Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ចេន សាយចៃ និង...

ចេន សាយចៃ និងតារាៗពីអង្គការខ្ញុំខ្មែរ ចេញទៅកូរ៉េ

កាលពីយប់ថ្ងៃទី១២ កុម្ភ: តារាចម្រៀងល្បីឈ្មោះ អ្នកនាង ចេន សាយចៃ និងតារាៗមកពីផលិតកម្មC2Go សរុប៦រូប បានចាកចេញពៅកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទៅសម្ដែងជាទ្រង់ទ្រាយសប្បុរសនៅក្នុងប្រទេស។ នេះជាការដឹកនាំអ្នកសិល្ប:ទៅសម្ដែងនៅក្នុងប្រទេសកូរ៉េប្រចាំឆ្នាំរបស់អង្គការខ្ញុំខ្មែរ ដោយដឹកនាំសម្ដែងលើកនេះ ក៏មានការចាប់ដៃជាមួយ”គ្រួសារតារាកម្ពុជា”។

លោក អេថេន ជានិច្ច បានថ្លែងបញ្ជាក់ថា តារាៗដែលទៅសម្ដែងនៅក្នុងប្រទេសកូរ៉េឆ្នាំនេះ ត្រូវចាកចេញទៅក្នុងចំនួនច្រើនជាងនេះ ប៉ុន្តែដោយសារតែតារាមួយចំនួនបានធ្លាក់សម្ភាសន៍នៅក្នុងស្ថានទូត ទើបមានតារា៦រូបត្រូវបានចេញទៅ។ យ៉ាងណាមិញលោកថា ការចេញសម្ដែងលើកនេះ គឺមានតារាចេញពីប្រទេសថៃ និងតារាប្រចាំនៅក្នុងប្រទេសកូរ៉េត្រៀមចាំនៅទីនោះស្រាប់ ទើបលោកនៅតែចាត់ទុកថាការប្រគំតន្ត្រីរបស់ខ្លួនគឺមានភាពគគ្រឹកគគ្រេង។ ការប្រគំតន្ត្រីឆ្នាំនេះ លោកនៅតែរក្សាជំហរមិនលក់សំបុត្រ ដោយលោកចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុង ក្នុងការរៀបចំការប្រគំតន្ត្រីទាំងមូល ដើម្បីឲ្យក្រុមពលករខ្មែរ ដែលបម្រើការនៅក្នុងប្រទេសកូរ៉េ និងទទួលបានការសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំកូរ៉េបានសប្បាយរីករាយ។

លោកថាការប្រគំតន្ត្រីរបស់ខ្លួននឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ កុម្ភ: ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១២ យប់ នៅក្នុងភោជនីយមួយស្ថិតក្នុងខេត្តស៊ូវុន ដែលមានពលករខ្មែររហូតដល់រាប់ម៉ឺននាក់ ធ្វើការនៅទីនោះ។ ការប្រគំតន្ត្រី អត់មានការលក់សំបុត្រសុទ្ធសាធ ហើយបើមានការបរិច្ចាគជាថវិកាពីក្រុមពលករ ដែលចូលទស្សនា នោះអង្គការខ្ញុំខ្មែរ នឹងប្រើសម្រាប់យកមកជួយដល់គម្រោងសប្បុរសធម៌ដូចជាជួយដល់ស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ និងកុមារកំព្រាជាដើម។ លោកនៅតែរំពឹងថា ការប្រគំឆ្នាំនេះ នឹងទទួលបានជោគជ័យ ដោយសារតែការប្រគំតន្ត្រីឆ្នាំមុន ដែលបានធ្វើកូរ៉េដូចគ្នា មានអ្នកទស្សនារហូតដល់ជិត៥ពាន់នាក់ ចូលរួមទស្សនា។ លោកថាតារាពីប្រទេសកម្ពុជា រួមមានតារាចម្រៀង អ្នកនាង ចេន សាយចៃ និងលោក ហាក់ ធៀមុនី ជាដើម ដោយតារាទាំងចាកចេញពីកម្ពុជា និងតារាត្រៀមស្រាប់នៅក្នុងប្រទេសកូរ៉េ នឹងរំលេចការសម្ដែងសប្បាយៗជាច្រើន ដើម្បីឲ្យពលករខ្មែរនៅក្នុងប្រទេសកូរ៉េ ឲ្យបានរីករាយភ្លេចនឹកស្រុក ដែលមិនខុសពីការលើកទឹកចិត្តដល់ពលករខ្មែរ៕

Loading...