ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់ អាម៉ាសូ តស៊ូចិញ្ចឹមម្ដាយ ក្នុងបន្ទប់ជួល

ឃើញតែភាពហ៊ឺហារ និងស្នាមញញឹមនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ក្នុងកម្មវិធីសម្ភាសន៍សិល្ប: និងអានព័ត៌មានបន្តផ្ទាល់ពេលយប់ តែមនុស្សតិចណាស់ដែលបានដឹងថាពិធីករមុខកូនកាត់ លោក ជា ចិន ហៅអាម៉ាសូ មានជីវភាពកម្រិតណា និងបន្ទុកកម្រិតណាក្នុងជីវិត។

លោកទម្លាយថាខ្លួនគ្រាន់តែជាអ្នកក្រីក្រមួយរូប ដែលក្រៅពីប្រឹងរកលុយដើម្បីផ្គត់ផ្គង់ខ្លួនឯង ក៏ត្រូវទទួលបន្ទុកចិញ្ចឹមម្ដាយចាស់ម្នាក់នៅក្នុងបន្ទប់ជួលយ៉ាងកម្សត់ម្នាក់ប៉ុណ្ណោះ។

លោក អាម៉ាសូ និយាយថា បន្ទាប់ពីបងៗរបស់លោករៀបការនិង មានគ្រួសារថ្មីអស់រៀងខ្លួនម្ដាយរបស់លោក មិនព្រមទៅរស់នៅជាមួយកូនណាម្នាក់ក្រៅពីលោកនោះឡើយ ដោយសារតែក្រោយពីម្ដាយរបស់លោកធ្លាក់ខ្លួនចាស់រកចំណូលលែងបាន ម្ដាយរបស់លោកមិនចង់ឲ្យកូនណាម្នាក់ទើសទាល់។ ម្ដាយរបស់លោកសុខចិត្តមិនរស់នៅផ្ទះនៅស្រុក ហើយសម្ងំរស់នៅជាមួយលោកក្នុងបន្ទប់ជួលតូចចង្អៀតមួយជាច្រើនឆ្នាំមកហើយ នៅម្ដុំព្រែកលាភ ដោយលោកគឺជាអ្នករ៉ាប់រងបន្ទុករឿងចិញ្ចឹមម្ដាយ និងរ៉ាប់រងលើការព្យាបាលជំងឺម្ដាយនៅពេលម្ដាយមានអាការ:ធ្វើទុក្ខម្ដងៗ។ ស្ថិតក្នុងស្ថានភាពរស់នៅម៉ង់ៗតែ២នាក់ម្ដាយកូន លោកថាជីវិតក្រៅឆាកមិនមានសូម្បីតែលទ្ធភាពទិញម៉ូតូឲ្យល្អមួយជិះក្រៅពីជិះកូនទារយ៉ាងកម្សត់ ដោយសារតែប្រាក់ចំណូលដែលលោកទទួលបានបានត្រឹមតែចំណាយលើបន្ទប់ជួល និងការហូបចុក។ នៅក្នុងខែខ្លះក្នុងពេលដែលម្ដាយរបស់លោកមានជំងឺធ្វើទុក្ខ គឺលោកមិនមានលុយកាក់រាប់រងនោះទេ ដោយត្រូវស្នើសុំបងៗឲ្យជួយ ក្នុងពេលដែលបងក៏មានបន្ទុករ៉ាប់រងបានតែការរស់នៅរបស់ពួកគាត់។

លោកបង្ហាញពីការអស់សង្ឃឹមនៅពេលសំឡឹងពីអនាគតមួយវែងឆ្ងាយ ស្របគ្នាដែលការងាររបស់លោកនៅប៉ុស្ដិ៍លេខ៣ ក៏មានសម្ពាធខ្លាំងពីការប៉ែងជើងរបស់បុគ្គលិកដូចគ្នា ដែលធ្វើឲ្យលោកអស់ចិត្តនឹងការតស៊ូ។ លោកនិយាយក្នុងជំនួបដោយផ្ទាល់ ក្រោមការរៀបចំជប់លៀងរបស់តារាសម្ដែង លោក ហាក់ ធៀមុនី អបអរការសម្ដែងជោគជ័យនៅក្នុងប្រទេសកូរ៉េថា លោកអត់ដែលសង្ឃឹមថាខ្លួននឹងមានសំណាង ឬមានឱកាសបានក្លាយជាបុគ្គលដែលជោគជ័យម្នាក់ទាំងរឿងការងារ និងរឿងលុយកាក់នោះទេ បន្ទាប់ពីប្រើជីវិតយ៉ាងលំបាកក្រោយពីអស់ពីលទ្ធភាពរៀន ហើយសម្រេចចិត្តទៅធ្វើការក្នុងវិទ្យុដោយប្រើទេពកោសល្យខាងផ្នែកនិយាយ។ លោកថាជីវិតមិនខុសពីមាន់ដើររកចំណីមួយគែដើម្បីមួយគែនោះទេ ដោយសារតែចំណូលក៏ទាបហើយតម្រូវការនៅតែខ្ពស់ ជាពិសេសក្នុងពេលម្ដាយឈឺ ឬខ្លួនឯងមានធុរ:ចាំចាប់។ លោកបង្ហើបថាការងាររាល់ថ្ងៃ លោកមិនចេះអង់គ្លេសនោះទេ ដោយសារតែរៀនមិនបានជ្រៅជ្រះ ហើយអស់លទ្ធភាពបន្តការសិក្សាព្រោះតែជីវភាពខ្វះខាត ហើយដោយសារតែម្ដាយរបស់លោកក៏មិនមានទ្រព្យដុំកំភួនដើម្បីចែកកូននោះហើយ ទើបម្ដាយរបស់លោកមិនហ៊ានទៅរស់នៅជាមួយកូនៗដែលមានគ្រួសារហើយ ដោយសុខចិត្តរស់នៅយ៉ាងលំបាកក្នុងបន្ទប់ជួលជាមួយលោកស៊ូទ្រាំនឹងការលំបាក។

លោកអាម៉ាសូ និយាយថា លោកសុខចិត្តបាត់បង់អនាគតដោយមិនយកលុយដែលបានពីការងារទៅរៀនបន្ត ដើម្បីបានចិញ្ចឹមម្ដាយចាស់ ហើយបើទោះជាការលីសែងរបស់លោកចំពោះម្ដាយ ធ្វើឲ្យលោកបាត់បង់ឱកាសមានម៉ូតូជិះសមរម្យ ធ្វើឲ្យក្នុងសង្គមសិល្ប:មាក់ងាយ និងមិនចង់រាប់អានលោកក៏ដោយ ក៏លោកពេញចិត្ត និងប្រកាសថាទោះជាក្រទោះអត់បាយខ្លួនឯងក៏មិនទម្លាក់ម្ដាយចោល។

លោកថាការងារសិល្ប:រាល់ថ្ងៃ លោកមិនដែលហ៊ានទិញសម្លៀកបំពាក់ដូរម៉ូដទេ បើទោះជាត្រូវអ្នកខ្លះរិះគន់ថាលោកប្រើតែសម្លៀកបំពាក់ដដែលៗ ហើយបើរឿងហ៊ឺហារផ្ទាល់ខ្លួនដើម្បីឲ្យបានចុះចំណោមនឹងគេនោះទៅទៀត គឺរឹតតែអត់ខ្វល់ លើកលែងតែលោកអាចរំលែកបានពីតម្រូវការក្នុងការផ្គត់ផ្គង់ដល់ម្ដាយ៕

មតិយោបល់