Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាល្បី៤រូប ...

តារាល្បី៤រូប ធ្វើឲ្យកក្រើកប៉ុស្ដិ៍លេខ៥ ក្នុងថ្ងៃចូលឆ្នាំចិនចុងក្រោយ

បើទោះជាក្រោយចូលឆ្នាំចិន គេកត់សម្គាល់ថានៅក្នុងតំបន់ភ្នំពេញមានភាពស្ងប់ស្ងាត់ជាងសព្វដង នៅថ្ងៃទី១៨ កុម្ភ: នេះ ក៏ការប្រគំតន្ត្រីប្រចាំថ្ងៃថ្ងៃអាទិត្យ នៅប៉ុស្ដិ៍លេខ៥ នៅតែមានអ្នកទស្សនាកកកុញ។ វត្តមានតារាល្បីៗចំនួន៤ ដែលត្រូវគេស្គាល់ថាជាតារាមកពីផលិតកម្មធំ២ គឺហង្សមាស និងសាន់ដេ ពិតជាធ្វើឲ្យការប្រគំតន្ត្រី«Carabao Spark Concert» មិនខុសពី២សប្ដាហ៍កន្លងទៅមែន។

តារាទាំង៤ដែលបានបង្ហាញខ្លួននៅប៉ុស្ដិ៍លេខ៥ ហើយធ្វើឲ្យការប្រគំតន្ត្រីទាំងមូល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លានេះ រួមមាន កញ្ញា ទេព បូព្រឹក្ស លោក នី រតនា លោកហ្សូណូ តារាមកពីផលិតកម្មហង្សមាស និងកញ្ញា អ៊ីវ៉ា មកពីផលិតកម្មសាន់ដេ។ តារាទាំំង៤ បានបង្ហើរបទចម្រៀងប្រជែងគ្នា ដើម្បីក្រសោបយកការគាំទ្រតែម្ដង នៅក្នុងខណ:ដែលការបង្ហាញខ្លួនមួយវគ្គៗរបស់អ្នកទាំង៤ សុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងក្លារៀងខ្លួន។

លោក នី រតនា ដែលជាតារាខ្លាំងរបស់ហង្សមាស គឺជាអ្នកបើកឆាកកម្មវិធី ខណ:ដែលបទចម្រៀងរបស់លោកសុទ្ធតែមានការគាំទ្រ និងមានទាំងហ្វេនរបស់លោក ឡើងច្រៀងអមជាមួយនៅលើឆាកផង។ មិនខុសគ្នាដែរ តារាចម្រៀងលោក ហ្សូណូ ឯណោះវិញ បើទោះជាខាងកម្មវិធីតម្រូវឲ្យច្រៀងតែ៣បទ និងមិនមានក្រុមរាំ សម្រាប់បទញាក់ ក៏អ្នកគាំទ្រសម្រាប់វត្តមានរបស់លោកនៅប៉ុស្ដិ៍លេខ៥មានមិនអន់ដូចគ្នា។ ងាកទៅខាងតារាចម្រៀងកញ្ញា អ៊ីវ៉ារបស់សាន់ដេ ឯណោះវិញ ក៏បានកន្ទ្រាក់នូវការចាប់អារម្មណ៍មិនធម្មតានោះដែរ ជាមួយនឹងក្រុមរាំផ្ទាល់ខ្លួន និងការបកស្រាយបទមនោសញ្ចេតនារបស់នាង។

យ៉ាងណាក៏ដោយគេនៅតែកត់សម្គាល់ថាតារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក្ស ដែលជាតារាប្រចាំហង្សមាស បានធ្វើឲ្យកញ្ជ្រោលលើសលប់ជាងគេ តាមរយ:៤បទដែលនាងបានបកស្រាយបទញាក់នៅខាងក្នុងកម្មវិធី។ អ្នកទស្សនាមិនតិចជាងរាប់រយនាក់ ដែលបានអង្គុយទស្សនានៅក្នុងសាលតន្ត្រីស្ប៉ាកតាវ៉ាន់ដេន សុទ្ធតែទះដៃ និងផ្ដល់សម្រែកហ៊ោកញ្ជ្រៀវកងរំពង នៅពេលដែលនាងរាំក្រលែង និង បញ្ចេញក្បាច់រាំរស់រវើកជាមួយបទចម្រៀង។ ក្នុងនោះក្រុមរាំរបស់នាង ក៏ធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍ផងដែរ នៅពេលដែលនាង និងពិធីករ ពិធីការិនីសួរសំនួរ ហើយនាងបង្ហាញកាយវិកាក្រមិចក្រមើម គួរឲ្យចង់សើច៕

ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនក្នុងវេទិកាប្រគំតន្ត្រីនៅប៉ុស្ដិ៍លេខ៥ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី១៨ កុម្ភ: ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង១រសៀល នៅស្ប៉ាកទល់មុខស្ថានទូតចិន៖

Loading...