ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត មាស សុខសោភា កុងត្រាចូលហង្សមាសផ្លូវការ

ប្រភពផ្លូវការពីផលិតកម្មថោន និងផលិតកម្មហង្សមាស បានអះអាងថា តារាស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានកុងត្រាធ្វើជាតារាចម្រៀងហង្សមាសជាផ្លូវការហើយ ដោយនាងនឹងចេញបទចម្រៀងនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយខាងហង្សមាសនឹងគម្រោងយកនាងមកលើកឲ្យដូចគ្នានឹងលោកខេមរ: សិរីមន្ត ដែលមានមុខទាំំងក្នុងស្ពត និងទាំងក្នុងកម្មវិធីតន្ត្រីធំៗនោះផង។ យ៉ាងណាមិញ នៅមិនទាន់មានការទម្លាយឲ្យដឹងពីរយ:ពេលដែលនាងបានកុងត្រាចូល ជាមួយនឹងផលិតកម្មហង្សមាសនៅឡើយទេ។

មន្ត្រីមួយរូបដែលត្រូវដឹងថាជាបុគ្គលិកជាន់ខ្ពស់ប្រចាំនៅក្នុងផលិតកម្មថោនបាន អះអាងថា មាស សុខសោភា បានដាច់កុងត្រាពីផលិតកម្មថោនជាផ្លូវការហើយកាលពីចុងឆ្នាំ២០១៧ តែដោយសារតែមានការយោគយល់ និងដោយសារតែនាងបានថតបទចម្រៀងចូលឆ្នាំ តាំងពីមុនចប់កុងត្រា ទើបនាងយល់ព្រមបន្តថតMV ឲ្យផលិតកម្មថោនសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខរហូតទាល់តែចប់សព្វគ្រប់ ដោយការថតបទចូលឆ្នាំរបស់នាង គឺនឹងថតក្នុងអំឡុងខែ២នេះហើយ ទើបនាងដើរចេញពីថោន ហើយទៅជ្រកនៅក្នុងផលិតកម្មថ្មីគឺហង្សមាសពេញលេញ។

ប្រភពនោះបន្តថា មាស សុខសោភា បានកុងត្រាចូលក្នុងផលិតកម្មហង្សមាសកាលពីដើមឆ្នាំ២០១៨ ហើយហង្សមាសត្រូវឲ្យនាងចេញមុខក្នុងអំឡុងថតបទចូលឆ្នាំខ្មែរខាងមុខនេះ ប៉ុន្តែដោយសារតែនាងក៏ត្រូវថតMV ចូលឆ្នាំឲ្យផលិតកម្មថោន ដើម្បីបិទបញ្ចប់ទំព័រការងាររបស់នៅទីនោះដែរ ទើបខាងហង្សមាស យល់ព្រមពន្យារពេលហើយរង់ចាំទាល់តែក្រោយចូលឆ្នាំខ្មែរ ទើបសម្រេចចិត្តចេញបទរបស់នាង។

មាស សុខសោភា ត្រូវបានប្រភពច្បាស់ការទម្លាយថា នាងសម្រេចចិត្តមិនតកុងត្រាជាមួយផលិតកម្មថោន ដោយសារតែសម្លឹងឃើញផលិតហង្សមាសមានសក្កានុពលលើកនាងឲ្យល្បីឈានឡើងល្អជាង និងដោយសារតែនាងក៏ផ្ទុះរឿងមិនសប្បាយចិត្តជាមួយនឹងបុគ្គលដែលរួមការងារមួយចំនួន ដែលធ្វើឲ្យនាងល្អក់កករ។ ម្យ៉ាងមកពីហង្សមាសហ៊ានផ្ដល់តម្លៃខ្លួនឲ្យនាងខ្ពស់ជាងថោន និងបានយល់ព្រមឲ្យនាងថតកុនបើនាងចង់ថត អមជាមួយនឹងកិច្ចកុងត្រាផលិតបទល្អៗឲ្យនាងនោះផង ទើបនាងសម្រេចចិត្តចេញទៅ។ នាងនឹងចេញបទវាយលុកទីផ្សារបើកឆាកនៅក្នុងផលិតកម្មហង្សមាសនៅក្រោយរដូវបុណ្យចូលឆ្នាំខ្មែរត្រូវបញ្ចប់ ដោយខាងហង្សមាសក៏បានទម្លាក់បទ Original Song ឲ្យនាងបានថតជាបណ្ដើរៗមកហើយ។

ប្រភពពីខាងហង្សមាស ឯណោះវិញ ក៏បានបង្ហើបថា មាស សុខសោភា ពិតជាបានចូលកុងត្រានៅក្នុងផលិតកម្មហង្សមាសប្រាកដមែន ប៉ុន្តែបណ្ដាលមកពីហង្សមាសឲ្យលាក់ ទើបមិនមានមន្ត្រីណាម្នាក់ហ៊ានចេញមុខអះអាងដោយបើកចំហរ។ ប្រភពនោះបន្តថា ក្រៅពីមាស សុខសោភា តារាមួយចំនួនទៀតក៏ត្រូវបានទាញឲ្យកុងត្រានៅក្នុងផលិតកម្មមួយនេះផងដែរ ខណ:ដែលតារាហង្សមាសមួយចំនួនក៏បានសម្រេចចិត្តបញ្ចប់កុងត្រា ហើយដើរចេញទៅថោនដូចគ្នានឹង ឈិត សុវណ្ណបញ្ញា និងយក់ ឋិតរដ្ឋា ដូចគ្នា។ ជាមួយនឹងការទម្លាយនេះ គឺមានន័យថាហង្សមាស កាន់តែប្រមូលបានអ្នកខ្លាំងក្នុងពិភពសិល្ប:ច្រើនឡើង ដែលក្នុងនោះរួមមាន លោកខេមរ: សិរីមន្ត មាស សុខសោភា លោកនីកូ សុខ ស្រីនាង និងតារាចម្រៀងមួយចំនួនទៀតដែលមិនទាន់ត្រូវបានបង្ហើបថាចូលហង្សមាសផ្លូវការ ដូចមាស សុខសោភា នៅឡើយ៕

មតិយោបល់