញុំណាស់ម្តងនេះត្រូវសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពសោភាថ្មីបន្ទប់២០៦ដោយគ្មានប្តីនៅផ្តល់ភាពកក់ក្តៅនិងកម្លាំងចិត្តដូចបុត្រមុនៗនោះទេខ្ញុំដឹងថាពេលសម្រាលបុត្រគឺពិបាកណាស់ត្រូវការភាពកក់ក្តៅនិងកម្លាំងចិត្ត.តែដោយសារល្ងាចនេះខ្ញុំត្រូវជាប់ច្រៀងផ្សាយផ្ទាល់នៅអាស៊ីអគ្នេយ៍កម្មវិធីពេជ្រកំពុងច្នៃវគ្គផ្តាច់ព្រ័ត្រមិនអាចខានបាន។

នាងចាប់ផ្តើមឈឺពោះតិចៗម្តងម្កាលតាំងពីព្រឹក ដុកទ័រប្រាប់ថានឹងសម្រាលបុត្រនៅម៉ោង៥.រឺ៦ល្ងាចនេះ គឺចំម៉ោងខ្ញុំច្រៀងតែម្តង។ខ្ញុំសូមលើកម្រាមដៃដប់បួងសួងដល់ទេវតាឥន្ទ្រព្រហ្មជ៏ដូនជីតាសូមមេត្តាយកនូវបុណ្យកុសលដែលខ្ញុំបានសាងកន្លងមកទៅជួយដល់នាងនិងបុត្រារបស់ខ្ញុំ ឲ្យពួកគេបានសុខសប្បាយនិងសុវត្ថិភាពទាំងពីរនាក់ផងចុះ”៕

មតិយោបល់