Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចម្រៀង រ៉...

តារាចម្រៀង រ៉ាឌី ប្រកាសមិនច្រៀងក្រៅពីហង្សមាស ថោន និងសាន់ដេ

ដ្បិតថាទើបតែមានកេរ្តិ៍ឈ្មោះកេរ្តិ៍ឈ្មោះបោះសំលេងក្រោយពីចេញបទចម្រៀងOriginal Song ផ្ទាល់ខ្លួនបាន៣បទ និងច្រៀងបទលំនាំម្ចាស់ដើមបទ«ស្អប់អតីត»បានគេស្គាល់ក្នុងសិល្ប: ប៉ុន្តែតារាចម្រៀងវ័យក្មេងកញ្ញា រ៉ាឌី បានប្រកាសជំហរបើគ្មានឱកាសចូលច្រៀងនៅក្នុងផលិតកម្មធំរួមមានហង្សមាស ថោន ឬសាន់ដេរ គឺនាងមិនចូលផលិតកម្មនោះទេ ដោយសុខចិត្តបន្តផលិតចម្រៀងនៅច្រៀងឯករាជ្យដូចបច្ចុប្បន្នមិនចូលកុងត្រាផលិតណាមួយនោះទេ។ នេះជាជំហរយ៉ាងកម្ររបស់តារាចម្រៀងថ្មោងថ្មីដែលទើបមានកេរ្តិ៍ឈ្មោះ ខណ:ដែលតារាភាគច្រើន គឺបន់ឲ្យតែមានផលិតកម្មផ្សេងៗទាក់ទងឲ្យក្លាយជាតារាចម្រៀង ដើម្បីមានប្រេនងាយស្រួលឈានឡើងនោះ។

ថ្លែងក្នុងពិធីសម្ពោធហាងលក់សំលៀកបំពាក់បុរសកាលពីល្ងាចថ្ងៃទី២១ កុម្ភ: នៅតាមបណ្ដោយផ្លូវ២០០៤ នៅជិតអតីតជញ្ជីងថ្លឹងឡានទី២ នាងបានថ្លែងថាបើទោះជានាងទើបតែមានការទទួលស្គាល់ ក្រោយពីចេញបង្ហោះបទចម្រៀងប៉ុន្មានបទចុងក្រោយនៅលើប្រព័ន្ធយូធូប តែនាងបានទទួលនូវការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ផលិតកម្មនានាដែលចង់ឲ្យនាងបានក្លាយជាតារាចម្រៀងកុងត្រា។ ផលិតកម្មខ្លះបានទាំងហ៊ានផ្ដល់លក្ខណ្ឌឲ្យនាងច្រើនយ៉ាងឲ្យនាងយល់ព្រមធ្វើជាតារាកុងត្រានោះផង ប៉ុន្តែនាងមិនទទួលដោយសារតែនាងយល់ថាការចូលច្រៀងនៅក្នុងផលិតកម្មតូចៗ គឺមិនខុសពីនៅខាងក្រៅហើយផលិតបទចម្រៀងផ្ទាល់ខ្លួនបានច្រៀងដូចបច្ចុប្បន្ន។ នាងបានប្រកាសយ៉ាងក្ដែងៗនៅក្នុងពិធីបើកអាជីវកម្មទី២ ក្រោយពីជោគជ័យមុខរបរបើកហាងកាត់សក់ថា នាងសុខចិត្តមិនមានផលិតកម្មចូលច្រៀង បើនាងមិនត្រូវបានផលិតកម្មធំណាមួយ ក្នុងចំណោមផលិតកម្មសាន់ដេ ថោន និងហង្សមាស ទាក់ទងឲ្យច្រៀង។

នាងបញ្ជាក់ថាមានតែផលិតកម្មមួយក្នុងចំណោមទាំង៣ប៉ុណ្ណោះ ដែលនាងពេញចិត្តចូលច្រៀង ហើយនាងក៏យល់ថានៅថ្ងៃណាមួយ ខ្លួននឹងមានឱកាសបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មមួយក្នុងចំណោមទាំង៣ផងដែរ ទើបនាងប្រឹងប្រែង ហើយមិនព្រមប្រថុយចូលផលិតកម្មតូចៗដែលបានទាក់ទង។ នាងថាខ្លួនប្រឡូកសិល្ប: មិនមែនត្រូវការលុយឡានដើម្បីដោះដូរនឹងភាពល្បីល្បាញនោះទេ ទើបនាងមិនកញ្ច្រោលក្នុងការចូលប្រឡូកនៅក្នុងផលិតកម្មតូចណាមួយសិន ក្នុងពេលដែលនាងក៏មានមុខជំនួញ ដែលមានប្រាក់ចំណូលដោយមិនរំពឹងលើការងារសិល្ប:នោះ។ នាងប្រកាសថាមិនខ្លាចផលិតកម្មដែលទាក់ទងនាងអន់ចិត្តនោះទេ ដោយសារតែនាងយល់ថាបើទោះជាព្រមប្រថុយចូលច្រៀងទៅក្នុងផលិតកម្មតូចណាមួយ ក៏គង់តែពិបាកល្បីល្បាញ។ នាងមិនយល់ថាការប្រឡូកអាជីពចម្រៀងនៅក្នុងផលិតកម្មធំ ស្ថិតក្នុងការប្រកួតប្រជែងខ្ពស់ហើយពិបាកល្បីសុះសាយនោះទេ ដោយនាងប្រកាន់ជំហរថាមិនខ្លាំងក្នុងចំណោមអ្នកខ្លាំង គឺប្រសើរជាងខ្លាំងក្នុងចំណោមអ្នកខ្សោយនោះផង។

កញ្ញា រ៉ាឌី បញ្ជាក់ថានាងនឹងបញ្ចេញ Original Song ៣បទក្នុងពេលខាងមុខបន្ទាប់ពីបើកហាងលក់សំលៀកបំពាក់បុរស ដោយនាងស្នើឲ្យគាំទ្របទចម្រៀងស្នាដៃកូនខ្មែរទាំងនោះផង ដើម្បីឲ្យនាងកាន់តែមានកម្លាំងចិត្តនៅក្នុងវិស័យចម្រៀង។ ក្នុងនោះនាងក៏គម្រោងចេញបទញាក់ផងដែរ ដើម្បីទាក់ទាញផលិតកម្មធំក្នុងចំណោមផលិតកម្មទាំង៣ ឲ្យចាប់អារម្មណ៍ចំពោះនាង៕

Loading...