ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូយម៉្លេះ! ឆាយ វិរៈយុទ្ធ បានកាដូរថយន្តជិត១០ម៉ឺនដុល្លារ និងទឹកប្រាក់យ៉ាងសន្ធឹក!

ស្ទើរមិនគួរជឿនោះទេ បន្ទាប់ពីមានការប្រកាសថាតារាចម្រៀងលោក ឆាយ វិរ:យុទ្ធ ទទួលបានរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារ បូកជាមួយទឹកប្រាក់ដល់ខ្ទង់ម៉ឺនដុល្លារបន្ថែមទៀត ជាថ្នូរនឹងតម្រូវឲ្យលោកធ្វើជាអ្នកតំណាងរបស់ក្រុមហ៊ុន Chevrolet ។

នេះជាតំណែងឯកអគ្គរដ្ឋទូតសុឆន្ទ:ដែលលោកទើបតែទទួលបានបន្ទាប់ពីបានក្លាយជាកូនប្រសារថៅកែកៅស៊ូ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលផ្ទុយពីការលើកឡើងថាក្រោយពេលរៀបការបើកចំហរនឹងធ្វើឲ្យលោកធ្លាក់ចុះប្រជាប្រិយភាពនោះ។

ការប្រកាសនេះត្រូវបានប្រកាសនៅក្នុងក្នុងវេទិកាសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី៩ កុម្ភ: នៅក្នុងទីតាំងធំរបស់ក្រុមហ៊ុនលក់រថយន្តម៉ាក Chevrolet ដោយមាននាយកក្រុមហ៊ុន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករចូលរួម។ នៅក្នុងវេទិកានោះ នាយកទូទៅប្រចាំក្រុមហ៊ុន លោកប៉ែន ពិសិដ្ឋ ក៏បានប្រកាសថាក្នុងតំណែងជាឯកអគ្គរដ្ឋទូតរបស់លោក ឆាយ វិរ:យុទ្ធ ក្រុមហ៊ុនក៏នឹងសម្រេចផ្ដល់ឲ្យលោកនូវរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារ និងថវិកាជាតម្លៃខ្លួនជាច្រើនផ្សេងទៀត ដោយគ្រាន់ថវិកាដែលទទួលបានបន្ថែមពីលើរថយន្តនោះ មិនត្រូវបានទម្លាយឲ្យដឹងពីតួលេខ។

លោកពិសិដ្ឋ បន្ថែម ហេតុផលដែលក្រុមហ៊ុនរថយន្តដ៏ល្បីរបស់អាមេរិកសម្រេចជ្រើសឲ្យលោកធ្វើជាតំណាង គឺដោយសារតែលោកគឺជាតារាល្បី និងជាតារាយុវវ័យមួយរូបដែលមានប្រជាប្រិយភាពខ្លាំងក្លា ហើយមិនមានរឿងអាស្រូវណាមួយ នាំឲ្យមានការរិះគន់។

ក្រោយការប្រកាសឲ្យលោកបានក្លាយជាតំណាងក្រុមហ៊ុន លោកថា លោក ឆាយ វិរ:យុទ្ធ នឹងត្រូវបានប្រគល់រថយន្តឲ្យប្រើធ្វើជាមធ្យោបាយ ដោយរថយន្តដែលបានប្រគល់ឲ្យនោះមានតម្លៃរហូតដល់ជិត១០ម៉ឺនដុល្លារឯណោះ។ ក្នុងនោះលោកក៏បានទទួលតម្លៃខ្លួនពីការថតស្ពត និងពីការងារថតរូបផ្សព្វផ្សាយពីម៉ាករថយន្តផងដែរ ដោយមិនមែនគ្រាន់តែទទួលបានរថយន្តមួយគ្រឿងដែលប្រគល់ឲ្យប្រើហើយគ្រប់គ្រាន់នោះទេ។

លោកឆាយ វិរ:យុទ្ធ និយាយថា នេះជាកិត្តិយសមួយដែលក្រុមហ៊ុនរថយន្តដ៏ធំរបស់អាមេរិកបានជ្រើសឲ្យលោកធ្វើតំណាង ក្នុងពេលដែលលោកក៏ទទួលបានរថយន្ត និងតម្លៃខ្លួនបន្ថែមយ៉ាងច្រើនលើសលប់នោះ។ លោកថាសប្បាយចិត្តតាំងពីបានឮថាក្រុមហ៊ុនមួយនេះ ទាក់ទងឲ្យលោកធ្វើជាតំណាង ហើយមិនទាន់បានត្រូវរ៉ូវគ្នាម្ល៉េះ ក្នុងពេលដែលក្រុមហ៊ុន Chevrolet ក៏ជាក្រុមហ៊ុនធំមួយដែលឧបត្ថម្ភក្លឹបយក្ស Manchester United ដែលជាក្រុមបាល់ទាត់លំដាប់ពិភពលោកផងដែរ។ អ្វីដែលលោកពេញចិត្តជាងគេ គឺក្រុមហ៊ុនដែលលោកធ្វើជាតំណាង ក៏ជាក្រុមហ៊ុនលំដាប់ពិភពលោក និងជាម៉ាករថយន្តដែលមានបច្ចេកវិទ្យាទំនើបដែលពេញនិយមទូទាំងពិភពលោក។

ក្រោយទទួលបានតំណែងបើកឆាកប្រចាំឆ្នាំ២០១៨នេះ លោកក៏រំពឹងថានឹងទាក់ទាញឲ្យក្រុមហ៊ុនផ្សេងទៀត ឲ្យលោកបានធ្វើជាតំណាងបែបនេះដូចគ្នាផងដែរ ខណ:ដែលមានក្រុមហ៊ុនមួយចំនួនផងដែរទំនាក់ទំនងជាមួយលោក ដោយគ្រាន់តែមិនទាន់ត្រូវរ៉ូវគ្នាផ្លូវការ។ យ៉ាងណាមិញ លោកថាខ្លួនមិនអាចទទួលធ្វើជាតំណាងរបស់ក្រុមហ៊ុនរថយន្តដូចគ្នាបានទេ ក្រោយពីទទួលធ្វើជាតំណាងផ្ដាច់មុខឲ្យ Chevrolet នេះ៕

មតិយោបល់