ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព បូព្រឹក្ស និង ជី ដេវីដ បោះទុន១៤ម៉ឺនដុល្លារ រួមគ្នា

ក្នុងជំនួបដោយផ្ទាល់នៅប៉ុស្ដិ៍លេខ៥តារាចម្រៀងពេញនិយមកញ្ញា ទេព បូព្រឹក្ស បានអះអាងថានាងមិនត្រឹមតែជាដៃគូចម្រៀងបំបែកមិនបានជាមួយលោកជីដេវីដ ក្រោយពីចាប់ដៃគ្នាប៉ុណ្ណោះទេ តែនាងក៏បានរៀបគម្រោងបើកជំនួញម៉ឺនឆ្នាំជាមួយគ្នា នៅក្នុងដើមទុនរហូតដល់១៤ម៉ឺនដុល្លារជាមួយគ្នា ដើម្បីរឹតទំនាក់ទំនង និងកុំឲ្យប៉ះរឿងបែកបាក់ទំនាក់ទំនងដូចការចាប់ដៃជាមួយតារាចម្រៀងកន្លងមកនោះផងដែរ។
មុខជំនួញរបស់នាងគម្រោងនឹងលេចរូបរាងនៅអំឡុងខែ៤ខាងមុខនេះហើយ ដោយគ្រាន់តែមិនទាន់ដឹងថានឹងបើកសម្ពោធពាក់កណ្ដាលខែ ឬចុងខែតែប៉ុណ្ណោះ។

ទេព បូព្រឹក្ស និយាយថាទំនាក់ទំនងដៃគូចម្រៀងរបស់មនុស្ស២នាក់រមែងចៀសមិនផុតពីការប្រែប្រួលអាស្រ័យទៅតាមពេលវេលា ជាពិសេសនៅពេលតារាទាំំងនោះគិតតែប្រទាញយកប្រយោជន៍រៀងខ្លួន ហើយមិនសូវមានមនោសញ្ចេតនាជាមួយ។ យ៉ាងណាមិញ រវាងនាង និងដៃគូចម្រៀងគឺលោកជីដេវីដ នឹងមិនមានថ្ងៃបែកខ្ញែកគ្នានោះទេ ដោយសារតែក្រៅពីជាតារាចម្រៀងរួមដៃគូ នាង និងលោកក៏មានមនោសញ្ចេតនាស៊ីជម្រៅជាមួយគ្នា ហើយបានចាប់ដៃជាមួយគ្នារួចហើយ សម្រាប់ការបង្កើតជំនួញធំមួយជាមួយ ដើម្បីរឹតចងទំនាក់ទំនងកុំឲ្យផុយស្រួយ។ នាងថាមនុស្ស២នាក់ បើមានការងារជាមួយគ្នា គឺមិនងាយបែកគ្នានោះទេ ជាពិសេសនៅពេលចាប់ដៃបើកជំនួញជាមួយគ្នា ដែលមានយុទ្ធសាស្រ្តយូរអង្វែង។

នាងបានប្រកាសថាបានចំណាយដើមទុនក្នុងម្នាក់រហូតដល់៧ម៉ឺនដុល្លារឯណោះ បើហាងនាំចូលផ្ដាច់មុខ និងលក់ផលិតផលថែរក្សាសម្រស់ដែលមានម៉ាកយីហោរបស់ជីដេវីដ និងរូបនាងតែម្ដង ដែលមុខជំនួញនេះ គឺនាង និងលោកដេវីដ បានចេញកម្មសិទ្ធិពីខាងក្រុមហ៊ុនបរទេស និងបានកុងត្រាជាមួយក្រុមហ៊ុនដើមរកស៊ីយូរអង្វែង។ នាងថាមុខជំនួញដែលមានដើមទុនរួមជាមួយជីដេវីដ រហូតដល់១៤ម៉ឺនដុល្លារនេះ នឹងបើកនៅអំឡុងខែ៤ ហើយចំពោះទីតាំងកំពុងកែកុន នៅលើបណ្ដោយផ្លូវម៉ៅសេទុង ចុះពីរង្វង់មូលស្ដុបបូកគោប៉ុន្មានម៉ែត្រ។ នាងថានេះជាមុខជំនួញ ដែលនឹងកាន់តែធ្វើឲ្យទំនាក់ទំនងរវាងនាង និងលោកដេវីដ នឹងគ្មានការបែកគ្នា ហើយក៏មិនខុសពីចងមិត្តភាពរហូតដល់ម៉ឺនឆ្នាំនោះដែរ ដោយសារតែត្រូវធ្វើការចាប់ដៃគ្នានៅក្នុងពិភពចម្រៀងរួមគ្នាផង និងបើកជំនួញរួមគ្នាផង ដោយគម្រោងមុខជំនួញរបស់នាង និងដេវីដ ក៏នឹងពង្រីកជាសាខាចែកចាយផងដែរ ក្រោយពីហាងរួមគ្នាដែលជាទីស្នាក់ការធំដំណើរការក្នុងពេលដ៏ខ្លី។ ទេព បូព្រឹក្ស និយាយថាមុខជំនួញលើកនេះ គឺជាជំនាញរបស់លោកជី ដេវីដ ហើយផ្អែកតាមការជួយជ្រោមជ្រែងពីអ្នកជំនាញផង នាងរំពឹងយ៉ាងខ្លាំងថាមុខរបរដំបូងនេះ បើទោះជាមានការប្រកួតប្រជែងមែន តែពិតជាធ្វើឲ្យនាង និងដេវីដ មិនពិបាកឈានឡើង។

មតិយោបល់