Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មិនធម្មតា សូ ...

មិនធម្មតា សូ អែនណា ចេញទៅកូរ៉េ តំណាងឲ្យកម្ពុជា

កាលពីយប់ថ្ងៃទី១៩ កុម្ភ: មុននេះ មេក្រុមបង្ហាញម៉ូដតារារះថ្មី កញ្ញា សូ អែនណា ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាពMiss Global Cambodia កាលពីឆ្នាំ២០១៦ និងជាតារាម៉ូដែលផង បានចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងយ៉ាងកាលីប ក្នុងនាមជាតំណាងកម្ពុជា ដើម្បីយកសម្លៀកបំពាក់តំណាងជាតិ២ឈុត ទៅបង្ហាញនៅក្នុងប្រទេសនោះ។ នាងត្រូវគេជ្រើសឲ្យបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Winter Olympic Game ដែលប្រទេសកូរ៉េធ្វើជាម្ចាស់ផ្ទះ ដែលក្រៅពីការប្រកួតកីឡាករជាលក្ខណ:អន្តរជាតិសម្រាប់រដូវត្រជាក់ ក៏មានការដាក់តាំងបង្ហាញពីសម្លៀកបំពាក់ប្រចាំជាតិរបស់ប្រទេសចំនួន២៣នៅអាស៊ី ដែលភាគីខាងកម្ពុជាគឺសូ អែនណា ជាតំណាង។

តារាដែលមានរូបរាងខ្ពស់ស្រឡះ និងមានសប្បុរខ្មៅស្រស់ត្រេមុខកូនកាត់រូបនេះ និយាយថានេះជាដំណើរចាកចេញទៅកាន់ប្រទេសកូរ៉េលើកទី៣របស់នាងហើយ ប៉ុន្តែកាលពីរលើកមុន គឺជាគម្រោងដែលនាងដឹកនាំសមាជិកក្នុងក្រុមតារាម៉ូដែលរបស់នាងចេញទៅប្រកួតតំណាងឲ្យកម្ពុជាប៉ុណ្ណោះ ទើបនាងនៅតែចាត់ទុកថាដំណើរចាកចេញលើកនេះ គឺជាអ្វីដែលនាងនឹកស្រម៉ៃ ដោយសារតែនាងត្រូវបានអ្នករៀបចំកម្មវិធីឲ្យតំណាងកម្ពុជា ហើយស្លៀកមួយឈុតតំណាងឲ្យវប្បធម៌ខ្មែរ ហើយនឹងផ្ដល់ឱកាសឲ្យច្នៃមួយឈុតទៀត ដែលជាគំនិតរបស់នាង ដាក់តាំងនៅក្នុងបន្ទប់ពិព័រណ៌របស់កូរ៉េនៅក្នុងពិធី។

នាងថាកម្មវិធីដែលនាងចូលរួមមិនមែនជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាការបង្ហាញអត្តសញ្ញាណរបស់ប្រទេសទាំង២៣ ដោយនាងនឹងគ្រងសំលៀកបំពាក់មួយឈុតមានឈ្មោះថា«រំដួលអប្សរាក្រម៉ាខ្មែរ» ហើយសម្លៀកបំពាក់មួយឈុតទៀតដែលមានឈ្មោះថា«អប្សរាសរ» គឺនាងប្រើសម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរប្រចាំកម្មវិធី។

ដំណើរការចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ កុម្ភ: ដោយកម្មវិធីនេះមិនមែនធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលនោះទេ គឺធ្វើឡើងនៅក្នុងខេត្តធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែនាងមិនបានចាំឆ្នាំ។

នាងអះអាងថាក្រោយពីត្រូវបានជ្រើសរើសឲ្យតំណាងកម្ពុជានៅក្នុងកម្មវិធី Winter Olympic Game នាងបានចំណាយលុយផ្ទាល់ខ្លួន និងគំនិតក្នុងការច្នៃប្រឌិតឈុតបុរាណខ្មែរទាំង២តែម្ដង ដើម្បីបង្អួតគំនិតច្នៃប្រឌិតរបស់ខ្លួន និងដើម្បីឲ្យវប្បធម៌របស់ប្រទេសកម្ពុជាកាន់តែមានការទទួលស្គាល់ជាអន្តរជាតិ។

សូ អែនណា រំពឹងថាឈុតដែលនាងយកទៅបង្អួតនឹងទទួលបានការចាប់អារម្មណ៍ភាគច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៌ តែនាងក៏មិនទាន់ដឹងថាឈុតដែលមានការចាប់អារម្មណ៍ជាងគេ តើនឹងទទួលពាន ឬយ៉ាងណានៅឡើយទេ ដោយសារតែខាងកម្មវិធីបានត្រឹមតែប្រាប់ឲ្យនាងចូលរួម ហើយនាងក៏បានសម្រិតសម្រាំងឈុតទាំង២ដែលបានរៀបរាប់ខាងលើ ដោយបានទាំងចំណាយថវិកាកែច្នៃឈុតដែលត្រូវយកទៅបង្ហាញដោយថវិកាខ្លួនផ្ទាល់ផង។

នៅក្នុងឱកាសចេញដំណើរទៅកាន់ប្រទេសកូរ៉េកាលពីយប់មិញនោះ ក៏មានតារាបង្ហាញម៉ូដក្មេងៗក្នុងក្រុម តារារះថ្មី ច្រើនរូបចូលរួមជូនដំណើរនាងដល់ព្រលានយន្តហោះផងដែរ ខណ:ដែលតំណើររបស់នាងគឺជាមុខមាត់មួយ ហើយក៏កម្រនឹងមានតារាបង្ហាញម៉ូដណាម្នាក់ធ្វើបាននោះដែរ សម្រាប់ឱកាសដឹកនាំតារាបង្ហាញម៉ូដចេញទៅប្រកួតផង និងចេញទៅតំណាងកម្ពុជាជាច្រើនលើកផងដូចនាង។ សូ អែនណា អះអាងថាហេតុផលដែលនាងទទួលបានទីផ្សារខ្លាំងក្លាក្រៅស្រុក គឺដោយសារតែនាងអាចប្រើភាសាអង់គ្លេសបានល្អ ហើយមានទំនាក់ទំនងច្រើននៅក្រៅប្រទេស ក្រៅពីរូបសម្រស់ និងសមត្ថភាពផ្នែកដើរម៉ូដ៕

Loading...