ព័ត៌មានសិល្បៈ និងកម្សាន្ត

វិបុលឡាឡា កូនខ្មែរ ក្លាយជាតារាចម្រៀងមានទីផ្សារ ក្រោយធ្វើពលករនៅកូរ៉េ

​ស្រឡាញ់អាជីពសិល្ប:តាំងពីនៅសិក្សាមិនទាន់ទទួលបានជោគជ័យ ប៉ុន្តែលោកមិ វិបុល ហៅវិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ក្នុងចំណោមពលករកូរ៉េនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ថាជាជាតារាចម្រៀងមួយរូប បែរជាមានប្រជាប្រិយភាព និងកាន់តែទីផ្សារសិល្ប:នៅក្នុងចំណោមពលរដ្ឋខ្មែរដែលបានបម្រើការ និងរស់នៅនៅទីនោះ។ លោកមិនត្រឹមតែជាតារាចម្រៀងដែលមានការងារច្រៀងប្រចាំឲ្យក្លិបកម្សាន្តមួយនៅក្រុងស៊ូវុន ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេក្រុមចម្រៀង GOG និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្មែរតូចធំនៅក្នុងប្រទេសកូរ៉េ រាល់ពេលក្រុមពលករខ្មែរមានការបប្រគំតន្ត្រីសប្បុរសធម៌ និងកម្មវិធីផ្សព្វផ្សាយបែបសប្បាយៗផ្សេងនោះផង។

ក្នុងចំណោមពលករខ្មែរនៅកូរ៉េ កាន់តែទទួលស្គាល់ច្រើនឡើងថា លោក វិបុលឡាឡា កូនខ្មែរ គឺមេក្រុមសិល្ប:សម្រាប់ក្រុមពលករកូរ៉េនិងជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង មិនថាការប្រគំតន្ត្រីដែលជាការរៀបចំដោយក្រុមពលករប្រចាំនៅក្នុងប្រទេសកូរ៉េ។ លោកគឺជាអតីតតារាចម្រៀងដែលមិនជោគជ័យក្នុងពេលមិនទាន់មានឱកាសមកបម្រើនៅក្នុងប្រទេសកូរ៉េ ប៉ុន្តែបែរជាបានក្លាយជាតារាចម្រៀងអាជីព ដោយមានទាំងបទចម្រៀងនិពន្ធទំនុកច្រៀងថ្មីផ្ទាល់ខ្លួន និងបទ Original Song ផ្ទាល់ខ្លួន នៅលើប្រព័ន្ធយូធូបផង។ ក្រុមពលករខ្មែរបានហៅលោកថាជាតារាចម្រៀងដែលមានការទទួលស្គាល់ ដោយបានទាំងទុកចិត្តឲ្យលោកបានក្លាយជាមេក្រុមចម្រៀងGOG និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ប្រចាំនៅក្រុងស៊ូវុន ប្រទេសកូរ៉េខាងត្បូង និងបណ្ដាតំបន់មួយចំនួនដែលមានពលករខ្មែររស់នៅនោះផង។ ជាក់ស្ដែងការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្នុងទឹកដីស៊ូវុន ក្រោមការធានាយកតារាខ្មែរពីកម្ពុជាដោយអង្គការ«ខ្ញុំខ្មែរ» និងក្រោមការចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា» គឺលោកជាអ្នកចាត់ចាត់សម្រាប់ការងារនៅក្នុងប្រទេសកូរ៉េ ទាំងស្រុង ដោយក្រុមចម្រៀងរបស់លោកដែលគៀកគរបានក្នុងចំណោមក្រុមពលករដែលបានក្លាយជាតារាអាជីពក៏មានចំនួនច្រើនដែរ។ លោកអះអាងថារយ:ពេលប្រមាណ៣ឆ្នាំមកហើយ ដែលលោកបម្រើការនៅក្នុងប្រទេសកូរ៉េ ក្រោយបោះបង់ការសិក្សាត្រឹមឆ្នាំទី១ តែការងារសិល្ប:របស់លោកទើបតែជោគជ័យខ្លាំងប្រមាណជាជាង១ឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយក្រៅពីជាតារាចម្រៀងប្រចាំក្រុមល្បីមួយនៅក្រុមពលករខ្មែរ លោកក៏ជាឌីជេប្រចាំក្លិបកម្សាន្ត និងបានច្រៀងប្រចាំឲ្យក្លិបកម្សាន្តមួយ។

លោកប្រកាសបង្កើតក្រុមចម្រៀងធំមួយក្នុងចំណោមពលករនៅកូរ៉េ ដោយលោកប្រកាសថាដើម្បីប្រមូលកម្លាំងអ្នកមានសមត្ថភាពច្រៀងរាំ និងលេងភ្លេង ពីក្រុមពលករ ដើម្បីច្រៀងរ៉ៃអង្គាស ស្វែងរកថវិកាជួយពលរដ្ឋក្រីក្រ និង តារាខ្វះខាត ដែលត្រូវការជំនួយនៅកម្ពុជា ក្នុងពេលខាងមុខនោះផង។ លោកថាខ្លួននឹងយកលំនាំតាមគ្រួសារតារាកម្ពុជា ប្រចាំនៅកម្ពុជា ដើម្បីធ្វើឲ្យក្រុមចម្រៀងរបស់លោក បានរួមចំណែកជួយឲ្យតារាពន្លកថ្មីក្នុងចំណោមពលករបានក្លាយជាអ្នកចម្រៀងអាជីព និងដើម្បីបានរួមចំណែកបានក្លាយជាអ្នករួមចំណែកជួយដល់កម្ពុជា តាមរយ:ការគៀគររកមូនិធិ ជួយដល់ពលករនៅកូរ៉េ និងពលរដ្ឋខ្វះខាតនៅកម្ពុជា៕

មតិយោបល់