ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមបង្ហាញម៉ូតLP ប្រកាសវាយលុកទាំងទីផ្សារបានលុយ និងសប្បុរសធម៌

គិតមកដល់ពេលនេះ ក្រុមតារាបង្ហាញម៉ូតអិលភី(LP) ដំណើរមិនទាន់បានប៉ុន្មានឆ្នាំស្រួលបួលនោះទេ ប៉ុន្តែក្រុមនេះបានបង្ហាញខ្លួននៅលើទីផ្សារគួរឲ្យកត់សម្គាល់ ដោយស្ទើរតែគ្រប់កម្មវិធីធំៗ ក្រុមនេះដណ្ដើមបានទីផ្សារលេចធ្លោរមិនសូវបាត់មុខនោះផង។ ធៀបនឹងក្រុមបង្ហាញម៉ូដល្បី ក្រុមនេះកន្ត្រាក់បានការងារតែក្នុងរយ:ពេលខ្លីប៉ុណ្ណោះ ដោយអះអាងថាធនធានតារាបង្ហាញម៉ូដដែលខ្លួនមាន និងការទំនាក់ទំនងដ៏ខ្លាំងរបស់មេក្រុម នឹងធ្វើឲ្យក្រុមទាំងមូលកាន់តែក្រសោបបានទីផ្សារនោះផង។

កញ្ញា មុំ ស្រីលាភ ម្ចាស់ក្រុមតារាបង្ហាញម៉ូតអិលភី បានទទួលស្គាល់ថារយ:ពេលចុងក្រោយ ក្រុមបង្ហាញម៉ូដរបស់នាងពិតក្រសោបបានទីផ្សារច្រើនមែនពីសំណាក់ម្ចាស់កម្មវិធីតូចធំ និងអ្នកដឹកនាំ ដែលត្រូវការតម្រូវការតារាបង្ហាញម៉ូដស្រស់សង្ហារនៅក្នុងពិភពសិល្ប:។ បើទោះជាមានក្រុមបង្ហាញម៉ូដប្រជែងគ្នា ប៉ុន្តែក្រុមបង្ហាញម៉ូដ PL មិនស្រុតទីផ្សារការងារនោះទេ ដោយក្នុងថ្ងៃខ្លះត្រូវចេញអាហ្វែ២បីកម្មវិធីរួមគ្នា ដោយគ្រាន់តែចែកតារាបង្ហាញម៉ូដ និងអ្នកទទួលខុសត្រូវដោយឡែកពីគ្នាដើម្បីឲ្យទាន់ម្ចាស់កម្មវិធី។ នាងថាក្រុមបង្ហាញម៉ូដរបស់ខ្លួនមានកូនក្រុមសរុបចំនួន ជិត៣០០នាក់ ដោយក្រុមបង្ហាញម៉ូដទាំំងនោះក្រៅពីជាតារាវ័យក្មេង ក៏ត្រូវតែខ្ពស់ និងឆ្វែល សង្ហារ ស្រស់សោភាផងដែរ ទើបក្រុមរបស់នាងទទួលបានភាពទាក់ទាញនាពេលចុងក្រោយ។ យ៉ាងណាមិញ នាងថាក្រុមបង្ហាញម៉ូដទាំងអស់ត្រូវបានបែងចែកជាក្រុមកម្រិតA និងB ជាដើមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារមួយចំនួនដែលត្រូវតារាម៉ូដែលដូចគ្នាហើយមិនសូវហ៊ានថ្លៃឲ្យត្រូវនឹងតម្លៃតារាម៉ូដែលដែលក្រុមរបស់នាងបានកំណត់។ នាងថាតម្លៃក្នុងការបង្ហាញម៉ូដ និងទទួលរៀបចំកម្មវិធី គឺមានតម្លៃមួយកំណត់ ប៉ុន្តែដើម្បីកុំឲ្យអតិថិជនមួយចំនួនដែលមានកញ្ចប់ការចំណាយមួយមិនច្រើន អាចមានតារាបង្ហាញម៉ូដសម្ញ៉ែងក្នុងកម្មវិធីបាន ក្រុមរបស់នាងក៏មានក្រុមបង្ហាញម៉ូដតម្រូវតាមតម្លៃដែលអាចសម្រួលបានផងដែរ។ មេក្រុមបង្ហាញម៉ូដ LP បានអះអាងថា យុទ្ធសាស្រ្តដែលនាងជោគជ័យមកទល់ពេលនេះគឺនាងជំរុញឲ្យម្ចាស់កម្មវិធី ដែលហៅក្រុមនាងធ្វើការ មានការ ផ្សព្វផ្សាយនៅលើទំព័រកាសែតឱ្យមហាជនស្គាល់កាន់តែស្គាល់ ទើបធ្វើឲ្យក្រុមរបស់នាងក៏ឈានឡើង ហើយកម្មវិធីដែលនាងដឹកនាំក្រុមទៅបង្ហាញខ្លួន ក៏លេចធ្លោរ។

គួរបញ្ជាក់ថាក្រុមបង្ហាញម៉ូដរបស់នាងត្រូវគេកត់សម្គាល់ខ្លាំងនៅក្នុងកម្មវិធីសម្ពោធរឿង“ធ្មប់” និងក្នុងកម្មវិធីប្រកាសលោកយ៉ែម សំអូន ជាអ្នកតំណាងផលិតផល Gronsan កន្លងទៅ ដោយក្រុមមួយនេះ គឺសមាជិកភាគច្រើនជា អតីតបេក្ខជនបេក្ខនារីមកពីកម្មវិធីហ្វ្រេសស៊ី មកពីកម្មវិធីពេជ្រកំពុងច្នៃ និងជាតារាល្បីពីផលិតកម្មធំៗមួយចំនួន ដោយមានការទទួលស្គាល់ពីក្រុមហ៊ុនធំៗ។ កញ្ញា មុំ ស្រីលាភ និយាយថាក្រៅពីកម្មវិធីក្ដោបក្ដាប់ទីផ្សារបានលុយ ក្រុមបង្ហាញម៉ូដរបស់នាងក៏ទទួលកម្មវិធីស្ម័គ្រចិត្តដោយមិនគិតកម្រៃផងដែរ ជាពិសេសកម្មវិធីសប្បុរសធម៌ជួយដល់សង្គម ដោយគ្រាន់តែទំនាក់ទំនងមកកាន់នាងផ្ទាល់តាមរយ: ០៩៦ ៩៩៥០៣០៩ និង ០៦១ ៧៤៥៨០៨ ដែលត្រូវការឲ្យក្រុមនាងសហការដោយមិនគិតថ្លៃ៕

មតិយោបល់