ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ពីង រ៉ូហ្សា ឡើងវីឡាកូនកាត់ យ៉ាងព្រងើយ

ស្ងាត់ពីការសម្ដែង និងការបង្ហាញម៉ូដតែមួយរយ: តែប៉ុន្តែតារាស្រីកញ្ញា ពីង រ៉ូហ្សា បែរជាត្រូវបានគេអះអាងថាឡើងកាលីបមិនគួរឲ្យជឿ។ នាងទើបនឹងឡើងសម្ពោធវីឡាកូនកាត់នៅបុរីប៉េងហួតបឹងស្នោ តម្លៃជិត១០ម៉ឺនដុល្លារ ក្នុងពេលដែលនាងក៏ទើបតែប្ដូររថយន្ត និងមានលទ្ធភាពឡើងចុះប្រទេសសិង្ហបុរី និងប្រទេសផ្សេងទៀត ដើរទិញអីវ៉ាន់ដូចមិនមែនជាអ្នកសិល្ប: ដែលសន្សំកាក់ល្អិតពីការសម្ដែង។

ឆ្លើយឆ្លងជាមួយបណ្ដាញសារព័ត៌មាន Post News តារាសម្ដែង និងជាពិធីការិនី កញ្ញា ពីង រ៉ូហ្សា បានទទួលស្គាល់ថា នាងពិតជាទើបធ្វើពីធីសូត្រមន្តចូលនៅទ្រនំវីឡាថ្មីរបស់នាងមែនដែលជាប្រភេទវីឡាកូនកាត់នៅបុរីប៉េងហួត ក្នុងតម្លៃជាង៨ម៉ឺនដុល្លារប្រាកដមែន ដោយវីឡាកូនកាត់ដែលនាងបានទិញនោះ គឺនាងយកលុយទិញផ្ដាច់ ដោយមិនបង់រំលោះនោះផង។

នាងថាពិធីឡើងផ្ទះ អត់បានរៀបចំធំដុំនោះទេ ហើយនាងក៏សម្ដែងការភ្ញាក់ផ្អើលផងដែរ ដែលនាងមិនបានបញ្ចេញដំណឹងមួយនេះឲ្យបានទូលំទូលាយ បែរជាមានអ្នកដឹង ជាពិសេសគឺអ្នកសារព័ត៌មានដែលបានខលសម្ភាសន៍។ នាងថាលុយដែលប្រើសម្រាប់ទិញវីឡាកូនកាត់ទាំងមូល គឺជាប្រាក់សន្សំកាកល្អិត ដែលនាងប្រឹងប្រែងពីគ្រប់ទិសទី ជាពិសេសគឺពីការងារសិល្ប: និងគួបផ្សំជាមួយថវិការបស់គ្រួសារតែម្ដង ទើបនាងអាចមានលទ្ធភាពទិញបានវីឡាកូនកាត់មួយនេះដោយគេចផុតពីការបង់រំលោះ។ នាងថាបើចង់រស់នៅហ៊ឺហារ គឺនាងគ្រាន់តែយកលុយនោះទីតម្កល់មួយផ្នែកក្នុងគម្រោងទិញផ្ទះវីឡាធំៗ ហើយទទួលបង់រំលោះ តែបណ្ដាលមកពីនាងមិនចង់ហ៊ឺហារ ហើយវិលមុខរឿងជំពាក់បុរីរុំកោះ ទើបនាងសុខចិត្តទិញផ្ទះតាមលទ្ធភាព ដ្បិតថាផ្ទះវីឡាកូនកាត់ មិនកាលីបដល់ប្រភេទផ្ទះវីឡាធំៗ។

នាងនៅតែអះអាងថាអត់មានអ្នកជួយពីក្រោយនោះទេ បូករួមទាំងកាដូ រថយន្តផង តែនាងក៏ទទួលស្គាល់ថាមិនអាចបិទមាត់អ្នកយល់មិនល្អពីនាងនោះដែរ ដោយនាងគ្រាន់តែអះអាងថាលុយនាង ឬលុយអ្នកណាពីក្រោយ បើទោះជាចង់លាក់ក៏គង់តែលាក់មិនជិត។

ពីង រ៉ូហ្សា និយាយថា ក្រោយពីទំនេរដៃបានបន្តិច នាងនឹងទទួលការងារសម្ដែង ព្រមទាំងពិធីការិនីឲ្យខ្លាំងជាងមុន ដើម្បីកុំឲ្យមានអ្នកច្រឡំថានាងបានហ៊ឺហារ ហើយឈានដល់ការដកខ្លួន។ នាងអះអាងថា ហេតុផលនៃការបាត់មុខមិនសូវទទួលការងារ គឺដោយសារតែជាប់មើលផ្ទះ មុនពេលខាងបុរីសាងសង់ឲ្យនេះឯង តែក្រោយពេលធ្វើពិធីសូត្រមន្តឡើងសម្ពោធស្ងាត់ៗ គឺនាងនឹងទទួលការងារសិល្ប: ឲ្យពេញទំហឹងវិញហើយ៕

មតិយោបល់