ព័ត៌មានសិល្បៈ និងកម្សាន្ត

ចេន សាយចៃ និងសិល្បករមួយក្រុម ជោគជ័យ នៅកូរ៉េ

ការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់ស្រ្តីក្រីក្រ និងក្មេងកំព្រានៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី១៦ កុម្ភ: បានទទួលជោគជ័យមិនខុសពីការគ្រោងទុកនោះទេ ដោយសារតែមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ពលករពលការិនីប្រចាំនៅក្នុងប្រទេសកូរ៉េ ហើយអ្នកបានចូលរួមទាំងនោះ បានទាំងនៅរាំលេងយ៉ាងកករំពឹងពេញសាលរហូត ដល់ម៉ោងជាង១១យប់ ដូចការចង់បាន។

តារាចម្រៀង ចេន សាយចៃ និងតារាសិល្ប:ជាច្រើន រួមមានទាំងតារាប្រចាំក្នុងក្រុមពលករនៅក្នុងប្រទេសកូរ៉េផង ត្រូវគេឃើញមានការគាំទ្រ ឲ្យថើប សុំថតរូបជាមួយ និងផ្ដល់លុយធីប យ៉ាងច្រើននោះផង បន្ថែមពីការការគាំទ្រពីក្រុមពលករដែលបានស្ម័គ្រចិត្តមកចូលរួមក្នុងពិធី។ កម្មវិធីច្រៀងរាំដោយគ្មានការលក់សំបុត្រ ក្នុងបំណងឲ្យពលករខ្មែរបានច្រៀង និងរាំលេងនេះ ធ្វើឡើងនៅកណ្ដាលក្រុមស៊ូវុន ក្នុងអាគារលក់ម្ហូបខ្មែរ ដោយក្នុងចំណោមតារាដែលបានបង្ហាញខ្លួន គេឃើញតារាចម្រៀងចេន សាយចៃ មានអ្នកគាំទ្រខ្លាំងក្លាជាងគេ គ្រប់ពេលដែលអ្នកនាងឡើងឆាក។

យ៉ាងណាមិញសន្ទុះលោក ហាក់ ធៀមុនី ដែលជាតារាសម្ដែងមកពីប្រទេសកម្ពុជាក៏មិនអន់នោះដែរ ខណ:ដែលលោក វិបុលឡាឡាកូនខ្មែរ ដែលជាតារាចម្រៀងល្បីប្រចាំក្នុងក្រុមពលករ ក៏មានអ្នកគាំទ្រគួរឲ្យកត់សម្គាល់ផងដែរ។ ការប្រគំតន្ត្រីមានសភាពអ៊ូអរតាំងពីម៉ោង៦ល្ងាច ហើយបើទោះជាទីតាំងដែលជួលរៀបចំស្ថិតក្នុងក្លិប ដែលពលរដ្ឋខ្មែរនៅកូរ៉េមិនសូវបានស្គាល់ ក៏នៅតែមានអ្នកទស្សនា និងអ្នករាំកំដរភ្លេងរហូតដល់ម៉ោងជាង១១យប់។ នេះជាការប្រគំតន្ត្រីលើកទី១ របស់គ្រួសារតារាកម្ពុជា ដែលបានចូលរួមសហការ ជាមួយអង្គការខ្ញុំខ្មែរ ប៉ុន្តែជាលើកទី២ហើយ អង្គការខ្ញុំខ្មែរបានចំណាយពេលដឹកនាំតារាខ្មែរឲ្យចេញច្រៀងនៅក្រៅប្រទេស។

បងប្អូនពលករខ្មែររាប់រយនាក់ បានហៅការប្រគំតន្ត្រីនេះថា ការរួមចំណែកឲ្យពួកគេ បានសប្បាយតាមរយ:ការច្រៀងរាំងចង្វាក់ប្រពៃណីខ្លួនឯង និងថាជាវេទិកាដែលជួយឲ្យពួកគេ មានលទ្ធភាពផ្ដល់ប្រាក់បន្តិចបន្តូច ទៅជួយដល់ពលករក្រីក្រនៅកម្ពុជា។ លោកអេថិន ជានិច្ច និយាយថា ការប្រគំតន្ត្រីនេះ លោកជាអ្នកបោះទុនចំណាយលុយទាំងស្រុង យកតារាចេញពីប្រទេសកម្ពុជា ដើម្បីឲ្យក្រុមពលករបានស្ដាប់បទខ្មែរ និងបានរាំលេងជាមួយតារាខ្មែរ ក្នុងពេលដែលពួកគេ បានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំកូរ៉េ។ លោកថា កម្មវិធីនេះ លោកចង់ផ្សព្វផ្សាយពីស្នាដៃសិល្ប: ដែលផលិតកម្ម C2GO និង N Nation បានផលិតភាពបទចម្រៀងនិពន្ធថ្មីៗ និងផលិតភាពយន្ត ដោយគ្រោងទាំងយកភាពយន្តរឿង «កំពូលចុងភៅពិសេស» យកទៅបញ្ចាំងនៅខែ៨ ដែលជាខែបើកថ្ងៃ និងចុះអង្សារនោះផង ទើបលោកប្រកាស នឹងរៀបចម្ការប្រគំតន្ត្រីបែបនេះជាថ្មីម្ដងទៀត នៅអំឡុងខែក្ដៅក្នុងឆ្នាំ២០១៨នេះម្ដងទៀត ដើម្បីយករឿងរបស់ខ្លួនមកដាក់បញ្ចាំងផង។

លោកថាសប្បាយចិត្តជាងគេ ដែលឃើញបងប្អូនពលករផ្ដល់ទាំងលុយសម្រាប់ដាក់មូលនិធី នៅថ្ងៃនោះផង ហើយក៏ដោយសារតែការប្រគំតន្ត្រីនេះ គឺក្រុមតារា និងអ្នករៀបចំកម្មវិធីសុទ្ធតែស្ម័គ្រចិត្តមិនទទួលយកកម្រៃ ហើយតម្រូវឲ្យអង្គការរបស់លោកយកប្រាក់ ដែលបានបរិច្ចាគទាំងនោះ ទៅជួយដល់ជនក្រីក្រនៅកម្ពុជា។ តារាសិល្ប:ដែលធ្វើឲ្យលេចធ្លោរនៅក្នុងថ្ងៃនោះរួមមាន ចេន សាយចៃ លោក ហាក់ ធៀមុនី លោក វិបុលឡាឡា និងតារាខ្មែរជាច្រើនរូបទៀត ខណ:ប្រជាប្រិយភាព និងសន្ទុះគាំទ្រមិនអន់ជាងតារាអាជីព។ ខាងក្រោមនេះ ជាទិដ្ឋភាពជោគជ័យ ពីការប្រគំតន្ត្រីសប្បុរសថម៌នៅក្នុងប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី១៧ កុម្ភ:៖

មតិយោបល់