Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មាស សុខសោភា ន...

មាស សុខសោភា នឹងកាន់តែក្លាយជាខ្លាញី ក្រោយចូលហង្សមាស

បើទោះជាលោក មាស សុខរតន: នៅប្រកែកនៅឡើយ ស្របគ្នាដែលលោកករុណា ពេជ្រ អ្នកចាត់ការថ្មីនៅក្នុងផលិតកម្មថោន បានអះអាងថាគឺជារឿងមិនពិតក៏ដោយ ក៏តារាចម្រៀងកញ្ញា មាស សុខសោភា ត្រូវបានគេដឹងដោយមិនចំហរថាបានសម្រេចចិត្តកុងត្រាជាមួយផលិតកម្មហង្សមាសយ៉ាងរលូនទៅហើយ។ ប្រភពពីអ្នកទម្លាយព័ត៌មានគួរឲ្យទុកចិត្ត បានហៅការប្រកែករបស់អ្នកទាំងពីរ ថាជាយុទ្ធសាស្រ្តបំបិតព័ត៌មានដែលធ្លាប់បានធ្វើជាទម្លាប់ ស្របគ្នាដែលផលិតកម្មថោនក៍នៅមិនទាន់ចង់មានព័ត៌មានជុំវិញករណីនេះនៅឡើយ ដើម្បីកុំឲ្យខូចបទដែលមាស សុខសោភា នឹងត្រៀមចេញលក់ចុងក្រោយនៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខប៉ុណ្ណោះ។ កញ្ញាត្រូវបានគេអះអាងថានឹងក្លាយជាខ្លាញី កាន់តែខ្លាំងក្រោយសម្រេចចិត្តចូលហង្សមាស ដែលតាមការអះអាងគឺរហូតដល់ក្រោយចូលឆ្នាំទើបនាងចេញទៅ។

តបនឹងការប្រកែករបស់លោក មាស សុខរតន: និងលោកករុណា ពេជ្រ ប្រភពដែលអាចទុកចិត្តនៅតែបន្តអះអាងថា កញ្ញាមាស សុខសោភា នឹងចាកចេញពីថោនទៅកាន់ផលិតកម្មហង្សមាស ដោយមិនទាន់មានតម្រុយផ្លាស់ប្ដូរជំហរនៅឡើយទេ ដោយការចាកចេញរបស់នាងគឺមិនពាក់ព័ន្ធនឹងមុខតំណែងរបស់បងប្រុសនាងនៅក្នុងទូរទស្សន៍ថោននោះផង។ ប្រភពនោះបន្តថាកញ្ញានឹងទៅហង្សមាសនៅចូលឆ្នាំហើយ ហើយដោយសារនៅជិត៣ខែទៀតនៅឡើយ ទើបព័ត៌មានមួយនេះមិនត្រូវបានគេអនុញ្ញាតិឲ្យទម្លាយ ជាពិសេសគឺផលិតកម្មថោនតែម្ដង ដើម្បីកុំឲ្យខូចបទរបស់នាងដែលនឹងចេញលក់ក្នុងពេលចូលឆ្នាំ។ ការទម្លាយឲ្យដឹងនេះ គឺបន្ទាប់ពីមាស សុខសោភា និងក្រុមហ៊ុមហង្សមាសត្រូវគេដឹងថាបានជជែកគ្នា និងឯកភាពគ្នារួចហើយ ប៉ុន្តែដោយសារតែនាងនៅមានបទខ្លះពាក់ព័ន្ធនឹងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដែលត្រូវតែថតMV ឲ្យចប់សព្វគ្រប់ឲ្យថោនមុនពេលចាកចេញ ទើបនាងមិនអាចផ្ដាច់ខ្លួនពីថោននៅឡើយ ហើយត្រូវសម្ងំបំបិទព័ត៌មានរឿងរត់ចូលហង្សមាសនេះ កុំឲ្យមានការភ្ញាក់ផ្អើល។ បើទោះជាលោកករុណា ពេជ្រ បានហៅអ្នកសារព័ត៌មាន ដែលសរសេរតាមប្រភពមិនបញ្ចេញឈ្មោះថា ជាក្រុមអ្នកកាសែតអត់ជំនាញ ដែលចង់សំដៅថាមិនមានវិជ្ជាជីវ: ប៉ុន្តែការបកស្រាយរបស់លោកត្រូវគេជឿថាជាការបង្វែងដានច្រើនជាង ដោយសារតែលោកធ្លាប់បានប្រកែក និងច្រានចោលព័ត៍មានបែបនេះ ក្នុងពេលលោកធ្វើជាអ្នកនាំពាក្យឲ្យ សុគន្ធ និសា ក្នុងពេលនាងចេញពីថោន ទៅហង្សមាសគ្រាមុនដែរ។ ថ្វីដ្បិតថាការទម្លាយរបស់អ្នកបញ្ចេញព័ត៌មាននៅមិនទាន់មានភស្ដុតាងមកបញ្ជាក់ ព្រោះតែរយ:ពេលក្រោយចូលឆ្នាំនៅវែងឆ្ងាយទៀត តែគេនៅតែជឿជាក់ថាដំណឹងចាកចេញពីថោន របស់មាស សុខសោភា ទៅកាន់ហង្សមាស គឺជារឿងគួរជឿ ស្របគ្នាដែលនាងក៏គ្មានបទផ្ទុះទាល់តែសោះ ចាប់តាំងពីបងប្រុសរបស់នាងចាកចេញទៅកាន់ទូរទស្សន៍ ដែលធ្វើឲ្យនាងអន់ចិត្ត។

ប្រភពនោះបញ្ជាក់ថា មាស សុខសោភា បានកុងត្រាចូលក្នុងហង្សមាសរួចហើយ ហើយបើកុំតែ កុំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ផលិតកម្មថោន ដែលមិនចង់ឲ្យខូចបទចម្រៀងប៉ុន្មានបទចុងក្រោយ គឺនាងត្រូវទៅតាំងពីដើមខែកុម្ភ:ម្ល៉េះ។

មាស សុខសោភា ត្រូវគេជឿថានឹងក្លាយជាខ្លាញីកាន់តែល្បីនៅក្នុងពិភពចម្រៀង ពិសេសគឺនៅផលិតកម្មហង្សមាសដែលជាទ្រនំចុងក្រោយតែម្ដង បើទោះជាក្នុងផលិតកម្មនោះចម្រុះដោយតារាល្បីៗច្រើននាក់។ នោះគឺដោយសារតែនាងគឺជាតារាមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងរួចមកហើយ មានហ្វេនច្រើនរួចមកហើយ និងជាតារាដែលពូកែទាំងរាំ និងច្រៀងបទមនោសញ្ចេតនា មិនធម្មតា។ នាងត្រូវបានគេទម្លាយថា ត្រូវហង្សមាសផ្ដល់លក្ខណ្ឌឲ្យច្រើន បូករួមទាំងការផ្ដល់បទចម្រៀងឲ្យល្អៗច្រើនបទ និងការឡើងច្រៀងឆាកធំៗឲ្យបានញឹកញាប់ផង ទើបនាងព្រមទៅ។ យ៉ាងណាមិញ បើថោន ហ៑ានផ្ដល់លក្ខណ្ឌឲ្យនាងលើសពីអ្វីដែលហង្សមាសបានព្រមព្រៀង នាងអាចនឹងសុំលុបកុងត្រាជាមួយហង្សមាស ក៍ថាបាន៕

Loading...