Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត អម្ពរ ទេវី គ្...

អម្ពរ ទេវី គ្មានគម្រោងវិលមករស់នៅ នៅកម្ពុជា!

ខុសពីការលើកឡើងថាអ្នកនាងអម្ពរ ទេវី នឹងមានគម្រោងចុះមករស់នៅកម្ពុជាក្នុងពេលខាងមុខ ក្នុងកិច្ចសម្ភាសន៍មួយដែលអ្នកនាងបានធ្វើជាមួយអ្នកសារព័ត៌មានPNN កាលពីរសៀលថ្ងៃទី៩ កុម្ភ: អ្នកនាងថាមិនមានគម្រោងត្រឡប់មករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកំណើតនោះទេ។ អ្នកនាងថាយ៉ាងច្រើននៅពេលចាស់បន្តិច អ្នកនាងនឹងឡើងចុះស្រុកខ្មែររាងច្រើនប៉ុណ្ណោះ តែក៏មិនមែនមករស់នៅនោះដែរ គឺគ្រាន់តែឡើងមកដើម្បីថត ឬមកកម្សាន្ត។

ប្រភពពីអ្នកទស្សនាការសម្ភាសន៍របស់អ្នកនាងនៅក្នុងពេលនោះ បានអះអាងថាអ្នកនាងបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានថា អ្នកនាងមិនបាននិយាយថានឹងត្រលប់មករស់នៅកម្ពុជាជាថ្មីនោះទេ ដោយអ្នកនាងថាស្ថានភាពគឺអាចត្រឹមតែចុះមកលេងញឹកញាប់ជាងមុននៅពេលអ្នកនាងមិនអាចធ្វើការនៅលើទឹកដីអាមេរិកបានតែប៉ុណ្ណោះ។

អ្នកនាងបដិសេធជម្រាបឲ្យដឹងពីស្ថានភាពរស់នៅរបស់អ្នកនាងនៅលើទឹកដីអាមេរិក ដោយសូម្បីតែអ្នកនាងធ្វើការអ្វី និងមានមុខជំនួញអ្វីក៏អ្នកនាងសុំមិនប្រាប់នោះដែរ។ យ៉ាងណាមិញអ្នកនាងថានៅលើទឹកដីអាមេរិកគឺអ្នកនាងមានស្វាមីដែលមានការងារប្រាក់ខែល្អ និងមានស្ថានភាពរស់នៅល្អប្រសើរ ទើបអ្នកនាងមិនមានគម្រោងចុះមករស់នៅប្រទេសកម្ពុជានោះទេ ដោយសារតែអ្នកនាងក៏មិនចង់រស់នៅឆ្ងាយកូន និងស្វាមី ដែលមានចំណូលចិត្តរស់នៅអាមេរិកច្រើនជាងនោះផង។ អ្នកនាងថាខ្លួននឹងឡើងចុះកម្ពុជាដើម្បីការងារសិល្ប:តែប៉ុណ្ណោះ ដោយក្រោយពីថតរឿង«ឆន្ទា»និងរឿង«កាកី»ចប់ គឺអ្នកនាងក៏នឹងពិចារណាទទួលថតរឿងបន្តទៀតផងដែរ បើអ្នកនាងពេញចិត្តចំពោះការទំនាក់ទនងនោះ។ អ្នកនាងថាដំណើរចុះមកដល់កម្ពុជា នឹងកើតឡើងកាន់តែច្រើនក្នុងពេលវ័យរបស់អ្នកនាងកាន់តែជ្រេ ប៉ុន្តែបើឲ្យរស់នៅដោយបោះបង់ទឹកដីអាមេរិក គឺមិនអាចនោះទេ ហើយបើអាចក៏ជារឿងវែងឆ្ងាយដែលប្រហែលជាក្នុងពេលដែលអ្នកនាងចាស់ខ្លាំងនោះដែរ។

ប៉ុន្តែអ្នកនាងថាស្ថានភាពជាក់ស្ដែងគឺអ្នកនាងមិនមានគម្រោងមករស់នៅប្រទេសកំណើតទេ បើទោះជាអ្នកនាងយល់ថាស្ថានភាពរបស់កម្ពុជានៅក្នុងពេលនេះ ល្អប្រសើរជាងមុន។ អ្នកនាងអម្ពរ ទេពី បញ្ជាក់ថាគិតត្រឹមឆ្នាំ២០១៨នេះ អ្នកនាងមានវ័យ៥០ឆ្នាំហើយ ហើយក៏មានសុភមង្គលជាមួយស្វាមីណាស់ដែរនៅលើទឹកដីស៊ីវិល័យ ទើបអ្នកនាងបញ្ជាក់ជំហរថានឹងបន្តរស់នៅអាមេរិកដោយគ្មានគម្រោងមករស់នៅអចិន្រ្តៃយ៍នៅកម្ពុជាដូចការលើកឡើងឡើយ ដោយអ្នកនាងបញ្ជាក់ថា នោះជាការភាន់ច្រលំនោះផង។ អ្នកនាងថាខ្លួនគ្រាន់តែបាននិយាយថា ពិចារណារឿងវិលមករស់នៅកម្ពុជាផងដែរប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជាក់ស្ដែង គឺមិនមានការកំណត់បែបនោះឡើយ៕

Loading...