ព័ត៌មានសិល្បៈ និងកម្សាន្ត

វិបុល ឡាឡា ប្រកាសបង្កើត«គ្រួសារតារាកម្ពុជា»នៅប្រទេសកូរ៉េ

ក្រោយពីរួមគ្នាបើកការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ដើម្បីស្វែងរកមូលនិធិជួយកុមារក្រីក្រ និងស្ដ្រីខ្វះខាតនៅក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់អង្គការខ្ញុំខ្មែរ សហការជាមួយគ្រួសារតារាកម្ពុជា លោក វិបុលឡាឡាកូនខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងក្នុងក្រុមពលករកូរ៉េល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េ និងជាមេក្រុមចម្រៀង GOG បានអះអាងថាលោកនឹងបង្កើតក្រុម«គ្រួសារតារាកម្ពុជា»ថ្មីមួយប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយគម្រោងនឹងធ្វើសកម្មភាពសប្បុរសធម៌ និងរ៉ៃអង្គាសប្រាក់ជាប្រយោជន៍ជាច្រើនដល់តារាខ្វះខាតនៅកម្ពុជា ដូចគ្នានឹងសកម្មភាពរបស់គ្រួសារតារាកម្ពុជានៅក្នុងប្រទេសកម្ពុជាដូច្នោះដែរ។

លោកវិបុលឡាឡា និយាយថា បន្ទាប់ពីបានក្លាយខ្លួនជាសមាជិករបស់«គ្រួសារតារាកម្ពុជា»ប្រចាំនៅកម្ពុជា បានធ្វើឲ្យលោកមានគំនិតប្រមែប្រមូលតារាសិល្ប: ដែលសុទ្ធសឹងតែជាពលករបម្រើនៅក្នុងប្រទេសនោះ ឲ្យក្លាយជាក្រុមធំមួយដូចគ្នានឹងនៅកម្ពុជាផងដែរ ដើម្បីផ្ដល់ជាប្រយោជន៍ដល់ក្រុមពលករដែលមានជំនាញសិល្ប:នៅក្នុងប្រទេសកូរ៉េផង និងផ្ដល់ជាប្រយោជន៍ដល់រាល់សមាជិកតារាសិល្ប:នៅក្នុងប្រទេសកម្ពុជាផង។ លោកថាក្នុងនាមជាប្រធានក្រុមចម្រៀង និងវង់តន្ត្រីGOG នៅក្នុងប្រទេសកូរ៉េ លោកនឹងបើកសកម្មភាពសប្បុរសធម៌នៅក្នុងប្រទេសកូរ៉េឲ្យបានច្រើន ដើម្បីជំរុញឲ្យក្រុមពលករដែលស្រឡាញ់សិល្ប:ឲ្យក្លាយជាតារាចម្រៀងអាជីពផង និងដើម្បីស្វែងរកមូលនិធិពីការប្រគំតន្ត្រីទាំងនោះ ធ្វើជាប្រយោជន៍ដល់គ្រួសារតារាកម្ពុជាប្រចាំនៅកម្ពុជា ឲ្យមានលទ្ធភាពប្រើប្រាស់ជួយដល់តារាសិល្ប:ខ្វះខាត និងជួយដល់ក្រុមក្មេងកំព្រាដែលក្រុមសិល្ប:នៅកម្ពុជាមួយនេះចង់ជួយផង។ លោកថានៅក្នុងប្រទេសកូរ៉េមានក្រុមពលករជាច្រើន ដែលមានទេពកោសល្យផ្នែកចម្រៀង ពិធីករ កំប្លែង និងបង្ហាញម៉ូដ ប៉ុន្តែពួកគេមិនមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួនជាសាធារណ:នោះទេ ដោយសារតែខ្វះអ្នកនាំផ្លូវ និងខ្វះមេកើយ អ៊ីចឹងហើយទើបលោកសម្រេចចិត្តប្រមូលគ្នាជាក្រុមគ្រួសារតារាកម្ពុជាមួយឡើងប្រចាំនៅក្នុងប្រទេសកូរ៉េ ដើម្បីរួមគ្នាឲ្យរឹងមាំដូចគ្នានឹងគ្រួសារតារាកម្ពុជានៅកម្ពុជា ជួយគ្នារួបរួមសាមគ្គីគ្នា ដើម្បីជាប្រយោជន៍ដល់សង្គមនៅកម្ពុជា។ លោកថាក្រុមថ្មីដែលនឹងលេចឡើងនៅក្នុងប្រទេសកូរ៉េនេះ នឹងចាប់ដៃគ្នារៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីឲ្យបានច្រើននៅក្នុងប្រទេសកូរ៉េ ជាពិសេសនៅក្នុងចំណោមក្រុមពលករកូរ៉េ ដោយអាចនឹងមានការធានាយកតារាពីប្រទេសកម្ពុជាយកទៅសម្ដែងផង ដើម្បីស្វែងរកមូលនិធិជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។ ក្នុងនោះតារាសិល្ប:ក្រីក្រខ្វះខាតនៅក្នុងប្រទេសកម្ពុជា ដែលប្រឈមនឹងការខ្វះខាត ក៏ក្រុមរបស់លោកនៅក្នុងប្រទេសកូរ៉េ នឹងជួយឲ្យទទួលបាននូវប្រាក់មូលនិធិ តាមរយ:រូបលោកដែលជាមេខ្យល់ធំក្រោយការបង្កើតក្រុម«គ្រួសារតារាកម្ពុជា»នៅក្នុងប្រទេសកូរ៉េផងដែរ។

ទន្ទឹមនឹងការប្រកាសបង្កើតក្រុម«គ្រួសារតារាកម្ពុជា»ឲ្យលេចចេញជារូបរាងនៅលើទឹកដីកូរ៉េនេះ លោក វិបុលឡាឡា ក៏ប្រកាសថានឹងចេញបទចម្រៀង Original Song ឲ្យបានតាមការគ្រោងទុកនៅអំឡុងចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរផងដែរ ដើម្បីវាយលុកទីផ្សារនៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យមានបទចម្រៀងផ្ទាល់ខ្លួន បន្ទាប់ពីបានហក់ចូលជាតារាចម្រៀងនៅក្នុងប្រទេសកូរ៉េ ហើយបានទាំងក្លាយជាមេក្រុមចម្រៀង និងវង់ភ្លេង GOG ដែលមានការទទួលស្គាល់ក្នុងក្រុមពលករនៅកូរ៉េនាពេលចុងក្រោយ។

លោករំពឹងថាបទចម្រៀងដែលនឹងចេញបង្ហោះ នឹងធ្វើឲ្យការចាប់អារម្មណ៍សម្រាប់លោក នឹងស្ទុះឈានឡើងក្រោយពីក្លាយជាមេក្រុម«គ្រួសារតារាកម្ពុជា»ប្រចាំនៅក្នុងប្រទេសកូរ៉េនេះផង។លោកវិបុលឡាឡា និយាយថាគោលបំណងមួយដែលលោកចង់បានគឺចង់ឲ្យក្រុមពលករដែលមានទេពកោសល្យបានក្លាយជាតារាអាជីពក្រោយពេលត្រឡប់មកស្រុកវិញ តាមរយ:ការបង្កើតសកម្មភាពសប្បុរសធម៌ច្រៀងរាំរបស់លោកដើម្បីឲ្យក្រុមពលករបានបង្ហាញសមត្ថភាព និងដើម្បីឲ្យតារាៗគ្រួសារតារាកម្ពុជានៅក្នុងប្រទេសកម្ពុជាបានទទួលស្គាល់តារាៗជាក្រុមពលករទាំងនោះនៅក្នុងវិស័យសិល្ប:។ ក្នុងនោះលោកក៏នឹងធ្វើឲ្យសមាជិករបស់ក្រុម GOG ល្បីឈ្មោះ តាមតែអាចធ្វើទៅបាននោះផងដែរ៕

មតិយោបល់